អាជ្ញាធរ ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ
ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ បានដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពខណ្ឌ ដោយមានការចូលរួមពីគណៈអភិបាល អធិការនគរបាលខណ្ឌ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ ការិយាល័យនានាជុំវិញខណ្ឌ ចៅសង្កាត់ មេប៉ុស្តិ៍ និងស្មៀនសង្កាត់ទាំង១៣។
ក្នុងកិច្ចប្រជុំនោះលោកអភិបាលខណ្ឌបានធ្វើការណែនាំដល់អង្គប្រជុំលើខ្លឹមសារសំខាន់ៗដូចជា៖ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងមូលដ្ឋាន យកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព បង្កា បង្ក្រាប និងលប់បំបាត់បទល្មើសនានា កុំឲ្យកើតមានឡើងក្នុងមូលដ្ឋាន ជាពិសេសល្បែងស៊ីសង និងគ្រឿងញៀន និងបន្តធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះឲ្យបានជាប់ជាប្រចាំ។
ត្រូវបន្តយកចិត្តទុកដាក់បម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងឆាប់រហ័ស ដូចជាសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាព ជាដើម។ ត្រូវមានក្រុមបដិសណ្ឋារកិច្ចប្រចាំការនៅសាលាសង្កាត់ ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ។
លោកអភិបាលខណ្ឌជំនាញនិងអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ការងារអនាម័យបរិស្ថាន ត្រូវសម្អាតឲ្យបានស្អាតជាប្រចាំតាមផ្លូវនានា ដោយតាមបណ្តាសង្កាត់មានភ្នាក់ងារអនាម័យ និងតាមដានត្រួតពិនិត្យការប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រី ដោយសហការជាមួយការិយាល័យបរិស្ថានខណ្ឌ
ត្រូវបន្តចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ លប់បំបាត់ការដាក់តាំងលក់អាណាធិបតេយ្យលើចិញ្ចើមផ្លូវសាធារណៈ ទាំងអស់ក្នុងមូលដ្ឋាន។ចំពោះការត្រួតពិនិត្យរថយន្តដឹកជញ្ជូនតទ្រុងខុសបច្ចេកទេស ដឹកលើសទម្ងន់ និងរថយន្តដឹកជញ្ជូនដីខ្សាច់ ដែលដឹកហូរធ្លាក់តាមផ្លូវ ត្រូវចាត់វិធានការតាមដានត្រួតពិនិត្យ និងឃាត់ទុកឲ្យបាន ហើយយកមករក្សាទុក ឲ្យសម្អាតផ្លូវឡើងវិញ ដោយពុំមានការផាកពិន័យឡើយ ដើម្បីជាការព្រមាន។
លោកអភិបាលខណ្ឌបានសូមឱ្យសង្កាត់ទាំងអស់បន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋឲ្យបានត្រឹមត្រូវ ហើយបច្ចុប្បន្នរាជរដ្ឋាភិបាលបានអនុគ្រោះការបង់ពន្ធប្រថាប់ត្រា ដែលបានធ្វើការផ្ទេរសិទ្ធិច្រើនលើកមកហើយ ដោយបង់តែ១លើកចុងក្រោយ ហើយត្រូវផុតកំណត់នៅថ្ងៃទី៣១ ខែធ្នូ ខាងមុខនេះ ប្រសិនបើហួសពីនេះ នឹងត្រូវទទួលការពិន័យតាមផ្លូវច្បាប់៕