វៀតណាម នឹងជួយកម្ពុជា នៅស៊ីហ្គេមឆ្នាំ២០២៣
ភ្នំពេញ៖ឯកឧត្តមវ៉ាត់ ចំរើន នាយបេសកកម្មរបស់កម្ពុជា សម្រាប់ស៊ីហ្គេមបានប្រាប់ឲ្យ
ដឹងពីទីក្រុងហាណូយមកថា ម្ចាស់ផ្ទះវៀតណាមបានបើភ្លើងខៀវ ជួយដល់កម្ពុជា នាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងនាមជាប្រទេស មានអាទិភាពទៀតផង ។
ឯកឧត្តមមានប្រសាសន៍បែបនេះ នារសៀលថ្ងៃទី១៩មីនា ក្នុងអម្លុងដែលប្រតិភូកម្ពុជា
ចូលរួមទស្សនកិច្ចតាមទីលាន ប្រកួតនានាពិសេសពហុកីឡដ្ឋាន ដែលត្រៀមសម្រាប់ពិធីបើក
និងបិទស៊ីហ្គេម លើកទី៣១តែម្ដង ។
ទីលានប្រកួតមួយចំនួន ត្រូវបានរៀបចំ តុបតែងរួចរាល់ហើយ តែក៏មានទីលានមួយចំនួន
មិនទាន់រៀបចំរួចរាល់នោះទេ។
កម្ពុជានិងបណ្ដាប្រទេសជាសមាជិកអាស៊ាន មានជំនឿចិត្តថា ពេលវេលាដែលសល់ជាង មួយខែទៀតនោះវៀតណាម នឹងរៀបចំទាន់ពេលវេលាគ្រប់ហេដ្ឋា
រចនាសម្ព័ន្ធទាំងអស់ ។
ឯកឧត្តមនាយបេសកកម្មបន្ដថា អ្វីដែលសំខាន់សម្រាប់ការ ប្រជុំលើកនេះ ប្រតិភូកម្ពុជាបាន ស្នើសុំនូវចំណុចមួយចំនួន ឲ្យវៀតណាម ជួយដែលក្នុងនោះរួមមាន៖
ទី១៖កម្ពុជានឹងបញ្ជូន ប្រតិភូនិងអត្ដលិកទ្រង់ទ្រាយធំ ជាង៥០០នាក់ ក្នុងនោះមានប្រតិភូចូលរួម សិក្សាស្រាវជ្រាវរបស់ CAMSOC និងសហព័ន្ធកីឡាជាតិ (នាយកបច្ចេកទេស)។ ហេតុនេះយើងសំណូមពរ ឲ្យម្ចាស់ផ្ទះជួយសម្របសម្រួល រៀបចំការស្នាក់នៅហូបចុកការដឹក
ជញ្ជូនក៏ដូចជារៀបចំ ការផ្ទេរចំណេះដឹងទៅវិញ ទៅមកឮដល់ប្រតិភូរបស់យើង។ពិសេសការរៀបចំកម្រិត បដិសណ្ឋារកិច្ចជាន់ខ្ពស់ ជូនសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ដែលត្រូវអញ្ជើញចូលរួម ក្នុងពិធីផ្ទេរសិទ្ធិនិងទទួល ទង់ស៊ីហ្គេមដល់ កម្ពុជាបន្ដវេនធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម នាឆ្នាំ២០២៣។
នេះជាអ្វីដែលយើងត្រូវយកចិត្តទុកដាក់ ទាំងសុវត្ថិភាព បដិសណ្ឋារកិច្ច និងពិធីការ ជាមួយម្ចាស់ផ្ទះហើយ ម្ចាស់ផ្ទះបានត្រៀមជួយ ដល់កម្ពុជាក្នុងដំណើរទស្សនកិច្ច ពិសេសរបស់ សម្ដេចពិជ័យសេនា ព្រមទាំងប្រតិភូ ដែលមានមន្ដ្រីជាន់ខ្ពស់ ថ្នាក់រដ្ឋមន្ដ្រីមួយចំនួនទៀត ដែលត្រូវអញ្ជើញ ចូលរួមពិធីបើក-បិទការប្រកួតផងដែរ។
ទី២៖ស្នើសុំការយោគយល់ និងផ្ដល់នូវការហ្វឹកហាត់ មុនព្រឹត្តិការណ៍ស៊ីហ្គេម នៅវៀតណាម ដោយប្រតិភូកម្ពុជា បានស្នើសុំផ្ដល់ជូន នូវកម្មវិធីហ្វឹកហាត់មុនស៊ីហ្គេម ១ខែ ឬ ជាង១ខែ នេះ ដល់ប្រភេទកីឡាមួយចំនួន ដូចជាកីឡាវ៉ូវីណាម កីឡាហែលទឹក និងកីឡាកាយសម្ព័ន្ធ ដែលយើងស្នើសុំឲ្យវៀតណាម ផ្ដល់នូវការគាំពារ និងគាំទ្រ ក៏ដូចជា រៀបចំទទួលប្រភេទកីឡា ៣ នេះ។
ឯកឧត្តម វ៉ាត់ ចំរើន បន្ដថា នេះគឺជាអ្វីដែល យើងបានពិភាក្សាគ្នា ហើយភាគីវៀតណាម បានទទួលយកហើយថា កម្ពុជា គឺជាមិត្តល្អកម្ពុជាអាច ត្រូវបានវៀតណាមចាត់ទុកថា នឹងធ្វើបដិសណ្ឋារកិច្ចការ ទទួលនិងផ្ដល់នូវអាទិភាព តាមសំណូមពររបស់កម្ពុជា គឺជាអ្វីដែលយើងធ្វើការ នៅទីនេះទាំងព្រឹកទាំងល្ងាច ដែលយើងមានការងារប្រជុំផង ពិនិត្យទីលានផង និងពិគ្រោះយោបល់ ជាមួយភាគីពាក់ព័ន្ធផង ។
ជាមួយគ្នានោះ គ្រប់បណ្ដាប្រទេស ដែលបានចូលរួមប្រជុំ នាយបេសកកម្មខាងលើ បានអបអរសាទរ ចំពោះភាពរីកចម្រើន នៃការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ របស់កម្ពុជា និងត្រៀមចូលរួមប្រជុំ ក្រុមប្រឹក្សាកីឡា អាស៊ីអាគ្នេយ៍ លើកទី១ នៅខេត្តសៀមរាប ពីថ្ងៃទី០៨-១០ ខែមេសាខាងមុខ ពិសេសបានសន្យារនឹងបញ្ជូនប្រតិភូ និងអត្តពលិកចូលរួម ក៏ដូចជាបង្ហាញនូវការគាំទ្រ ចំពោះការប្រកួតកីឡាស៊ីហ្គេម ជាប្រវត្តិសាស្ដ្រនៅ កម្ពុជាទៀតផង ។
សូមបញ្ជាក់ថា ក្រោមការណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានCAMSOCក៏ដូចជា ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC គឺបានបញ្ជូនប្រតិភូ ១ក្រុម ដឹកនាំដោយឯកឧត្តម វ៉ាត់ ចំរើន ចូលរួមប្រជុំនាយកបេសកកម្ម នៅទីក្រុងហាណូយ ហើយធ្វើការស្រាវជ្រាវ និងផ្លាស់ប្ដូរយោបល់ពិសេស ក្រេបយកបទពិសោធន៍ល្អៗ សម្រាប់ត្រៀមរៀបចំ ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា៕