ក្រសួងសុខាភិបាល ណែនាំគណៈអភិបាលរាជធានីខេត្តទាំង២៥ ស្តីពីការបន្តអនុវត្តយុទ្ធនាការអប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋ ក្រោមប្រធានបទ “កូវីដ-១៩ បំប្លែងថ្មីអូមីក្រុងឆ្លងខ្លាំងជាងមុន អាចបណ្តាលឱ្យមានហានិភ័យដល់អ្នក និងគ្រួសារ”
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំង ២៥ , សេចក្ដីណែនាំបន្តអនុវត្តយុទ្ធនាការ អប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋ ក្រោមប្រធានបទ “កូវីដ-១៩ បំប្លែងថ្មីអូមីក្រុងឆ្លងខ្លាំងជាងមុន អាចបណ្តាលឱ្យមានហានិភ័យ ដល់អ្នកនិងគ្រួសារ” នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ និងបន្តធ្វើការអប់រំផ្សព្វផ្សាយនៅថ្ងៃ ជាបន្តបន្ទាប់ជាប់ជាប្រចាំនៅតាមមូលដ្ឋានរបស់រាជធានី-ខេត្ត។
យោងសារាចររបស់រាជរដ្ឋាភិបាល លេខ០២សរ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីការពង្រឹង ការអនុវត្តន៍វិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃវីរុសកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មីប្រភេទ “អូមីក្រុង” ចុះហត្ថលេខាដោយ សម្តេចអគ្គមហាសនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សំដៅទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩។
សេចក្ដីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ឯកឧត្តមរដ្ឋមន្ត្រីសូមជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់ជ្រាបថា រហូតមកដល់ពេលនេះវីរុសកូវីដ-១៩ បំប្លែងថ្មីនៅតែបន្តឆ្លងរីករាលដាលក្នុងសហគមន៍ ដោយយើងនៅតែរកឃើញករណីឆ្លងថ្មីជារៀង រាល់ថ្ងៃ ហើយក្នុងនោះក៏មានករណ៏ឈឺធ្ងន់ សម្រាកពេទ្យ និងករណីស្លាប់មួយចំនួនដែរក្នុងចំណោម ក្រុមអ្នកងាយរងគ្រោះ និងមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩។ យុទ្ធនាការអប់រំផ្សព្វផ្សាយអំពី វិធានការការពារជំងឺកូវីដ-១៩ បានធ្វើឡើងយ៉ាងច្រើនក្នុងរយៈពេលកន្លងមក ដោយមានការចូលរួម យកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម-លោកជំទាវអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងបានទទួលជោគជ័យក្នុងការគ្រប់គ្រងព្រឹត្តិការណ៍ចម្លងកូវីដ-១៩ នៅសហគមន៍ក្នុងពេលកន្លងមកប្រកបដោយប្រសិទ្ធភាព។ ប៉ុន្តែនៅពេលដែលព្រឹត្តិការណ៍សហគមន៍ នាឆ្នាំ២០២១ ត្រូវបានបិទបញ្ចប់ព្រមជាមួយការដំណើរការបើកឡើងវិញនូវសកម្មភាពសេដ្ឋកិច្ច និង សង្គមនានា ប្រជាពលរដ្ឋមួយចំនួនហាក់ធ្វេសប្រហែស ភ្លេចខ្លួនក្នុងការអនុវត្តន៍វិធានការសុខាភិបាល ត្រឹមត្រូវនិងហ្មត់ចត់ ដែលជាឱកាសដ៏ល្អសម្រាប់វីរុសកូវីដ-១៩ ធ្វើចរាចរយ៉ាងសកម្ម បង្កឱ្យមានការ ចម្លងជំងឺកូវីដ-១៩ ឡើងវិញសារជាថ្មី។ វត្តមានរបស់វីរុសកូវីដ-១៩បំប្លែងថ្មីនៅក្នុងពិភពលោកបង្ហាញថាការរាតត្បាតនៃជំងឺកូវីដ-១៩ នៅតែមិនទាន់បញ្ចប់បាននៅឡើយហើយនៅតជាហានិភ័យសុខ ភាពសាធារណៈសម្រាប់បណ្តាប្រទេសទាំងអស់ ទោះបីជាប្រទេសមួយចំនួនបានបន្ធូរបន្ថយវិធាន ការសុខាភិបាលមួយចំនួនហើយក៏ដោយ។ ដូច្នេះ យុទ្ធនាការអប់រំផ្សព្វ ផ្សាយជាបន្តនាពេលនេះ នៅ តែមានសារៈសំខាន់បំផុតដើម្បីឈានទៅសម្រេចបានការផ្លាស់ប្តូរឥរិយាបថប្រកបដោយនិរន្តរភាព របស់ប្រជាជនក្នុងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មីជាមួយនឹងវត្តមានវីរុសកូវីដ-១៩។
