ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងកម្លាំងស្វ័យ ការពារជើងទឹកជប៉ុន ធ្វើទស្សនកិច្ច ពិនិត្យមើល សមិទ្ធផលនានា នៅមូលដ្ឋាន កងទ័ពជើងទឹករាម

48

ព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ កងកម្លាំងស្វ័យការពារជើងទឹកជប៉ុន បានធ្វើទស្សនកិច្ចពិនិត្យមើលសមិទ្ធផលនានា ដែលជាការអភិវឌ្ឍនៅមូលដ្ឋានកងទ័ពជើងទឹករាម ខេត្តព្រះសីហនុ។

ទស្សនកិច្ចរបស់កងកម្លាំងស្វ័យការពារជើងទឹកជប៉ុននេះ ដឹកនាំដោយ លោក Nogochi Yasushi មេបញ្ជាការកងពលធំបោសសម្អាតមីនទី១នៃកងកម្លាំង
ស្វ័យការពារជើងទឹកជប៉ុន និងលោក មិកាមិ ម៉ាសាហ៉ីរ៉ូ អគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ក្រោមការស្វាគមន៍ដោយភាគីកម្ពុជា គឺឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្រ។

ក្នុងដំណើរមកកាន់មូលដ្ឋានទ័ពសមុទ្ររាមនេះ កងទ័ពជើងទឹកកម្ពុជា យកនាវារបស់ខ្លួនទៅទទួលកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីធ្វើដំណើរតាមនាវា មកកាន់មូលដ្ឋានកងទ័ពជើងទឹករាម។ តាមរយៈការធ្វើដំណើរតាមកប៉ាល់នេះ គឺបានផ្តល់ឱកាសឱ្យអគ្គរដ្ឋទូតជប៉ុន និងកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន ពិនិត្យមើលសកម្មភាពនៅជុំវិញតំបន់រាម។

ជាមួយគ្នានេះ នៅពេលមកដល់មូលដ្ឋានកងទ័ពជើងទឹករា ម ឧត្តមនាវីឯក អ៊ុក សីហា បានធ្វើដំណើរដោយថ្មើរជើងជាមួយ អគ្គរដ្ឋទូតជប៉ុន និង លោក Nogochi Yasushi ពិនិត្យមើលសមិទ្ធផលនានា ដែលជាការអភិវឌ្ឍ នៅក្នុងមូលដ្ឋានកងទ័ពជើង
ទឹករាម។ បន្ទាប់មកភាគីទាំងពីរ បានជួបពិភាក្សាគ្នា ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹកប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាង គណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រកម្ពុជា និងកងកម្លាំងស្វ័យការពារជើងទឹកជប៉ុនផងដែរ។ បន្ថែមពីនេះ នៅពេលមកដល់មូលដ្ឋានកងទ័ពជើងទឹករាម កងកម្លាំងស្វ័យការពារជើងទឹកជប៉ុន ក៏បានចុះពិនិត្យរោងជាង ដែលជាកន្លែងសម្រាប់ជួសជុលថែទាំនាវារបស់កម្ពុជាផងដែរ។

សូមបញ្ជាក់ថា នាវាស្វ័យការពារជើងទឹកជប៉ុនចំនួនពីរគ្រឿង និងនាវិកប្រមាណ ២០០នាក់ បានចូលចតនៅកម្ពុជានាព្រឹកថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២នេះ ដើម្បីអបអរសាទរខួប៣០ឆ្នាំនៃការបំពេញបេសកកម្មរក្សាសន្តិភាពរបស់ជប៉ុននៅកម្ពុជា។ នាវាស្វ័យការពារជើងទឹកជប៉ុន ដែលចូលមកសំចតនៅកម្ពុជានេះរួមមាន
៖ នាវាដែលមានឈ្មោះថា JS URAGA និង JS HIRADO។ នាវា JS URAGA លេខ៤៦៣ ជាប្រភេទនាវាប្រឆាំងមីនមានបណ្ដោយ ១៤១ម៉ែត្រ ទទឹង២២
ម៉ែត្រ ជម្រៅទឹក ៥.៤ម៉ែត្រ មានទម្ងន់ផ្ទុកជិត ៦ពាន់តោន និងមាននាវិកចំនួន ១២៦នាក់៕

អត្ថបទដែលជាប់ទាក់ទង