ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកXi Jinping ប្រធានាធិបតីចិន ជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងចិននិងអាស៊ាន ឱ្យទទួលបានការអភិវឌ្ឍន៍ឥតឈប់ឈរ

33

 

ភ្នំពេញ ៖ បើតាមការផ្សាយព័ត៌មានរបស់ស្ថានទូតចិនប្រចាំកម្ពុជា , នារសៀលថ្ងៃទី១៨ខែមីនា ឯកឧត្តម Xi Jinping ប្រធានាធិបតីចិនបានជួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាដោយតាមរយៈទូរស័ព្ទ។

ឯកឧត្តម Xi Jinping មានប្រសាសន៍ថា ក្រោយការខិតខំប្រឹងប្រែងរួមគ្នារវាងចិននិងកម្ពុជា ទំនាក់ទំនងប្រទេសទាំងពីរ បានឆ្លងកាត់ការសាកល្បង និងមានភាពកាន់តែរឹងមាំមិនអាចបំបែកបាន។ ប្រឈមមុខនឹងការផ្លាស់ប្តូរជាសកលនិងការរាតត្បាតនៃជំងឺកូវីដដែលពុំធ្លាប់មានពីមុនមក ចិននិងកម្ពុជាបានជំរុញយ៉ាងម៉ឺងម៉ាត់ នូវការកសាងសហគមន៍វាសនារួម បង្កើតបានជាគំរូមួយសម្រាប់ការស្ថាបនាទំនាក់ទំនងអន្តរជាតិបែបថ្មី ភាគីទាំងពីរត្រូវតែរួមគ្នាកសាង“ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ ពន្លឿនជំរុញការកសាងគម្រោងធំៗមានដូចជា ផ្លូវល្បឿនលឿន អាកាសយានដ្ឋាន និងតំបន់សេដ្ឋកិច្ចពិសេស។ ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យរីកចម្រើនដូចជាហិរញ្ញវត្ថុ សេដ្ឋកិច្ចឌីជីថលជាដើម។ ត្រូវប្រើប្រាស់“កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់”និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជាឱ្យបានល្អប្រសើរ ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត។ ភាគីចិននឹងបង្កើនការនាំចូលកសិផលគុណភាពខ្ពស់របស់កម្ពុជា បង្កើតកិច្ចសហប្រតិបត្តិការដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនបន្ថែមទៀតជាមួយភាគីកម្ពុជា អនុវត្តគម្រោងដូចជាផ្លូវជនបទ ការអប់រំជាដើមឱ្យបានល្អ ជួយអភិវឌ្ឍកសិកម្មនិងជួយកសិករកម្ពុជា ឱ្យរួចផុតពីភាពក្រីក្រ។ ភាគីចិននឹងបន្តគាំទ្រកម្ពុជាប្រយុទ្ធប្រឆាំងជំងឺកូវីដ សហការជាមួយកម្ពុជាក្នុងការស្វែងរកម៉ូឌែលថ្មី សម្រាប់ទំនាក់ទំនងមនុស្សសាស្រ្តរវាងប្រទេសទាំងពីរ ដោយស្ថិតក្រោមបរិបទជំងឺកូវីដ-១៩។

ឯកឧត្តម Xi Jinping បានសង្កត់ធ្ងន់ថា ភាគីចិនគាំទ្រយ៉ាងមុតមាំនូវមជ្ឈភាពរបស់អាស៊ានក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ គាំទ្រអាស៊ានដើរតួនាទីកាន់តែសំខាន់លើកិច្ចការក្នុងតំបន់និងអន្តរជាតិ គាំទ្រកម្ពុជាក្នុងការទទួលតំណែងជាប្រធានប្តូរវេនអាស៊ានក្នុងឆ្នាំ២០២២នេះ និងរីករាយសហការជាមួយភាគីកម្ពុជានិងបណ្ដាប្រទេសក្នុងអាស៊ាន ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអាស៊ានឱ្យទទួលបានការអភិវឌ្ឍន៍ឥតឈប់ឈរ។

សម្ដេចតេជោ បានអបអរសាទរដោយស្មោះជូនចំពោះភាគីចិន សម្រាប់ភាពជោគជ័យ នៃការធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវរងានិងកីឡាប៉ារ៉ាឡាំពិករដូវរងាប៉េកាំង និងភាពជោគជ័យនៃការរៀបចំមហាសន្និបាតសភាទាំងពីរ ជឿជាក់ថាក្រោមការដឹកនាំដ៏រឹងមាំរបស់ឯកឧត្តមប្រធានាធិបតីចិន ប្រទេសចិននឹងទទួលបានសមិទ្ធផលផ្លែផ្កាកាន់តែច្រើន។ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងចិនមានការកើនឡើងឆាប់រហ័ស និងគម្រោងកសាងធំៗក្នុងក្របខ័ណ្ឌគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ត្រូវបានដំណើរការយ៉ាងរលូន បានបង្ហាញយ៉ាងច្បាស់អំពីសមិទ្ធផលនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិននិងការកសាងសហគមន៍វាសនារួមរវាងកម្ពុជា-ចិន បានបញ្ជាក់យ៉ាងច្បាស់អំពីកម្ពុជានិងចិនគឺជាបងប្អូនដែកថែបយ៉ាងពិតប្រាកដ។ កម្ពុជាប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ គាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះគោលជំហររបស់ចិន លើបញ្ហាទាក់ទងនឹងតៃវ៉ាន់និងស៊ីនជាំងជាដើម។ ភាគីកម្ពុជារីករាយចាប់យកខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរនៅឆ្នាំក្រោយជាឱកាស ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យដូចជា សេដ្ឋកិច្ចពាណិជ្ជកម្ម កសិកម្ម និងមនុស្សសាស្រ្តជាដើមឱ្យកាន់តែស៊ីជម្រៅ ជំរុញការកសាងរួមគ្នានៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” លើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិនឱ្យឈានដល់កម្រិតថ្មីមួយទៀត។ សូមថ្លែងអរគុណចំពោះជំនួយរបស់ភាគីចិន ជាសម្ភារៈនិងវ៉ាក់សាំងជូនដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ហើយសង្ឃឹមថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងជំងឺវីរុសមួយនេះ។ ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន ក្នុងឆ្នាំ២០២២នេះ កម្ពុជារីករាយបន្តជំរុញយ៉ាងសកម្ម​នូវការអភិវឌ្ឍន៍ទំនាក់ទំនងអាស៊ាន-ចិន។

ថ្នាក់ដឹកនាំទាំងពីរប្រទេស ក៏បានផ្លាស់ប្តូរយោបល់ ស្តីអំពីស្ថានភាពនៅអ៊ុយក្រែនផងដែរ។ ភាគីទាំងពីរយល់ឃើញដូចគ្នាថា គួរតែរក្សាជំហរប្រកប ដោយតុល្យភាពនិងយុត្តិធម៌ ខិតខំបញ្ចុះបញ្ចូលចរចាពិភាក្សា៕

អត្ថបទដែលជាប់ទាក់ទង