ជម្រុញនិងពង្រឹងប្រសិទ្ធភាព និរន្តរភាពនៃការងារព្យាបាល បង្ការ ថែទាំបន្ត និងកាត់បន្ថយគ្រោះថ្នាក់បណ្តាល មកពីការប្រើប្រាស់គ្រឿងញៀន
ភ្នំពេញ៖ ក្រុមមន្រ្តីបច្ចេកទេសការងារព្យាបាលអ្នកញៀនគ្រឿងញៀន របស់រាជរដ្ឋាភិបាល និងអង្គការដៃគូ ជួបប្រជុំគ្នាដោះស្រាយ បញ្ហាអ្នកញៀនគ្រឿងញៀន នៅខេត្តព្រះសីហនុ។
លោកស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា សេវា
ព្យាបាលអ្នកញៀនគ្រឿញៀន ដោយផ្អែកលើសហគមន៍តាមមូលដ្ឋានសុខាភិបាល ទូទាំងខេត្តព្រះសីហនុមាន១១ទីតាំង ដែលបានផ្តល់សេវាព្យាបាល ផ្នែកសុខភាពផ្លូវចិត្តនិងគ្រឿងញៀន។
លោកស្រី ឧត្តមសេនីយ៍ ជ័យ បុប្ផា បានថ្លែងគាំទ្រចំពោះការរៀបចំកិច្ចប្រជុំដ៏មានសារសំខាន់នេះ ដែលជាការចូលរួមចំណែក ក្នុងការការអនុវត្តផែនការសកម្មភាព នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ជាពិសេសពង្រឹងភាពជាដៃគូ រវាងវិស័យសុខាភិបាល រដ្ឋអំណាចមូលដ្ឋាន និងមន្រ្តីអនុវត្តច្បាប់ក្នុងការព្យាបាលអ្នកញៀនគ្រឿងញៀន ដោយផ្អែកលើសហគមន៍ ជាមួយគ្នានេះការចូលរួមរបស់មន្រ្តីអនុវត្តច្បាប់ និងអាជ្ញាធរមូលដ្ឋានក្នុងការបញ្ជូនអ្នកញៀនគ្រឿងញៀន ទទួលយកសេវាព្យាបាលនៅតាមមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាពនិងការងារសម្របសម្រួលជាមួយដៃគូពាក់ព័ន្ធក្នុងសហគមន៍មូលដ្ឋាន។
ក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល បានប្រសាសន៍ថា ក្នុងឆមាសទី១ ឆ្នាំ២០១៨មានអ្នកញៀនគ្រឿងញៀនចំនួន៣២៣១នាក់ បានមកយកសេវាព្យាបាលអ្នកញៀនគ្រឿងញៀន នៅតាមមូលដ្ឋានសុខាភិបាលមានមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ចំនួននេះមានការកើនឡើង១០០ភាគរយ បើធៀបឆ្នាំ២០១៧ ហើយកន្លងមកប្រទេសកម្ពុជា បានទទួលជោគជ័យ ក្នុងការទប់ស្កាត់ ការរីករាលដាលនៃការឆ្លងមេរោគអេដស៍ ហើយបានទទួលពានរង្វាន់គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ក្នុងការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។
ក្នុងឱកាសនោះដែរ លោកស្រី ឱ វណ្ណឌីន បានថ្លែងបន្តដោយអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ មេត្តាបន្តផ្តល់ការគាំទ្រ ដល់ក្រសួងសុខាភិបាល ក្នុងការកៀរគរប្រភពថវិកា និងបច្ចេកទេស ដើម្បីជម្រុញនិងពង្រឹងប្រសិទ្ធភាព និរន្តរភាពនៃការងារព្យាបាល បង្ការ ថែទាំបន្ត និងកាត់បន្ថយគ្រោះថ្នាក់បណ្តាល មកពីការប្រើប្រាស់គ្រឿងញៀន ការស្តារនីតិសម្បទាអ្នកញៀន និងការធ្វើសមាហរណកម្មអ្នកញៀនគ្រឿងញៀន ដែលជាសះស្បើយទៅរស់នៅក្នុងគ្រួសារ និងសហគមន៍វិញ៕