មេបញ្ជាការកម្លាំងរក្សាសន្តិភាពជាស្ត្រីរបស់ប្រទេសកម្ពុជាមួយរូប បានទទួលមេដាយពីអង្គការសហប្រជាជាតិ
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានសរសេរលើបណ្តាញ ទំនាក់ទំនងសង្គមនៅថ្ងៃទី១៥ ខែមីនានេះថា “ខ្ញុំសូមចូលរួមអបអរសាទរ ចំពោះ លោកស្រី វរសេនីយ៍ទោ ជា ម៉ៃសារ៉ស់ ដែលទើបទទួលបាន មេដាយអង្គការសហប្រជាជាតិ សម្រាប់ការកោតសរសើរ មេបញ្ជាការកងកម្លាំង រួមជាមួយនឹងការទទួល ស្គាល់យ៉ាងទូលំទូលាយ ចំពោះភាពក្លាហាន និងការប្តេជ្ញាចិត្តរបស់លោកស្រី។ លោកស្រី បានបំពេញបេសកកម្មនៅ ប្រទេសស៊ូដង់ខាងត្បូង និងព្រំប្រទល់លីបង់និងអ៊ីស្រាអែល ខណៈដែលត្រូវបានជ្រើសរើស យកមកផ្សព្វផ្សាយក្នុងយុទ្ធនាការ «ស្ត្រីដើម្បីពហុភាគីនិយម»។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងបន្ថែមថា កម្ពុជាដែលធ្លាប់ជាប្រទេស ហែកហួរដោយសង្រ្គាម បានបញ្ជូនកងកម្លាំងរក្សា សន្តិភាពជិត ៨ពាន់នាក់ ទៅកាន់ប្រទេសចំនួន៩ ចាប់តាំងពីឆ្នាំ២០០៦ មក។ ពិសេសដែរនោះ គឺការចូលរួមយ៉ាងសំខាន់ ពីសំណាក់ស្ត្រីកម្ពុជា ក្នុងការរក្សាសន្តិភាព នៅតាមតំបន់នានានៅ លើពិភពលោក។ កម្ពុជា នឹងបន្តជំរុញរបៀបវារៈ «ស្ត្រី សន្តិភាព និងសន្តិសុខ» នេះ។
លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា “យើងពិតមានមោទនភាព ចំពោះលោកស្រី ក៏ដូចជា បុគ្គលជាច្រើនរូបទៀត ដែលខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីបុព្វហេតុសន្តិភាព និងសន្តិសុខ នៃតំបន់និងពិភពលោក”៕