ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ បានគិតគូរ លើការអភិវឌ្ឍប្រទេស ជាមួយនឹងទំនើបកម្មព័ត៌មានវិទ្យាឌីជីថល និងព័ត៌មានវិទ្យា

88


ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បានថ្លៃងថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ កំពុងយកចិត្តទុកដាក់ និងបានគិតគូរ លើការអភិវឌ្ឍប្រទេស ជាមួយនឹងទំនើបកម្មព័ត៌មានវិទ្យាឌីជីថល និងព័ត៌មានវិទ្យា ក្នុងនោះការកសាងមូលដ្ឋានបច្ចេកវិទ្យា ព័ត៌មានវិទ្យាហិរញ្ញវត្ថុ (Financial Technology) និងការកសាងរដ្ឋាភិបាលវៃឆ្លាត (Smart government) កំពុងត្រូវបានយកចិត្តទុកដាក់។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍បែបនេះ ក្នុងកិច្ចពិភាក្សាជាមួយលោក SHI Wenchao ប្រធាននាយកនៃ Union Pay នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នៅទីស្តីការក្រសួង។ ក្នុងជំនួបនោះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងនាយកនៃ Union Pay នៃសាធារណរដ្ឋប្រជាមានិតចិន បានពិភាក្សាគ្នា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ លើប្រព័ន្ធទូទាត់អេឡិចត្រូនិច ក៏ដូចជាសិក្សាស្វែងយល់បន្ថែមអំពីកាលានុវត្ត ភាពវិនិយោគ និងសហប្រតិបត្តិការ ជាមួយព្រះរាជាណាចក្រកម្ពុជា លើប្រព័ន្ធទូទាត់សាច់ប្រាក់អេឡិកត្រូនិច។

ក្នុងឱកាសនេះដែរ លោក SHI Wenchao បានចូលរួមក្នុងការចែករំលែកបទពិសោធន៍ ក្នុងវិស័យព័ត៌មានវិទ្យា ជាពិសេស ប្រព័ន្ធទូទាត់អេឡិចត្រូនិចនេះ ហើយបានជម្រាបជូនថា ជាមួយនឹងឯកទេសផ្នែកទូទាត់ តាមប្រព័ន្ធអេឡិចត្រូនិច ក្រុមហ៊ុន Union Pay ចិន មានការរីកចម្រើនខ្លាំងលើវិស័យ ទូទាត់តាមប្រព័ន្ធអេឡិចត្រូនិចនេះ ទាំងក្នុងប្រទេសចិន និងសកលលោក។

ជាមួយគ្នាដែរ លោកឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កម្ពុជាបានកសាង និងប្រើប្រាស់សេវាកម្មមួយចំនួន តាមបច្ចេកវិទ្យាព័ត៌មានវិទ្យាដូចជា៖ ការបើក ប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការតាមប្រព័ន្ធធនាគារ ការទូទាត់ទៅអ្នកផ្គត់ផ្គង់តាមប្រព័ន្ធអេឡិចត្រូនិច ការរៀបចំប្រព័ន្ធ ប្រមូលចំណូលពន្ធ និងមិនមែនសារពើពន្ធ ការរៀបចំសិក្សាលើការផ្ទេរប្រាក់អេឡិចត្រូនិច រវាងរតនាគារជាតិ និងធនាគារពាណិជ្ជជាដើម។
ទោះជាយ៉ាងណាកម្ពុជា កំពុងស្ថិតក្នុងដំណាក់កាល នៃការកសាងមូលដ្ឋានគ្រឹះ លើប្រព័ន្ធទូទាត់តាមបែបអេឡិចត្រូនិចនេះ ដែលតម្រូវ ឱ្យកសាងបាននូវមូលដ្ឋានរួមមួយ (platform) សម្រាប់ផ្សារភ្ជាប់រវាងអង្គភាព/ស្ថាប័ន្ធពាក់ព័ន្ធដូចជា៖ រតនាគារជាតិ ធនាគារជាតិ និងអង្គភាពពាក់ព័ន្ធ ដ៏ទៃទៀតជាដើម។

ឧបនាយករដ្ឋមន្រ្តី បានថ្លែងថា ប្រព័ន្ធព័ត៌មានវិទ្យានេះ នឹងជួយឱ្យការផ្តល់សេវាសាធារណៈកាន់តែ មានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ បច្ចេកវិទ្យាព័ត៌មានវិទ្យាហិរញ្ញវត្ថុ ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច និងការរៀបចំប្រព័ន្ធរដ្ឋាភិបាលវៃឆ្លាត គឺពិតជាចូលរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕

អត្ថបទដែលជាប់ទាក់ទង