ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការអនុញ្ញាត ឲ្យអតីតបាតុករ៣នាក់ នៅក្រៅឃុំបណ្តោះអាសន្ន ដើម្បីធ្វើជាតំណាង ដោះស្រាយវិវាទជាមួយក្រុមហ៊ុន NAGA WORLD តាមច្បាប់ ហើយអ្នកទាំង៣សន្យាមិន ធ្វើការប្រមូលផ្តុំតវ៉ាទៀតឡើយ

270

 

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ម្សិលមិញ បានចេញដីកាអនុញ្ញាតឲ្យ អតីតបាតុករប្រឆាំងក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន៣នាក់ទៀត នៅក្រៅឃុំជាបណ្ដោះអាសន្ន ដើម្បីធ្វើជាតំណាងដោះស្រាយវិវាទការងារជាមួយក្រុមហ៊ុន NAGA WORLD ទៅតាមច្បាប់ ហើយអតីតបាតុករទាំង៣នាក់បានថ្លែងសន្យាថា នឹងមិនធ្វើការប្រមូលផ្តុំតវ៉ាទៀតឡើយ។

ជាមួយនោះដែរអតីតបាតុករទាំង៣នាក់ បានថ្លែងអំណរគុណ ចំពោះអាជ្ញាធររាជធានីភ្នំពេញ, សាលាដំបូងរាជធានីភ្នំពេញ ជាពិសេសក្រសួងការងារ និងរាជរដ្ឋាភិបាលកម្ពុជា។

អតីតបាតុករទាំង៣រូបនេះ រួមមាន៖ ទី១៖ ឈ្មោះ ជួប ចាន់ណាត, ទី២ឈ្មោះ សេង វណ្ណរិទ្ធ និងទី៣ឈ្មោះ សៅ សម្បតិ។ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ពួកគេបានដាក់ពាក្យស្នើសុំកិច្ចអន្តរាគមន៍ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការជួយសម្របសម្រួលឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ដើម្បីធ្វើជាតំណាងដោះស្រាយវិវាទការងារជាមួយក្រុមហ៊ុន NAGA WORLD ទៅតាមច្បាប់ ព្រមទាំងសន្យាថា នឹងមិនធ្វើបាតុកម្មតវ៉ា ធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមទៀតឡើយ។

ក្នុងលិខិតដាក់ជូនរដ្ឋមន្រ្តីក្រសួងការងារ បាតុករទាំងនេះ បានលើកឡើងដូច្នេះថា៖ ដើម្បីដោះស្រាយបញ្ចប់បញ្ហាវិវាទជាមួយក្រុមហ៊ុនណាហ្គាលវើលដ៏ ក៏ដូចជាផលប្រយោជន៍ស្របច្បាប់ គ្រប់ភាគី ខ្ញុំសូមអំពាវនាវដល់បុគ្គលិក និងអតីតបុគ្គលិករបស់ក្រុមហ៊ុនណាហ្កាលវើលដ៏ទាំងអស់ដូចខាងក្រោម៖

១៖ ចំពោះបុគ្គលិក និងកម្មករកំពុងធ្វើកូដកម្មមិនទាន់បានចូលធ្វើការវិញ សូមចូលធ្វើការទាំងអស់គ្នា ដើម្បីការពារផលប្រយោជន៍នៅកន្លែងការងារ និងបង្កបរិយាកាសសម្រាប់ដោះស្រាយវិវាទតាមផ្លូវច្បាប់។

២៖ ចំពោះបុគ្គលិកដែលក្រុមហ៊ុនណាហ្គាវើលដ៏ បញ្ឈប់ពីការងារ សូមសម្រាកនៅផ្ទះ ឬរក្សាភាពស្ងប់ ស្ងាត់ដើម្បីបង្កបរិយាកាសសម្រាប់យើងខ្ញុំចរចារជាមួយក្រុមហ៊ុនណាហ្គាលវើលដ៏និងក្រសួងការងារ ដើម្បីស្វែង រកដំណោះស្រាយ និងទូទាត់សំណងតាមផ្លូវច្បាប់ជូនដល់បងប្អូន។

៣៖ ចំពោះបុគ្គលិក ដែលបានចូលរួមធ្វើកូដកម្មកន្លងមក សូមឲ្យក្រុមហ៊ុនកុំមានគំនុំគុំគួន ឬដាក់ទោសទណ្ឌ ឬបង្ខំធ្វើកិច្ចសន្យាផ្សេងៗឡើយ។

ពួកគេបានបញ្ជាក់ថា «ដើម្បីឈានទៅបញ្ចប់បញ្ហាទាំងនេះ ជាពិសេសការដោះស្រាយ និងទូទាត់សំណងតាមផ្លូវច្បាប់ជូនកម្មករ ដែលត្រូវក្រុមហ៊ុនណាហ្គាលវើលដ៏ បញ្ឈប់ពីការងារ យើងខ្ញុំសំណូមពរដល់ក្រសួងមានសមត្ថកិច្ច ជាពិសេសស ក្រសួងការងារ សូមមេត្តាជួយអន្តរាគមន៍តាមផ្លូវច្បាប់ដើម្បីឲ្យពួកយើងខ្ញុំ បាននៅក្រៅឃុំជាបណ្តោះអាសន្នចូល រួមទៅដោះស្រាយវិវាទខាងលើ ដោយយើងខ្ញុំសូមសន្យាថា សហការជាមួយអាជ្ញាធ ក្នុងការអនុវត្តឲ្យបានម៉ឺងមាត់ នូវវិធានការសុខាភិបាល មិនរារាំងការយកសំណាក មិនធ្វើការប្រមូលផ្ដុំតវ៉ា ឬដឹកនាំការតវ៉ាណាមួយដែលប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមជាតិឡើយ»។

សូមបញ្ជាក់ថា បន្ទាប់ពីមានលិខិតស្នើសុំស្រដៀងគ្នានេះ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងឲ្យមនុស្ស៨នាក់ ដែលជាអ្នកដឹកនាំបាតុកម្មដោយខុសច្បាប់របស់ក្រុមអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន។

មនុស្សទាំង៨នាក់ដែលត្រូវបានដោះលែងនេះ រួមមាន៖ ទី១៖ ឈ្មោះ ឈឹម ស៉ីថរ, ទី២៖ ឈ្មោះ រី សុវណ្ណឌី, ទី៣៖ ឈ្មោះ ស៊ុន ស្រីពេជ្រ, ទី៤៖ ឈ្មោះ ហៃ សុភាព, ទី៥៖ ឈ្មោះ ឃ្លាំង សុបិន្ដ, ទី៦៖ ឈ្មោះ ទូច សិរីមាស, ទី៧៖ ឈ្មោះ សុខ ណារិទ្ធ និងទី៨៖ ឈ្មោះ ឈឹម សុខន៕

អត្ថបទដែលជាប់ទាក់ទង