លទ្ធផលនៃសន្និសីទសារព័ត៌មានស្ដីពី “លក្ខខណ្ឌគុណភាព ឆ្លើយតប និងការនាំចេញកសិផល ទាក់ទងនឹង កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ និងចិន”
ភ្នំពេញ៖ សេចក្ដីប្រកាសព័ត៌មាន លើលទ្ធផលនៃសន្និសីទសារព័ត៌មានស្ដីពី “លក្ខខណ្ឌគុណភាពឆ្លើយតប និងការនាំចេញកសិផល ទាក់ទងនឹងកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ និងចិន”។
ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលបានរៀបចំសន្និសីទសារ ព័ត៌មាន ស្តីពី «លក្ខខណ្ឌគុណភាពឆ្លើយតប និងការនាំចេញកសិផល ទាក់ទងនឹងកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងចិន» ដែលមានវាគ្មិនចូលរួមគឺ៖
ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម
ខ្លឹមសារនៃសន្និសីទសារព័ត៌មាន មានគោលបំណងពន្យល់ ផ្សព្វផ្សាយដល់ សាធារណជនឱ្យ បានជ្រាបច្បាស់អំពី ផលិតភាពកសិកម្មរបស់កម្ពុជា ដែលអាចបង្កើន សក្តានុពលសម្រាប់នាំចេញទៅ កាន់ទីផ្សារប្រទេសចិន និងកូរ៉េ ក្នុងឱកាសកាលានុវត្តភាព ចូលរួមជំរុញនូវ កំណើនសេដ្ឋកិច្ចជាតិ និង ភាពល្អប្រសើរនៃជីវភាព រស់នៅរបស់ប្រជាកសិករកម្ពុជា។
កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល បានបន្តផ្តល់អាទិភាពទៅលើវិស័យកសិកម្ម ដែលជាវិស័យ នាំមុខមួយ ផ្ដល់នូវថាមពលបន្ថែម ដល់កំណើនសេដ្ឋកិច្ច និងចូលរួមវិភាគទាន យ៉ាងសំខាន់ដល់ការ កាត់បន្ថយភាពក្រីក្រ តាមរយៈការជំរុញ អនុវត្តកម្មវិធីការបង្កើនផលិតភាព ពិពិធភាវូបនីយកម្ម និង ពាណិជ្ជបនីយកម្មកសិកម្ម ជាមួយនឹងរបត់ថ្មីដើម្បីឈានឆ្ពោះទៅរកការលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាជន និងការពន្លឿនកំណើន សេដ្ឋកិច្ចជាតិឱ្យបានឆាប់រហ័ស។
ផលិតកម្មនាំចេញ ៖ ក្នុងឆ្នាំ២០២១ កសិផលដែលបាននាំចេញ ដោយផ្អែកលើប្រព័ន្ធទិន្នន័យ គ្រឹះភូតគាមអនាម័យ ជាតិ មានបរិមាណសរុប ៧,៩៨លានតោន ទៅកាន់៦៨ប្រទេស កើនឡើង ៣,១១លានតោន ស្មើនឹង ៦៣,៨៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមត៤,៨៧លានតោន ដែលក្នុងនោះ៖
អង្ករ ៦១៧ពាន់តោន ថយចុះចំនួន៧៤ពាន់តោន (-១០,៦៨%) បើធៀបនឹងបរិមាណនាំ ចេញក្នុងឆ្នាំ២០២០ ដែលសម្រេចបាន ៦៩១ពាន់តោន ដោយឡែក ការនាំចេញអង្ករទៅកាន់ ប្រទេសចិន មានចំនួន ៣១០ពាន់តោន កើនឡើង ២០ពាន់តោន ស្មើនឹង៧%។
ស្រូវ ប្រមាណ ៣,៥៣លានតោន ទៅកាន់ប្រទេសវៀតណាម កើនឡើង ១,៣៤លានតោន ស្មើ នឹង ៦១,១៦% បើធៀបនឹងឆ្នាំ២០២០ ដែលសម្រេចបានចំនួនត្រឹមតែ ២,១៩លានតោន។ កសិផលក្រៅពីស្រូវ-អង្ករ សម្រេចបានប្រមាណ ៥,១៨លានតោន កើនឡើងចំនួន ១,៦៨លាន តោន ស្មើនឹង ៤៨,១៤% បើធៀបនឹងឆ្នាំ២០២០ ដែលមានចំនួន ៣,៥០លានតោន។
