តុលាការខេត្តព្រះសីហនុ ឃុំខ្លួនជនសង្ស័យ ៦នាក់ករណីចូលទន្ទ្រានកាន់កាប់ដីរដ្ឋ ក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង
ព្រះសីហនុ ៖ មន្ទីរបរិស្ថានខេត្តព្រះសីហនុ ឱ្យដឹងថា មកទល់បច្ចុប្បន្ននេះ មន្ត្រីនគរបាលយុត្តិធម៌នៃមន្ទីវបរិស្ថានខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូន ជនសង្ស័យចំនួន ១២នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធការចូលទន្ទ្រានកាន់កាប់ដីរដ្ឋ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២កន្លងមកនេះ ស្ថិតនៅចំណុចគីឡូ១៥ ភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្នុងដែនឧទ្យានជាតិ ជួរភ្នំក្រវាញខាងត្បូង។
ក្រោយពីការស៊ើបសួររបស់ស្ថាប័នតុលាការ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ សាលាដំបូងខេត្តព្រះសីហនុ បានចេញដីការឃុំខ្លួនចំនួន ៦នាក់ និង ៦នាក់ទៀត ស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ៨៩អនក្រ.បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ ដែលជាប់ព្រំប្រទល់រវាងភូមិសាស្ត្រខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ ដើម្បីធានាកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព។ កន្លងមក សកម្មភាពបទល្មើសរុករាន កាប់ឆ្ការព្រៃដាំដំណាំ សង់ខ្ទម និងបោះបង្គោលរបង ហ៊ុំព័ទ្ធកាន់កាប់ជាកម្មសិទ្ធិដោយខុសច្បាប់ ស្ថិតក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ត្រូវបានសមត្ថកិច្ចយើង ចុះអនុវត្តវិធានការទប់ស្កាត់ជាបន្តបន្ទាប់។
សូមបញ្ជាក់សារជាថ្មីថា យោងលើច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ត្រង់មាត្រា៥៦ និងមាត្រា ៦២ បានចែងថា ជនសង្ស័យណាដែលធ្វើសកម្មភាព កាប់គាស់ រុករានដីព្រៃ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ត្រូវផ្តន្ទាទោសជាបទល្មើសធនធាន ធម្មជាតិថ្នាក់ទី៤ ដោយដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ១០ឆ្នាំ និងពិន័យជាប្រាក់ពី ១៥លានរៀលទៅ ១៥០លានរៀល ចំពោះបុគ្គលប្រព្រឹត្តជានីតិបុគ្គល នឹងត្រូវពិន័យជាប្រាក់ពី ១៥០លានរៀល ទៅ២៥០លានរៀល។ វត្ថុតាងត្រូវរឹបអូសជា សម្បត្តិរដ្ឋ។ ក្នុងករណីមិនរាងចាល ត្រូវផ្តន្ទាទោសទ្វេដង៕