នាយឧត្តមសេនីយ៍ វង្ស ពិសេន ទទួលជួបពិភាក្សា ការងារទ្វេភាគីជាមួយ អគ្គមេបញ្ជាការកងទ័ពសឹង្ហបុរី
ភ្នំពេញ៖ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានទទួលជួបពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ឯក MELVYN ONG មេបញ្ជាការកងទ័ពសឹង្ហបុរី ដែលជំនួបនេះបានធ្វើឡើងនៅ សណ្ឋាគារសុខាភ្នំពេញ។
ក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្ដែងនូវការស្វាគមន៍ចំពោះវត្តមានរបស់អគ្គមេបញ្ជាការកងទ័ពសិង្ហបុរី ដែលបានមកចូលរួមដោយ ផ្ទាល់ក្នុងកិច្ចប្រជុំ អគ្គមេបញ្ជាការកងទ័ពអាស៊ាន លើកទី១៩ ដែលជាការផ្ដល់កិត្តិយស ដ៏សំខាន់ដល់កម្ពុជា។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ សង្ឃឹមថា សម្រាប់កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ាននៅថ្ងៃស្អែក លោកឧត្តមសេនីយ៍ នឹងចូលរួមផ្លាស់ ប្ដូរទស្សនៈល្អៗ ដើម្បីបន្តកសាង សហគមន៍អាស៊ាន ឲ្យឆ្ពោះទៅមុខ រក្សាបានសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។
ក្នុងកិច្ចឆ្លើយតប ឧត្តមសេនីយ៍ឯក MELVYN ONG បានសម្តែងនូវសេចក្តីរីករាយ ចំពោះការចូលរួម ដោយផ្ទាល់ក្នុង កិច្ចប្រជុំអគ្គមេបញ្ជាការ កងទ័ពអាស៊ានលើកនេះ ដែលជាឱកាសល្អសម្រាប់ កិច្ចពិភាក្សារបស់កងទ័ព នៃបណ្តាប្រទេស ជាសមាជិកអាស៊ាន៕