នាយឧត្តមសេនីយ៍ វង្ស ពិសេន ទទួលជួបពិភាក្សា ការងារទ្វេភាគី ជាមួយអគ្គសេនាធិការ កងទ័ពឥណ្ឌូនេស៊ី
ភ្នំពេញ៖ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំ អគ្គមេបញ្ជាការ កងទ័ពអាស៊ានលើកទី១៩នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ឧត្ដមសេនីយ៍ឯក EKO MARGIYONO នាយអគ្គសេនាធិការកងទ័ពឥណ្ឌូណេស៊ី បានដឹកនាំប្រតិភូចូល ជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅសណ្ឋាគារសុខាភ្នំពេញ។
នាឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្ដែងនូវការអរគុណចំពោះការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរបស់កងទ័ពឥណ្ឌូណេស៊ី ហើយបានចូលរួម បញ្ចេញទស្សនៈការគាំទ្រកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ ធ្វើឲ្យកិច្ចប្រជុំប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលជាទីមោទនៈ។
នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ក៏បានថ្លែងអំណរគុណដល់កងទ័ពឥណ្ឌូណេស៊ី ដែលកន្លងមកបាន ជួយបណ្តុះបណ្ដាល ធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ ឲ្យមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ការចូលរួម ក្នុងវិស័យយោធារបស់អាស៊ាន ព្រមទាំងការផ្ដល់មធ្យោបាយសម្ភារៈ គ្រឿងបំពាក់ជាច្រើនទៀត។
ក្នុងកិច្ចឆ្លើយតប ឧត្ដមសេនីយ៍ឯក EKO MARGIYONO បានថ្លែងអំណរគុណ នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ និងសហការី ដែលបានផ្ដល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ហើយបានវាយតម្លៃខ្ពស់ ចំពោះតួនាទីកម្ពុជា ក្នុងនាមជាប្រធាននៃកិច្ចប្រជុំអគ្គមេបញ្ជាការអាស៊ានលើកទី១៩ ។
ឧត្តមសេនីយ៍ឯក EKO MARGIYONO បានរំលេចនូវទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូនេស៊ី ដែលធ្លាប់មាន តាំងពីយូរមកហើយ ហើយបច្ចុប្បន្នឥណ្ឌូនេសុី នៅតែបន្ត កិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធថែមទៀត ក្រោយពីស្ថានភាព នៃការឆ្លងជំងឺកូវីដ បានធូរស្រាល៕