កម្ពុជាដាក់ឱ្យ ដំណេីរការផ្លូវការ នូវមជ្ឍមណ្ឌលជាតិ ព្យាបាលនិងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន នៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជេីញជាអធិបតីនិងដឹកនាំថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន តំណាងកំលាំងទាំងបីប្រភេទ ប្រជាពលរដ្ឋ សិស្សានុសិស្ស ប្រជាពលរដ្ឋចូលរួមជាង៥០០នាក់សម្ពោធមជ្ឈមណ្ឌលជាតិព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។
ដែលពិធីប្រព្រឹត្តទៅដោយមានការអញ្ជេីញចូលរួមផងដែរពីប្រតិភូព្រះរាជាណាចក្រថៃ ដឹកនាំដោយឯកឧត្តម ផាន់យ៉ារ៉ាក់ ភូធូប ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា និងប្រតិភូសាធារណរដ្ឋសង្គមនិយមវៀតណាមដឹកនាំដោយឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា។
ឯកឧត្តម នាយឧត្តមសេនីយ៍ ជូន សុវណ្ណ ប្រធានគណកម្មការកសាងមជ្ឍមណ្ឌលជាតិ បានរាយការណ៍ថា៖ មជ្ឈមណ្ឌលជាតិចាប់ផ្តេីមសាងសង់នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ បានបញ្ចប់ការសាងសង់នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ និងទើបបានបើកសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ កសាងបាននូវហេដ្ឋារចនាសម្ព័ន្ធមានផ្លូវកៅស៊ូ សំណង់អគារសរុប២១តារាងបាល់បោះ តារាងបាល់ទាត់ និងតារាងបាល់ទះ ចំណាយថវិកាសម្រាប់ការសាងសង់ និងការបំពាក់សម្ភារនៅក្នុងមណ្ឌលសរុបចំនួនជាង៧លានដុល្លាអាមេរិក។
ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថាការកសាងមជ្ឈមណ្ឌលជាតិពិតជាមានសារៈសំខាន់និងបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលលើការជំរុញការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ក៏ដូចជាផែនការជាតិ ៥ឆ្នាំ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩-២០២៣ ពង្រឹងប្រសិទ្ធភាពព្យាបាលស្តារនីតិសម្បទា និងសមាហរណកម្ម។
ឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានមានប្រសាសន៍ថា ជំនួយនេះជាការចូលរួមរិតចំណងមិត្តភាពសាមគ្គីភាពកម្ពុជា-វៀតណាមខួបលេីកទី៥៥។
ឯកឧត្តម ផាន់យ៉ារ៉ាក់ ភូធូប ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានមានប្រសាសន៍ថាការចូលរួមជួយសាងសង់មជ្ឈមណ្ឌលជាតិនេះ ដេីម្បីរិតចំណងសាមគ្គីភាពមិត្តភាពខួប៧០ឆ្នាំជួយ។
ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានមានប្រសាសន៍ដោយថ្លែងអណរគុណដល់សម្តេចក្រឡាហោម ស ខេង សប្បុរសជននានា អ្នកពាក់ព័ន្ធទាំងអស់ពិសេសភាគីមិត្តកម្ពុជាទាំងពីរវៀតណាម និងថៃ និងបានដាក់ចេញនូវទិសដៅ និងសំណូមពរ១០ចំនុចស្របតាមបេសកកម្ម និងចក្ខុវិស័យដែលបានគ្រោងទុកដូចខាងក្រោម៖
ទី១.ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តពង្រឹងនិងពង្រីកបន្ថែមនូវ រចនាសម្ព័ន្ធ មន្ត្រី បុគ្គលិកស្របតាមគោលការណ៍ច្បាប់ សម្រាប់ការងារគ្រប់គ្រង និង បម្រើការនៅក្នុងមជ្ឈមណ្ឌលជាតិនេះ។
ទី២.ក្រសួងសុខាភិបាល គណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនត្រូវចាត់ចែងនូវសម្ភារបច្ចេកទេស ពេទ្យ បុគ្គលិកជំនាញ។
ទី៣.ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្តរៀបចំនិងបញ្ជូនមន្ត្រី ជំនាញបច្ចេកទេសដើម្បីបម្រើការងារបណ្តុះបណ្តាលវិជ្ជាជីវៈចំណេះជំនាញដល់ជនរងគ្រោះដោយសារគ្រឿងញៀន។
ទី៤.ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងគណៈគ្រប់គ្រងមជ្ឈមណ្ឌល ជាតិនេះ ត្រូវបន្តកៀរគរ កិច្ចសហការគាំទ្រពីវិស័យឯកជន ពិសេសក្នុងខេត្តព្រះសីហនុ ដេីម្បីជួយរកទីផ្សារការងារសម្រាប់ក្មួយៗ ដែលកំពុងសម្រាកព្យាបាល ។
ទី៥.ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបន្តជួយសម្របសម្រួលថវិកាពាក់ព័ន្ធលើការចំណាយចាំបាច់សម្រាប់ដំណើរនៅក្នុងមជ្ឈមណ្ឌលជាតិនេះ ។
ទី៦.អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបន្តសហការ និងសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីដំណើរការមជ្ឈមណ្ឌលជាតិ។
ទី៧.អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាការដ្ឋានកងរាជអាវុធហត្ថផ្ទៃប្រទេសត្រូវសហការកម្លាំងការពារសន្តិសុខ សុវត្ថិភាពដល់មជ្ឈមណ្ឌល។
ទី៨.អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ បន្តជួយ សហការលើការងារសន្តិសុខ និងការងារផ្សេងៗទៀតតាមតម្រូវការជាក់ស្តែង ។
ទី៩.គណកម្មាធិការទទួលបន្ទុកសាង់សង់មជ្ឈមណ្ឌលនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធ ជន និងយុវនីតិសម្បទា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័ន អង្គភាពពាក់ ព័ន្ធ ពិនិត្យលទ្ធភាព កៀរគរដើម្បីសាងសង់អគារស្នាក់នៅសម្រាប់មន្ត្រី បុគ្គលិក ។
ទី១០.សំណូមពរភាគីថៃ ភាគីវៀតណាម ភាគីចិន អង្គការជាតិ និងអន្តរជាតិនានា និងសប្បុរស ជនទាំងអស់បន្តជួយគាំទ្របន្ថែមទៀតជាថវិកា មធ្យោបាយនានាតាមគ្រប់រូបភាព ផ្ដល់ ការបណ្តុះបណ្តាលធនធានមនុស្ស និងសម្ភារៈបច្ចេកទេសដើម្បីធានាបាននូវនិរន្តភាពនៃការ ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅកម្ពុជា។