តើអ្នកដឹងទេថា ពហុកីឡដ្ឋានជាតិមរតកតេជោ ជាប់ចំណាត់ថ្នាក់លេខ ៦ពិភពលោក
ភ្នំពេញ៖តើអ្នកដឹងទេថាតាមការវាយតម្លៃរបស់ គេហទំព័រដ៏ធំមួយលើ ពិភពលោកឈ្មោះStadiumbនោះថាពហុកីឡដ្ឋានជាតិមរតកតេជោ របស់កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៦ លើពិភពលោក ។
មានពហុកីឡដ្ឋានចំនួន២៣ជុំវិញ ពិភពលោកដែលត្រូវវាយតម្លៃថា ពហុកីឡដ្ឋានជាតិមរតកតេជោ ជាពហុបកីឡដ្ឋានដ៏ល្អប្រចៃឆ្នាំ២០២១ (Stadium of the Year 2021)។
ចំណាត់ថ្នាក់លេខ១ បានទៅ ពហុកីឡដ្ឋាន Estadio El Sadar របស់អេស្ប៉ាញ និងចំណាត់ថ្នាក់ក្រោយគេ បានទៅពហុកីឡដ្ឋាន Q2 Stadium របស់អាមេរិក។
វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ កើតឡើងដោយគំនិត ផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និង ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង ដែលជាផ្លែផ្កានៃ កិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌ យុទ្ធសាស្ត្រ «ខ្សែក្រវាត់ និងផ្លូវ» ក្រោមជំនួយហិរញ្ញប្បទាន ឥតសំណងរបស់ សាធារណរដ្ឋប្រជាមានិតចិន ក្នុងទឹកប្រាក់ប្រមាណ ១,១ប៊ីលានយ័ន ត្រូវនឹងប្រមាណ ១៥០លានដុល្លារ អាមេរិក។ សំណង់នេះសាងសង់ លើផ្ទៃដីទំហំ ១៦,៤ ហិកតា ផ្ទៃក្រឡាសំណង់ អគារ ៨៦,០០០ ម៉ែត្រការ៉េ ដែលអាចផ្ទុកអ្នកទស្សនាបានចំនួន៦ម៉ឺននាក់។
វិមានកីឡដ្ឋាននេះ សាងសង់ឡើង ក្រោមទស្សនទានប្រជាសាស្រ្ដជាធំ ដែលជាគោលដៅបម្រើសុខុមាលភាព សោភ័ណភាព រក្សាប្រព័ន្ធអេកូឡូស៊ី និងបរិស្ថានកម្រិតខ្ពស់។ ក្នុងនោះ ធាតុផ្សំនៃអរិយធម៌ខ្មែរដ៏សម្បូរបែប ត្រូវបានដាក់ជាធាតុចូលដ៏សំខាន់ក្នុងរូបភាពសំណង់ទាំងមូល ដូចជា៖ រូបរាងសំពៅ និមិត្តរូប ដៃ សំពះ ដែលមាន ក្នុងរចនាបថសំណង់ស្ថាបត្យកម្មខ្មែរ បាននិម្មិតចេញ ជាទស្សនីយភាពថ្មី ប្លែក និងអស្ចារ្យ។ ប៉មខ្ពស់ទាំងពីរ ដែលមានកម្ពស់ ៩៩ម៉ែត្រ ជាសក្ខីភាពនៃថាមពលដ៏រឹងមាំ នៃស្មារតីមិត្តភាព សាមគ្គីភាព និងសន្តិភាពជាអមតៈលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។
ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍-Olympic Council of Asia (OCA) ក្រោមការគាំទ្ររបស់ គណ:កម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានសម្រេចយល់ព្រម និងអនុញ្ញាតឱ្យកម្ពុជាធ្វើជា ម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ (Asian Youth Games 2029 AVG 2029) តាមសំណើរបស់ រាជរដ្ឋាភិបាលកម្ពុជា។
ពហុកីឡដ្ឋាននេះមិនត្រឹមតែសម្រាប់ ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ប៉ុណ្ណោះទេ តែជាកន្លែងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ (Asian Youth Games 2029 AVG 2029) តាមសំណើរបស់ រាជរដ្ឋាភិបាលកម្ពុជាទៀតផង ៕