ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយករដ្ឋមន្ត្រីជប៉ុន បានផ្ញើសារ ជូនចំពោះប្រជាជនកម្ពុជា

231

 

ភ្នំពេញ ៖លោកគីស៊ីដា ហ្វូមីអុ នាយករដ្ឋមន្រ្តីជប៉ុន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២២។

នៅថ្ងៃទី២០ខែមីនាឆ្នាំ២០២២នេះ បើតាមការផ្សាយព័ត៌មាននៅលើ Embassy of Japan in Cambodia ស្ថានទូតជប៉ុននៅកម្ពុជា ,
«សាររបស់លោក គីស៊ីដា ហ្វូមិអុ នាយករដ្ឋមន្ត្រីជប៉ុនជូនចំពោះប្រជាជនកម្ពុជា»
ជំរាបសួរប្រជាជនកម្ពុជាជាទីរាប់អាន! ខ្ញុំឈ្មោះ គីស៊ីដា ហ្វូមិអុ ជានាយករដ្ឋមន្ត្រីជប៉ុន។
ថ្ងៃនេះខ្ញុំនឹងមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា។ ការធ្វើទស្សនកិច្ចលើកនេះ ធ្វើឡើងបន្ទាប់ពី ខ្ញុំបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងឆ្នាំ២០១៤មកម្ល៉េះ។ ខ្ញុំទន្ទឹងរង់ចាំឃើញ ដោយផ្ទាល់ នូវភាពរីកចំរើនបន្ថែមទៀតនៅកម្ពុជា ។

កម្ពុជាសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចដ៏រឹងមាំចាប់តាំងពីបានទទួលនូវសន្តិភាព។ ខ្ញុំសូមយកឱកាសនេះសម្តែងនូវការគោរពដល់ប្រជាជនកម្ពុជាសារជាថ្មីម្តងទៀត ដល់ការខិតខំរបស់ប្រជាជនកម្ពុជារហូតមកដល់ពេលនេះ។  ក្នុងអំឡុងពេលកន្លងមកនេះ ទំនាក់ទំនងសហប្រតិបត្តិការ​រវាងប្រទេសយើងទាំងពីរ កាន់តែស៊ីជម្រៅលើគ្រប់វិស័យ។ ប៉ុន្តែស្ថានភាពក្នុងពិភពលោកជុំវិញ ប្រទេសយើងទាំងពីរកាន់តែ​ មានភាពស្មុគស្មាញ។ ដូច្នេះដើម្បីឱ្យប្រទេសជប៉ុន និងកម្ពុជា បន្តអភិវឌ្ឍជាមួយគ្នា ក្នុងពិភពលោក ប្រកបដោយស្ថិរភាព ខ្ញុំមកបំពេញទស្សនកិច្ចនៅកម្ពុជា ដោយមានគោលបំណង ពីរដូចខាងក្រោម។

ទី១ គឺការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងជប៉ុន-កម្ពុជា។ ឆ្នាំនេះ គឺជាខួបលើកទី៣០ នៃការចូលរួមរបស់ជប៉ុន ក្នុងសកម្មភាពថែរក្សាសន្តិភាព(PKO) ជាលើកដំបូងមកកម្ពុជា។ ជប៉ុនបានដើរជាមួយកម្ពុជាលើផ្លូវឆ្ពោះទៅរកសន្តិភាព ការស្តារឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ជាបន្តបន្ទាប់នៅកម្ពុជា។

ជាឧទាហរណ៍ ប្រទេសជប៉ុនបាន និងកំពុងផ្តល់ការគាំទ្រអស់រយៈពេលជាច្រើនឆ្នាំ លើការដោះមីនតាមរយៈ ការផ្តល់ឧបករណ៍ និងការបញ្ជូនអ្នកជំនាញ និងលើវិស័យផ្គត់ផ្គង់ ទឹកស្អាតដោយស្ថិរភាពនៅក្នុងរាជធានីភ្នំពេញជាដើម។ ហើយនៅពេលថ្មីៗនេះ ជប៉ុនបានផ្តល់វ៉ាក់សាំង ប្រមាណ ១.៣លានដូស និងឥណទានសម្បទាន សរុប ៤៥ពាន់លានយ៉េន ដើម្បីគាំទ្រដល់វិធានការ របស់រដ្ឋាភិបាលកម្ពុជា ប្រឆាំងនឹងកូវីត-១៩។ លើសពីនេះទៀត យើងក៏មានគម្រោងគាំទ្រ ដល់ការអភិវឌ្ឍកំពង់ផែស្វ័យតក្រុងព្រះសីហនុ ដែលជាសសរទ្រូងនៃ ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។

ខ្ញុំជឿជាក់ថា កិច្ចសហប្រតិបត្តិការទាំងនេះ បាននាំឲ្យមានទំនាក់ទំនង ទុកចិត្តគ្នាដ៏ស៊ីជម្រៅ រវាងរដ្ឋាភិបាល និងប្រជាជនប្រទេសទាំងពីរ។ ថ្ងៃនេះ ដោយផ្អែកលើទំនាក់ទំនង ទុកចិត្តគ្នារបស់យើង ខ្ញុំនឹងធ្វើការពិភាក្សាយ៉ាងលំអិត ជាមួយសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែនអំពីកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច និងសន្តិសុខ ដើម្បីអភិវឌ្ឍទំនាក់ទំនង រវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន។

