ជប៉ុន ប្រទះឃើញនាវាចម្បាំងរុស្ស៊ី ដឹករថយន្តយោធា ឆ្លងកាត់កោះរបស់ខ្លួន ទំនងទៅអ៊ុយក្រែន
បរទេស៖ បើតាប្រភពពីDaily Mail បានឲ្យដឹងថា នាវាចម្បាំងរុស្ស៊ីដែល ផ្ទុករថយន្តយោធា ជាច្រើនគ្រឿង ត្រូវបានគេប្រទះ ឃើញឆ្លងកាត់ច្រកសមុទ្រមួយ ក្នុងប្រទេសជប៉ុន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី១៧ខែមីនា ហើយអាច កំពុងធ្វើដំណើរ ទៅកាន់ប្រទេសអ៊ុយក្រែន។
ច្រកសមុទ្រ Tsugaru រវាងសមុទ្រជប៉ុន និងមហាសមុទ្រប៉ាស៊ីហ្វិក គឺជាចំណុចបំបែកកោះ Honshu និង Hokkaido ដែលជាកោះធំ ជាងគេទាំងពីររបស់ប្រទេស។
ប្រទេសរុស្ស៊ីបានរងការខាតបង់ យ៉ាងធ្ងន់ធ្ងរ ដែលជាហេតុជំរុញ ឲ្យមានការរំពឹងទុកថា លោក Putin អាចនឹង បញ្ជូនកងកម្លាំងបន្ថែមទៀត មកពីតំបន់ឆ្ងាយៗ។
យោងតាមការប៉ាន់ប្រមាណ នាពេលថ្មីៗនេះ កាំជ្រួចមីស៊ីល រាប់ពាន់គ្រាប់ និងរថក្រោះ ព្រមទាំងយន្តហោះរាប់រយគ្រឿង ក៏ត្រូវបាត់បង់ផងដែរ។
រូបថតមួយសន្លឹកដែលចេញផ្សាយ ដោយក្រសួងការពារជាតិជប៉ុន តាមរយៈទីភ្នាក់ងារសារព័ត៌មានក្យូដូ បានបង្ហាញ នាវាចម្បាំងរុស្ស៊ី ដែលកំពុងដឹករថយន្តយោធា។
អ្នកនាំពាក្យម្នាក់បាននិយាយថា “យើងមិនដឹងថាពួកគេកំពុងទៅណាឡើយ ប៉ុន្តែការចេញដំណើររបស់ពួកគេបង្ហាញថា ប្រទេសអ៊ុយក្រែនអាចជាទិសដៅ”។
អ្នកនាំពាក្យដដែលបន្ថែមថា វាជារឿងមិនធម្មតាទេ ដែលនាវារុស្ស៊ីឆ្លងកាត់ ច្រកសមុទ្រជិតនឹងទឹកដីជប៉ុនបែបនេះ៕