សម្រាប់ដើមឆ្នាំ២០២២ ការនាំចេញផលិតផល កសិកម្មសំខាន់ៗ រួមមាន ស្រូវ អង្ករ ដំឡូងមី គ្រាប់ស្វាយចន្ទី គ្រាប់ពោត ចេកស្រស់ គ្រាប់សណ្ដែកបាយ ក្រូចថ្លុង ស្វាយស្រស់ ដំណាប់ស្វាយ ដូង ប្រេង ម្រេច សរុបប្រមាណ ២,៨២លានតោន កើនឡើង ៥១១ពាន់តោន ធៀបនឹងរយៈពេលដូចគ្ន ក្នុងឆ្នាំ២០២១។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) និងលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យ (SPS)៖
FTAs អនុញ្ញាតឱ្យមានការធ្វើ សេរីភាវូបនីយកម្មទីផ្សារផលិតផលកសិកម្ម ដោយជាប់របាំងពន្ធ គយក្នុងកម្រិតទាបជាងមុន ឬពុំជាប់របាំងពន្ធគយទាំងស្រុងជាច្រើនបន្ទាត់ពន្ធ ការនាំចេញទំនិញជា ផលិតផលកសិកម្មពីកម្ពុជា ត្រូវតែបំពេញតាមលក្ខខណ្ឌតម្រូវ របាំងអនាម័យ និងភូតគាមអនាម័យ (SPS) និងសុវត្ថិភាពចំណី អាហារដែលកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានរបស់ ប្រទេសនាំចូលជាដៃគូនៅក្នុង FTAs។ ការនាំទំនិញកសិកម្ម ឬចំណីអាហារ ចូលប្រទេសកម្ពុជា ក៏ស្ថិត ក្រោមរបបគ្រប់គ្រងស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹង SPS របស់កម្ពុជាផងដែរ។
SPS គឺជាវិធានការទាំងឡាយណា ដែលសំដៅទប់ស្កាត់ ការឆ្លងសមាសធាតុចង្រៃពីតំបន់មួយ ទៅតំបន់មួយ និងការបំផ្លាញដំណាំរបស់ប្រជាជន និងធានាបាននូវ សុវត្ថិភាពនៃដំណាំទាំងការកែច្នៃ ការវេចខ្ចប់ជាដើម។
ការចរចាបើកទីផ្សារសម្រាប់ផលិតផលកសិកម្ម គឺផ្ដោតសំខាន់លើប្រភេទទំនិញ ដែលមាន សក្តានុពលហានិភ័យ សមាសភាពចង្រៃខ្ពស់។ សមិទ្ធផលនៃការចរចា បើកទីផ្សារសម្រាប់ការនាំចេញ ផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារ៖
• ប្រទេសចិន៖ អង្ករនិងកល្ហុងអង្ករ ចំណិតដំឡូងមី គ្រាប់ពោត ផ្លែចេក និងផ្លែស្វាយស្រស់ • ប្រទេសកូរ៉េខាងត្បូង៖ ផ្លែស្វាយ។
ចំពោះផលិតផលកសិកម្ម ដែលមាន សក្តានុពលនាំចេញ និងត្រូវបានបញ្ចូល ទៅក្នុងផែនការ សកម្មភាពចរចា លើកទីផ្សារជាមួយប្រទេសចិនបន្ទាប់ មានដូចជា ដូង ម្រេច ស្រកានាគ ទឹកមាត់ ត្រចៀកកាំ ទុរេន ម្នាស់ ខ្នុរ និងក្រូចថ្លុង។
ការអនុវត្តវិធានការអនាម័យ និងភូតគាមអនាម័យ នៅមានបញ្ហាប្រឈមសំខាន់ៗ មួយចំនួន ដូចជា កង្វះហេដ្ឋារចនាសម្ព័ន្ធគាំទ្រសម្រាប់មន្ទីរពិសោធន៍ការពាររុក្ខជាតិ និងភូតគាមអនាម័យ ស្ថានីយពិសោធន៍ស្រាវជ្រាវ ហេដ្ឋារចនា សម្ព័ន្ធកសាង ទិន្នន័យវិទ្យាសាស្ត្រ វិទ្យាស្ថានការពាររុក្ខជាតិ និងភូតគាមអនាម័យ ហេដ្ឋារចនាសម្ព័ន្ធសម្រាប់លាងសម្អាត វេចខ្ចប់ និងសម្លាប់សមាសភាពចង នៅមិនទាន់ឆ្លើយ តបទៅនឹងទំហំផលិតកម្ម និងការនាំចេញនៅឡើយ៕