ក្នុងន័យនេះ ដើម្បីកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មីនេះឱ្យបានឆាប់បំផុត សម្តេចតេជោនាយករដ្ឋមន្ត្រី បានចេញសារាចរណែនាំដល់គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ គណៈអភិបាលរាជធានី-ខេត្ត យន្តការដែលមានការពាក់ព័ន្ធទាំងអស់បន្តអប់រំផ្សព្វផ្សាយដល់ ប្រជាជនអំពីហានិភ័យនៃជំងឺកូវីដ-១៥ និងជំរុញការអនុវត្តវិធានការ ៣ការពារ និង៣កុំ និងចាក់វ៉ាក់ សាំងកូវីដ-១៩”។ អនុលោមតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជានេះ អនុគណៈកម្មការ អប់រំ បណ្ដុះបណ្ដាល និងទំនាក់ទំនងសាធារណៈ (អ.ប.ទ) នៃគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹង ជំងឺកូវីដ-១៩ បានរៀបចំបន្តធ្វើយុទ្ធនាការជាតិក្រោមប្រធានបទ”កូវីដ-១៩បំប្លែងថ្មីអូមីក្រុងឆ្លងខ្លាំង ជាងមុនអាចបណ្តាលឱ្យមានហានិភ័យដល់អ្នកនិងគ្រួសារ ដើម្បីជំរុញការទទួលខុសត្រូវរបស់ បុគ្គល គ្រួសារ សហគមន៍ និងស្ថាប័នពាក់ព័ន្ធ ជាពិសេស អាជ្ញាធរមូលដ្ឋាន រួមគ្នាទទួលខុសត្រូវក្នុង ស្មារតីសាមគ្គីភាព ដើម្បីកាត់ផ្ដាច់ខ្សែចម្លងវីរុសកូវីដ-១៩ បំប្លែងថ្មី ឱ្យមាននិរន្តរភាពនៃការរស់នៅ ជាមួយនឹងវីរុសកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីផងដែរ។
លើសពីនេះ យុទ្ធនាការនាពេលនេះ ក៏ក្នុងគោលបំណងដើម្បីពញ្ញាក់ស្មារតីប្រុងប្រយ័ត្នរបស់ បុគ្គលគ្រប់រូប គ្រួសារ និងសហគមន៍ ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ឡើងវិញ ក្នុងការបន្តប្រកាន់ ខ្ជាប់នូវវិធានការសុខាភិបាល “៣ការពារ និង៣កុំ” ព្រមទាំងទទួលយកការវាក់សាំងឱ្យបានឆាប់បំផុត ទាំងដូសមូលដ្ឋាន និងដូសជំរុញ ដើម្បីទប់ស្កាត់នូវហានិភ័យធ្ងន់ធ្ងរដល់សុខភាព ដល់ដំណើរការ សង្គម និងសេដ្ឋកិច្ច។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាល រាជធានី-ខេត្តទាំងអស់ ចាត់ចែងរៀបចំ និងចូលរួមជំរុញយុទ្ធនាក្រោមប្រធានបទដូចបានបញ្ជាក់ជូន ខាងលើនេះស្រាប់ ចាប់ពីពេលនេះតទៅ ដោយរៀបចំសកម្មភាពអប់រំផ្សព្វផ្សាយជាប្រចាំតាមការ ណែនាំរបស់ អ.ប.ទ ដូចជាការបិទតាំងបដា រូបភាពផ្ទាំងធំ តាមទីតាំងសំខាន់ៗក្នុងខេត្ត ស្រុក ឃុំ ភូមិ ការផ្សព្វផ្សាយសារយុទ្ធនាការតាមបណ្ដាញសង្គម និងបណ្តាញផ្សព្វផ្សាយក្នុងខេត្ត ការផ្សព្វផ្សាយ តាមឧបករណ៍បំពងសម្លេង និងការចុះអប់រំផ្សព្វផ្សាយដោយប្រើសារដែលបានបង្កើតឡើងដោយក្រុម ការងារ អ.ប.ទ (ដូចមានជួនភ្ជាប់ក្នុង Link https://youtu.be/uQKx5Z2pFV4) ព្រមទាំងចុះត្រួតពិនិត្យ ផ្ទាល់ និងលើកទឹកចិត្តប្រជាជនឱ្យបន្តអនុវត្តវិធានសុខាភិបាល “៣ការពារ និង៣កុំ” នៅតាមទីតាំង ដែលមានហានិភ័យ ដូចជាទីផ្សារ ទីតាំងដែលមានមនុស្សច្រើន ប្រជុំជន ភោជនីយដ្ឋាន រោងចក្រ សាលារៀនជាដើម និងជំរុញគាំទ្រឱ្យប្រជាពលរដ្ឋមកទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់គ្រប់ ប្រជាជនគោលដៅឱ្យបានលឿនផងដែរ៕