ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដឹកទឹក ចែកជូនប្រជាពលរដ្ឋក្នុង មូលដ្ឋានដែលកំពុង ជួបបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ

42

ភ្នំពេញ៖អនុវត្តតាមការណែនាំពី លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី២២ ខែមិនា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ នៃក្រុមរថយន្តអគ្គីភ័យប្រចាំសាលាខណ្ឌ និងរថយន្តស៊ីទែនទឹក ជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រម្ពុជា នាំយកទឹកស្អាត ទៅចែកជូនប្រជាពលរដ្ឋ នៅបុរីឈូកវា សង្កាត់សំរោងក្រោម និងប្រជាពលរដ្ឋ នៅភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យ ដែលកំពុងជួបបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ ។

នៅចំពោះមុខ អ្នកសារព័ត៌មាន លោក ហែម ដារិទ្ធិបានលើកឡើងថា ប្រជាពលរដ្ឋ រស់នៅតំបន់ទាំងពីរខាងលើនេះ សុទ្ធតែមានប្រព័ន្ធទឹកស្អាតរបស់រដ្ឋាករស្វយ័តក្រុងភ្នំពេញ ចូលដល់លំនៅដ្ឋានគ្រប់គ្នា តែប៉ុន្មានថ្ងៃមកនេះ ដោយអង្គភាពរដ្ឋាករទឹក បានរៀបចំប្រព័ន្ធទឹក នៅម្តុំរង្វង់មូលចោមចៅ បានធ្វើឱ្យការផ្គត់ផ្កង់ទឹក មកកាន់តំបន់នេះ មានភាពរអាក់រអួល បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ ខ្វះខាតទឹកប្រើប្រាស់ ។

ក្រោមទទួលបានព័ត៌មាននេះ អាជ្ញាធរខណ្ឌ សហការជាមួយ ម្ចាស់បុរី បានចាត់ចែងរថយន្តដឹកទឹកពីតំបន់នានា មកផ្គត់ផ្គង់ជាបន្តបន្ទាប់ តែដោយតំបន់នេះមានប្រជាពលរដ្ឋរស់នៅច្រើន ដូចនេះផ្គត់ផ្គង់ទឹកចែកជូនបងប្អូន ពិតជាមិនបានគ្រប់គ្រាន់តាមតម្រូវការនោះទេ តែទោះបីយ៉ាងនេះក្តី វាប្រសើជាងអត់ ។

លោកអភិបាលខណ្ឌ បានបញ្ជាក់ថា នេះជារឿងបច្ចេកទេស មិនមែនបញ្ហាខ្វះទឹកនោះទេ បួនប្រាំឆ្នាំំមកហើយ ប្រជាពលរដ្ឋនោតំបន់នេះ មិនដែលខ្វះទឹកប្រើប្រាស់នោះទេ ទើបតែពេលនេះ ដោយមានការកែប្រែប្រព័ន្ធមេ ទើបការបញ្ជូនទឹកមកកាន់តំបន់នេះមានការរអាក់រអួល តែយើងសង្ឃឹមថា ក្រោមពីក្រុមការងាររដ្ឋាករទឹកបញ្ចប់ភារកិច្ច ការផ្គត់ផ្គង់ទឹកមកកាន់តំបន់នេះ និងមានភាពប្រសើឡើងវិញ ។

លោក ហែម ដារិទ្ធិ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសអ្នករស់នៅតំបន់ខ្វះខាតទឹកប្រើប្រាស់ ពេលទទួលបានទឹកស្អាតយកទៅហើយ សូមប្រើប្រាស់ដោយសន្សំសំចៃ និងមានអនាម័យខ្ពស់, យកល្អ ទឹកត្រូវតែដាំឱ្យពុះ និងចំណីអាហារត្រូវតែឆ្អិនល្អ ចាំទទួលទាន កុំសន្តិភាពជាមួយមេរោគដែលយើងមើលមិនឃើញ ។

ជាមួយនេះ សូមបន្តការប្រុងប្រយ័ត្នចំពោះ ការឆ្លងជម្ងឺ កូវីដ ផងដែរ ព្រោះស្ថានភាពជម្ងឺ កូវីដ ក្នុងប្រទេសកម្ពុជា ក៍ដូចជាលើពិភពលោក មិនទាន់ធូរស្រាលនៅឡើយទេ ហើយបើមានករណីសង្ស័យ សូមទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក របស់យើង ដើម្បីទទួលការពិនិត្យ ពិគ្រោះ និងព្យាបាលឱ្យទាន់ពេលវេលា ៕

អត្ថបទដែលជាប់ទាក់ទង