ទី២ គឺពង្រឹងកិច្ចសហប្រតិបត្តិការក្នុងកិច្ចការអន្តរជាតិ និងតំបន់ រួមមានបញ្ហាអ៊ុយក្រែន និងមីយ៉ាន់ម៉ាជាដើម។ នាពេលបច្ចុប្បន្ន សហគមន៍អន្តរជាតិកំពុង ប្រឈមមុខនឹងស្ថានភាព ដែលអង្រួនមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិ។ ការឈ្លានពានរបស់រុស្សី មកលើអ៊ុយក្រែន គឺជាការបំពានយ៉ាងច្បាស់លើច្បាប់អន្តរជាតិ ហើយប្រាកដជាមិនអាចទទួលស្គាល់បានឡើយ។ ប្រទេសជប៉ុន និងកម្ពុជា បានចូលរួមជាមួយគ្នាជាប្រទេសសហស្ថាបនិកនៃសេចក្តីសម្រេចចិត្ត នៃកិច្ចប្រជុំពិសេសបន្ទាន់ របស់មហាសន្និបាតអង្គការ សហប្រជាជាតិ ស្តីពីការឈ្លានពានលើ ប្រទេសអ៊ុយក្រែន ហើយក៏បានសម្តែង ការប្រឆាំងយ៉ាងច្បាស់ ចំពោះការផ្លាស់ប្តូរស្ថានភាព បច្ចុប្បន្ន ដោយកម្លាំងជាឯកតោភាគី របស់រុស្ស៊ី និងអំពើហិង្សាប្រឆាំង នឹងច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែនមានប្រសាសន៍ជាមួយខ្ញុំថា ក្នុងនាមជាប្រធាន អាស៊ានប្តេជ្ញាចិត្ត ដើម្បីឆ្ពោះទៅរកដំណោះស្រាយ នៃបញ្ហានានាដូចជា ស្ថានភាពនៅមីយ៉ាន់ម៉ាជាដើម ។ ខ្ញុំបានយល់ថាតាមបទពិសោធន៍ នៃសង្គ្រាមស៊ីវិល ប្រជាជនកម្ពុជាមាន ចិត្តគំនិតដ៏ពិសេសចំពោះសន្តិភាព។ ហេតុដូច្នេះហើយ ខ្ញុំមានបំណងសហការជាមួយ រដ្ឋាភិបាលកម្ពុជា ដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។

ឆ្នាំ២០២៣ គឺជាខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនង ការទូតរវាងប្រទេសជប៉ុន និងកម្ពុជា។ អស់លោកលោកស្រី ក្មួយៗដែលជាប្រជាជនកម្ពុជា ទាំងអស់ តោះរួមគ្នាបង្កើតទំព័រថ្មីនៃ កិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជាជាមួយយើងខ្ញុំ ។

បើតាមសេចក្ដីប្រកាសព័ត៌មាន តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម គីស៊ីដា ហ្វូមីអុ នាយករដ្ឋមន្ត្រីជប៉ុន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២២។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តមនាយករដ្ឋមន្ត្រី គីស៊ីដា ហ្វូមីអូ នឹង មានជំនួបទ្វេភាគីដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង ពីរ រួមមានក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ អប់រំ ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិ និងសន្តិសុខ និងការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូដ- ១៩ ព្រមទាំងវិស័យផ្សេងៗទៀត។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈគា្នស្ដីពីបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាផល ប្រយោជន៍ និងក្តីបារម្ភរួមផងដែរ។ នៅចុងបញ្ចប់នៃជំនួប នាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញធ្វើ សន្និសីទកាសែតរួមគ្នា។ សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងជប៉ុន នឹងត្រូវចេញផ្សាយបន្ទាប់ពីកិច្ច ប្រជុំ។

ក្នុងអំឡុងពេលទស្សនកិច្ច ឯកឧត្តម គីស៊ីដា ហ្វូមីអូ នឹងអញ្ជើញដាក់កម្រងផ្កាគោរព វិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តមសីហនុ “ព្រះបរមរតនកោដ្ឋ” អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមនាយករដ្ឋមន្តី ក៏នឹងអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ នៅមណ្ឌបរបស់ អតីតមន្ត្រីជប៉ុន ចំនួន២រូប ដែលបានពលីជីវិត នៅក្នុងបេសកកម្ម ការងាររបស់ អង្គការសហប្រជាជាតិនៅកម្ពុជា ផងដែរ។

ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម គីស៊ីដា ហ្វូមីអូនៅព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ច្បាស់អំពីការប្តេជ្ញាចិត្ត យ៉ាងមោះមុតរបស់ប្រទេសទាំងពីរ ក្នុងការលើកកម្ពស់ និងពង្រឹងនូវ កម្ពុជា និងជប៉ុន ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងព្រះផ្ទះន ទំនាក់ទំនងល្អប្រពៃ ដែលមានស្រាប់ និងភាពជាដៃគូយុទ្ធសាស្ត្រ ព្រមទាំងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង