ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បងប្អូនជនជាតិព្នង ខេត្ដស្ទឹងត្រែង បាននាំគ្នា ចូលសម្អាត តំបន់ថ្មខ្ពស់ ដើម្បីបង្កើតជារមណីយដ្ឋាន ទេសចរណ៍ បែបវប្បធ៌ម

47

ស្ទឹងត្រែង៖ បងប្អូនជនជាតិព្នង នៅខេត្ដ ស្ទឹងត្រែង បាននាំគ្នាចូលទៅ សម្អាតកន្លែងតំបន់ថ្មខ្ពស់ ជាកន្លែងអភិរក្សទីតាំងវប្បធ៌មរបស់ជនជាតិព្នង មួយនេះ ដើម្បីទុកឱ្យមន្ទីរទេសចរណ៍ ជួយរៀបចំបង្កើត ជាតំបន់រមណីយដ្ឋានទេសចរណ៍បែបវប្បធ៌មនៅតំបន់នេះ ដើម្បីរកចំណូលចូលសហគមន៏ផង ។

ក្នុងសកម្មភាពចុះសម្អាតបរិស្ថានតំបន់ថ្មខ្ពស់នៅភូមិឃុំក្បាលរមាស ស្រុកសេសានខេត្តស្ទឹងត្រែង នៅថ្ងៃទី២៤ខែមីនា ២០២២នេះ លោក ហ៊ុន លេខ តំណាងឱ្យបងប្អូនជនជាតិព្នងបាន បញ្ជាក់ឲ្យដឹងថា៖ ទីតាំងនេះប្រជាពលរដ្ឋរួមគា្នថែរក្សាយូរមកហើយ ព្រោះវាជាកន្លែងបន់ស្រន់សុំសេចក្តីសុខចម្រើនរបស់បងប្អូនជនជាតិព្នង នៅពេលចេញទៅធ្វើស្រែចម្ការ ឬចូលព្រៃរកផលអនុផលព្រៃឈើជាដើម។
លោកបន្តថា តំបន់នេះ ក៏ចាត់ទុកជាសម្បត្តិធនធានធម្មជាតិ ដែលនៅសេសសល់ចុងក្រោយ ព្រោះមានដើម ឈើច្រូងច្រាង ផ្ទាំងថ្មខ្ពស់និងធំៗ អំណោយផលល្អសម្រាប់ ឱ្យអ្នកផងទាំងពួងមកទស្សនា។

លោកសុំអាជ្ញាធរជួយទាក់ទងទៅមន្ទីរទេស ចរណ៍ឱ្យមករៀបចំតំបន់នេះ ធ្វើជារមណីយដ្ឋានទេសចរណ៍ បែបវប្បធ៌មជនជាតិដើមភាគតិច ដើម្បីបង្កើនការថែរក្សាឱ្យមានប្រសិទ្ធភាព។
លោករឿន សម្បត្តិ មេឃុំក្បាលរមាស បាន បញ្ជាក់ថា៖ អាជ្ញាធរឃុំគាំទ្រចំពោះគោល បំណងនេះ ព្រោះតាមការ សង្កេតទីតាំងប្រវត្តិសាស្ត្រនេះ មានសក្តានុពលទៅលើវិស័យទេសចរណ៍មែន ជាពិសេសនៅក្នុង រដូវបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ យើងតែងមានប្រជាពលរដ្ឋមកទស្សនាកម្សាន្ត។
លោកមេឃុំបន្តថា តំបន់នេះលោកបានស្នើសុំទៅមន្ទីរទេសចរណ៍ខេត្តរួចមកហើយ ឱ្យរកដៃគូមកសហការគ្នា រៀបចំអភិវឌ្ឍន៍ជារមណីយ ដ្ឋានទេសចរណ៍ធម្មជាតិបែបវប្បធ៌ម ទៅតាមគោលបំណង ដែលបងប្អូនជនជាតិព្នងចង់បាន ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមក ទស្សនាបន្ថែមហើយប្រជាជន យើងរស់នៅតំបន់នេះ មានភាពអ៊ូរអរផងដែរ ។
សូមបញ្ចាក់ថា៖ បងប្អូនជន ជាតិព្នងនៅភូមិក្បាលរមាសពួកគាត់ចង់បង្កើតរមណីយ ដ្ឋាននៅភូមិនេះ យូរមកហើយ ព្រោះវាមានប្រយោជ ន៍ការពារសម្បត្តិធម្មជាតិ ទាំងនេះបានស្ថិតនៅគង់វង្ស សម្រាប់ឱ្យកូនចៅជំនាន់ក្រោយ និងភ្ញៀវទេសចរបានឃើញ និងបានស្គាល់៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង