ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមហាផ្ទៃ នឹងមានកិច្ចសហប្រតិបត្តិការ កាន់តែច្រើនឡើងថែមទៀត ជាមួយអង្គការមូលនិធិ Asia Foundation ពិសេស លើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ

252

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោក David Arnold ប្រធាន និងជានាយកប្រតិបត្តិមូលនិធិអាស៊ី Asia Foundation ចូលជួបសម្ដែងការគួរសម។

សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តីបាន ថ្លែងអំណរគុណអង្គការមូលនិធិ Asia Foundation ដែលចាប់តាំងពីមានវត្តមាន នៅកម្ពុជាជាច្រើនទសវត្សរ៍បានចូលរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍនៅកម្ពុជាតាមរយៈកម្មវិធីសំខាន់ៗរាប់ទាំងវិស័យរដ្ឋ និងឯកជន ការគាំទ្រយុវជន គាំទ្រការងារអភិបាលកិច្ចនៅមូលដ្ឋាន រួមទាំងផ្នែកខ្លះពាក់ព័ន្ធការងារពង្រឹងគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិដែលពាក់ព័ន្ធសមត្ថកិច្ចទទួលខុសត្រូវមួយផ្នែករបស់ក្រសួងមហាផ្ទៃផងដែរ។

សម្ដេចបានក៏បានសម្ដែងក្ដីសង្ឃឹមជឿជាក់ថាកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការ Asia Foundation និយាយជារួម និងដោយឡែកជាមួយក្រសួងមហាផ្ទៃកម្ពុជានឹងបន្តរីកចំរើនលូតលាស់កាន់តែខ្លាំងក្លាថែមទៀតនៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការក៏ដូចជាក្នុងសមត្ថកិច្ចឬវិសាលភាពការងាររបស់ក្រសួងហាផ្ទៃ និងជាវិសាលភាពការងារនិងការទទួលខុសត្រូវរបស់អង្គការ Asia Foundation តទៅអនាគត។

លោក David Arnold បានសម្ដែងនូវសេចក្ដីរីករាយនិងបានជម្រាបសម្ដេចក្រឡាហោមថាជាការពិតដូចអ្វីដែលសម្ដេចបានលើកឡើង អង្គការAsia Foundation បានធ្វើការងារលើវិស័យជាច្រើននៅកម្ពុជា ទាំងវិស័យអប់រំ ការលើកកម្ពស់យុវជន ការលើកកម្ពស់សមត្ថភាពនារីជាដើម ក្នុងនោះក៏មានកិច្ចសហប្រតិបត្តិការទាក់ទងនឹងសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការងារពង្រឹងគណនេយ្យភាពសង្គម ហៅកាត់ថា ISAF។

លោកក៏បានចូលរួមអបអរសាទរជាមួយសម្ដេចក្រឡាហោម ដែលនៅថ្ងៃទី២១ ខែមីនា ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជានឹងដាក់ឱ្យដំណើរការផែនការជាតិរយៈពេល១០ឆ្នាំបន្តទៀត ដែលនេះជាសមិទ្ធផលមួយក្នុងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។ លោកក៏យកឱកាសនេះចូលរួមជាមួយសម្ដេចក្រឡាហោមចំពោះការដាក់ឱ្យអនុវត្តផែនការ១០ឆ្នាំដំណាក់កាលទី២នេះផងដែរ។

ក្រៅពីនេះលោក Asi David Arnold ក៏បានសម្ដែងនូវការអរគុណចំពោះសម្ដេចក្រឡាហោម និងអង្គភាពពាក់ព័ន្ធរបស់ក្រសួងមហាផ្ទៃដែលតែងតែផ្ដល់នូវកិច្ចសហការយ៉ាងល្អប្រសើរដល់ប្រតិបត្តិការរបស់អង្គការមូលនិធិ Asia Foundation នៅកម្ពុជា។

សម្ដេចក្រឡាហោមក៏បានសេចក្ដីរីករាយចំពោះការចូលរួមចំណែករបស់អង្គការមូលនិធិ Asia Foundation នៅលើវិស័យសំខាន់ៗនៅកម្ពុជា។

សម្ដេចក៏មានក្ដីសង្ឃឹមថាពាក់ព័ន្ធនឹងសមត្ថកិច្ចក្រសួងមហាផ្ទៃតទៅអនាគតនឹងមានកិច្ចសហប្រតិបត្តិការកាន់តែច្រើនឡើងថែមទៀតជាមួយអង្គការមូលនិធិ Asia Foundation ពិសេសលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយសម្ដេចផ្ទាល់ក៏ត្រៀមខ្លួនជានិច្ចក្នុងការពិភាក្សាទៅលើបញ្ហាផ្សេងក្នុងករណីមានត្រូវការ។

មុននឹងបញ្ចប់ សម្ដេចក្រឡាហោមក៏បានថ្លែងអំណរគុណ និងជូនពរជាថ្មីទៀត ដល់លោកប្រធានមូលនិធិ Asia Foundation ព្រមទាំងសហការីសូមមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងភារកិច្ច៕

អត្ថបទដែលជាប់ទាក់ទង