សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួល ជួបពិភាក្សា ការងារជាមួយរដ្ឋមន្ត្រីការបរទេស អារ៉ាប៊ីសាអូឌីត
ភ្នំពេញ ៖ នៅវិមានសន្តិភាព នារសៀលថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ Faisal bin Farhan Al Saud រដ្ឋមន្ត្រីការបរទេស អារ៉ាប៊ីសាអូឌីត។
នៅក្នុងជំនួបនេះ ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud
បានពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខ ពីសំណាក់ព្រះមហាក្សត្រ និងព្រះរាជទាយាទ ជូនចំពោះសម្ដេចតេជោ ហើយក៏បានគោរពជម្រាបជូនសម្ដេចតេជោថា ដំណើរទស្សនៈកិច្ចរបស់ ព្រះអង្គម្ចាស់មកកាន់ ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺដើម្បីពង្រីកចំណងមិត្តភាព រវាងប្រទេសទាំងពីរផង និងដើម្បីពង្រីក កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរផង តាមរយៈកិច្ចពិភាក្សាជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គឺប្រទេសយើងទាំងពីរមានសក្តានុពលច្រើនសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការ ដូចជាវិស័យទេសចរណ៍ បច្ចេកវិទ្យា ថាមពល អប់រំ វប្បធម៌ កសិកម្ម។ល។
ក្នុងន័យនេះព្រះអង្គម្ចាស់សូមគោរពសុំការ គាំទ្រពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានយល់ស្រប ជាមួយព្រះអង្គម្ចាស់ ហើយក៏បានស្វាគមន៍ និងលើកទឹកចិត្តឲ្យព្រះអង្គម្ចាស់ជំរុញកិច្ចសហប្រតិបត្តិការ លើរាល់សកម្មភាព និងសក្តានុពល ដែលយើងមាន ជាពិសេសលើវិស័យទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម ការរៀបចំផែនការសកម្មភាព និងជំរុញការអនុវត្តឲ្យ បានជោគជ័យនាពេលខាងមុខ៕