ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី២៣ឧសភាកម្ពុជា នឹងទទួលទង់ស៊ីហ្គេម បន្តពីវៀតណាម

53

ភ្នំពេញ៖វៀតណាមដែលជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១នាខែឧសភាឆ្នាំ២០២២នេះនឹងរៀបចំពិធីបដិសណ្ឋារកិច្ចកម្រិតខ្ពស់មួយដើម្បីធ្វើពិធីប្រគល់និងទទួលទង់ស៊ីហ្គេមដល់សម្ដេចពិជ័យសេនាទៀបាញ់ដែលជាប្រធានគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ជាបន្ត ។

អ្វីដែលសំខាន់គឺគណៈកម្មការរៀបចំការប្រកួតស៊ីហ្គេមវៀតណាមនិងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣(CAMSOC)បានជួបពិភាក្សាគ្នាទល់មុខផ្លាស់ប្តូរបទពិសោធន៍ដល់គ្នាទៅវិញទៅមករវាងស៊ីហ្គេមរបស់វៀតណាមនិងស៊ីហ្គេមរបស់កម្ពុជា។

គណៈកម្មាធិការជាតិនៃប្រទេសទាំងពីរក៏បានពិភាក្សាគ្នាលម្អិតលើគម្រោងផែនការនៃការប្រគល់ និងទទួលទង់ស៊ីហ្គេមពីម្ចាស់ផ្ទះវៀតណាមជូនដល់ម្ចាស់ផ្ទះស៊ីហ្គេមបន្តវេនរបស់
កម្ពុជា នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ដែលជាថ្ងៃបិទការប្រកួតជាផ្លូវការ។
ម្ចាស់ផ្ទះវៀតណាមជឿជាក់ថា ពិធីដ៏មានសារសំខាន់នេះ នឹងធ្វើឲ្យមានភាពល្អប្រសើរ ដោយកម្ពុជានឹងមានការសម្តែងកម្មវិធីសិល្បៈវប្បធម៌ កីឡា នៅក្នុងឱកាសបិទការប្រកួត-ប្រគល់-ទទួលទង់ស៊ីហ្គេមដើម្បីបើកការស្វាគមន៍យ៉ាងកក់ក្តៅជូនបណ្តាប្រទេសអាស៊ីអាគ្នេយ៍ មកចូលរួមប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ របស់កម្ពុជាទៀតផង។

បន្ថែមពីលើនោះភាគីទាំងពីរក៏បានពិភាក្សាអំពីការសម្របសម្រួលលើការងាររបស់
មន្ត្រីគណៈកម្មការជំនាញនានានៃCAMSOCនិងគម្រោងឲ្យក្រុមកម្ពុជាបានចូលរួមសិក្សាស្វែងយល់ដកស្រង់បទពិសោធន៍ក្នុងការគ្រប់គ្រងដឹកនាំការៀបចំព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំអាស៊ីអាគ្នេយ៍រៀងរាល់ពីរឆ្នាំម្តងនេះមកព្រះរាជាណាចក្រកម្ពុជាដែលជាការរៀបចំជាប្រវត្តិសាស្ត្រដំបូង។

ក្រុមប្រតិភូកម្ពុជា នឹងចូលរួម ដកពិសោធន៍ និងប្រកួតទ្រង់ទ្រាយធំជាងគេ ជាងពេលណាៗទាំងអស់ ដែលមានចំនួនសរុបជាង ៥០០នាក់ ដោយកម្ពុជាចាត់ទុកថា ស៊ីហ្គេមនៅវៀតណាមឆ្នាំនេះគឺជាហ្គេមយុទ្ធសាស្ត្រចុងក្រោយដើម្បីឆ្ពោះមកស៊ីហ្គេមនៅកម្ពុជា។

អ្វីដែលសំខាន់មួយទៀតគឺម្ចាស់ផ្ទះវៀតណាមបានជួយដល់កម្ពុជាក្នុងការចេញទៅហ្វឹកហាត់ត្រៀមមុនការប្រកួត ដូចជាប្រភេទកីឡាវ៉ូវីណាម ហែលទឹក និងកាយសម្ព័ន្ធជាដើម។ ជាមួយគ្នានោះម្ចាស់ផ្ទះវៀតណាមចាប់អារម្មណ៍ខ្លាំងលើការរីកចម្រើននៃដំណើរការរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ របស់កម្ពុជា។

ពិធីបើកផ្លូវការគ្រោងនឹងធ្វើឡើងនាថ្ងៃទី១២ខែឧសភាឆ្នាំ២០២២ប៉ុន្តែប្រភេទកីឡាមួយចំនួនត្រូវទៅមុនពិធីបើកនេះ ដូចជាប្រភេទកីឡាបាល់ទាត់ត្រូវប្រកួតមុន គឺនាថ្ងៃទី៦ ខែឧសភា ហើយក្រុមប្រតិភូ អត្តពលិក ត្រូវទៅដល់ប្រទេសវៀតណាម មុនពីរថ្ងៃ។
ម្ចាស់ផ្ទះវៀតណាមបានឯកភាព បើកទូលាយ សម្រាប់ការចូលរួមទស្សនាគាំទ្រ អ្នកសង្កេតការណ៍ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមខណៈប្រទេសវៀតណាមទាំងមូលក៏មានភាពល្អប្រសើរច្រើន ក្នុងបរិបទជំងឺកូវីដ-១៩ ដោយប្រតិភូកីឡាទាំងអស់ តម្រូវឲ្យធ្វើតេស្ត PCR មុន៧២ម៉ោងពីប្រទេសសាមីហើយពេលទៅដល់វៀតណាមមិនតម្រូវឲ្យធ្វើតេស្តរហ័សទៀតឡើយ។

ឯកឧត្តមនាយបេសកកម្មចាត់ទុកថានេះជាសញ្ញាដ៏ល្អសម្រាប់ការចូលរួមប្រកួតស៊ី
ហ្គេម ពីបណ្តាប្រទេសជាសមាជិកអាស៊ីអាគ្នេយ៍ ជាពិសេសគឺក្រុមប្រតិភូ កីឡាករ កីឡាការិនីកម្ពុជា ដែលនឹងចូលរួមក្នុងទ្រង់ទ្រាយធំជាងគេ ខណៈម្ចាស់ផ្ទះ វៀតណាម សន្យាផ្ទេរចំណេះដឹងពីការរៀបចំ ជូនដល់ការរៀបចំបន្តវេនស៊ីហ្គេម ឆ្នាំ២០២៣ របស់កម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង