ម្ចាស់ចម្ការ សហគមន៍កសិកម្មមៀនប៉ៃលិន និងម្ចាស់រោងចក្រវេចខ្ចប់ រួសរាន់ ដាក់ពាក្យស្នើសុំចុះបញ្ជី សម្រាប់នាំចេញទៅកាន់ប្រទេសចិន
ភ្នំពេញ ៖ បើយោងតាមសេចក្តីជូនដំណឹង នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២២ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា យោងសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ស្តីពីវឌ្ឍនភាពនៃការចរចាបំពេញលក្ខខណ្ឌតម្រូវភូត គាមអនាម័យដើម្បីនាំចេញផ្លែមៀនកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្តីសោមនស្សរីករាយ ជម្រាបជូនដំណឹងបន្ថែមដល់ម្ចាស់ចម្ការ សហគមន៍កសិកម្មមៀនប៉ៃលិន និងផ្នែកឯកជន ពាក់ព័ន្ធជ្រាបថា ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេស ចិន ត្រូវបានចូលជាធរមាន កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។
អនុវត្តតាមស្មារតីកិច្ចប្រជុំកំពូលរវាងព្រះរាជាណាចក្រកម្ពុជាជាមួយសាធារណរដ្ឋប្រជាមានិតចិន កាលពីរសៀល ថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២ ស្តីពីការជំរុញការអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិន ដែលបាន ចូលជាធរមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវដល់ម្ចាស់ចម្ការ សហគមន៍កសិកម្មមៀនប៉ៃលិន និង ម្ចាស់រោងចក្រវេចខ្ចប់ ដែលមានបំណងផលិតនិងកែច្នៃវេចខ្ចប់ នាំចេញផ្លែមៀនស្រស់ទៅកាន់ទីផ្សារប្រទេសចិន រួសរាន់ ដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រវេចខ្ចប់ផ្លែមៀនសម្រាប់នាំចេញទៅកាន់ប្រទេសចិន នៅអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងដំណើរការនេះ ម្ចាស់ចម្ការ សហគមន៍កសិកម្មមៀនប៉ៃលិន និងម្ចាស់រោងចក្រវេចខ្ចប់ សូមធ្វើការទំនាក់ទំនងទៅកាន់ អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជា អង្គភាពជំនាញមានសមត្ថកិច្ចជាតិទទួលបន្ទុកលើការងារពាក់ព័ន្ធនឹងការចរចារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ ដើម្បី ជំរុញការនាំចេញកសិផល (រុក្ខជាតិនិងផលិតផលរុក្ខជាតិ) ទៅកាន់ប្រទេសនានារួមទាំងប្រទេសចិនផងដែរ៕