បន្លែនិងដំណាំហូបផ្លែជា ច្រើនមុខ របស់កសិករ នៅខេត្តមណ្ឌលគិរីកំពុងផ្គត់ផ្គង់តាមទី ផ្សារទំនើបៗ នៅរាជធា នីភ្នំពេញហើយបច្ចិប្បន្ននេះ
មណ្ឌលគិរី៖ បន្លែ ក៏ដូចជាដំណាំហូបផ្លែ និង ផ្លែឈើជាច្រើនមុខ របស់កសិករ នៅ ខេត្តមណ្ឌលគិរី កំពុងមានការចាប់អារម្មណ៍ច្រើនពីប្រជាពលរដ្ឋទូទៅ ហើយបច្ចុប្បន្ននៅតាមផ្សារទំនើបៗ ដូចជា ផ្សារអ៊ីអន១,២ និងផ្សារឡាក់គី បាននាំយកកសិផលរបស់ប្រជាកសិករទៅដាក់តាំងលក់ ដោយទទួលបានការគាំទ្រយ៉ាងលើស លប់ នេះបើតាមការបញ្ជាក់ របស់លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តមណ្ឌលគិរី ក្នុងការចុះប្រមូលផលដំណាំខ្ទឹមស របស់កសិករ ឈ្មោះ ភិន ផន ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ កាលពីថ្ងៃទី១៨ខែមីនា ឆ្នាំ២០២២នេះ។
លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងនៅថ្ងៃទី១៨ មីនា ២០២២នេះថា ៖ ដោយមើលឃើញពីសក្តានុពលអំណោយផល ទាំងដី និងអាកាសធាតុ មន្ទីរកសិកម្ម បានខិតខំស្រាវជ្រាវរកពូជដំណាំផ្សេងៗ ដែលមានទីផ្សារក្នុងស្រុកតែមិនមានការដាំដុះ តម្រូវឲ្យមានការនាំចូលពីប្រទេសជិតខាង ដើម្បីជំរុញដល់កសិករដាំសម្រាប់ផ្គត់ផ្គង់ដល់សេចក្តីត្រូវការរបស់អ្នកបរិភោគ ដូចជា ដំឡូងបារាំង និងខ្ទឹមសជាដើម។
លោកប្រធានមន្ទីរ បានបន្តថា៖. ក្រោយពីផ្តល់ពូជដំណាំខ្ទឹមស ដល់កសិករដាំដុះរួចមក មន្ត្រីជំនាញអាចធ្វើការវិភាគនិងកំណត់បានថា ខ្ទឹមសពិតជាអាចដាំដុះបានល្អនៅខេត្តមណ្ឌលគិរី សម្រាប់ទិន្ឋផលក្នុងមួយហិកតា ទទួលបានចាប់ ពី១០តោនទៅ១២តោន ពោលអាចលើសនេះ ទៅតាមការថែទាំជាក់ស្តែង។ គិតតាមការដក ពិសោធន៍ជាក់ស្តែងរបស់កសិករឃើញថា ការដាំខ្ទឹមស ចំណាយ ១ហិកតាអស់ ៨ ៧៧០០ ០០០៛ ទទួលបានចំណូល ២២ ៥០០ ០០០៛ និងផលចំណេញរយៈពេលដាំដុះ ៤ខែទទួលបានចំណូល ១៣ ៧៣០ ០០០៛ ។
កសិករឈ្មោះ ភិន ផន រស់នៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ បានឲ្យដឹងថា៖ លោកបានចាប់ផ្តើមសាកល្បងដាំមើមខ្ទឹមសនេះ ពីរឆ្នាំមកហើយ ដោយទទួលការ ជំរុញពីមន្ទីរកសិកម្មខេត្ត ទាំងពូជ និងបច្ចេកទេស។
លោក ភិន ផន បានបន្តថា៖ ក្នុងការដាំសាកល្បង ខ្ទឹមសកន្លងទៅឃើញថា ដំណាំនេះបានផ្តល់ផលគាប់ប្រសើរ ទាំងបរិមាណ និងតម្លៃ។
បើយើងប្រៀបធៀបនិងដាំណាំបន្លែផ្សេងៗ ខ្ទឹមសងាយស្រួលថែទាំ ចំណាយតិច និងលក់ចេញងាយស្រួលមិនខ្វះទីផ្សារឡើយ។ បើតាមកសិករខាងលើ បានបញ្ជាក់ថា៖ ខ្ទឹមសដែលលោកបានដាំ ប្រើរយៈពេលចាប់ពីបីខែកន្លះ ទៅ៤ខែ អាចដក់ប្រមូលផលបាន ចំណែកតម្លៃគឺពីរម៉ឺនរៀល ក្នុងមួយគីឡូក្រាម ៕ សំរិត