ស្រ្តីម្នាក់ដាក់តុ អង្គុយកត់ឆ្នោតវៀតណាម ទាំងចំហរគ្មានការលាក់លៀម , អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌទួលគោក អត់ចុះទៅបង្ក្រាបអីចឹងណ៎
ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលនិយមលេងល្បែងចាក់កន្ទុយលេខ (ឆ្នោតវៀតណាម) បាននាំគ្នានិយាយថា មានកន្លែងគេកត់ ឆ្នោតវៀតណាម ច្រើនណាស់ នៅក្នុងផ្សារដើមគរយើងហ្នឹង។ មិនពិបាករកទេ គឺគេដាក់តុកត់ទាំងចំហរ គ្មានការលាក់លៀមនោះទេ ងាយស្រួលសម្រាប់ យើងចូលទៅចាក់។ ហើយពួកគាត់ឆ្ងល់ដែរថា អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌទួលគោក អត់ចុះទៅបង្ក្រាបអីចឹងណ៎។
ប្រជាពលរដ្ឋដែលរស់នៅម្ដុំផ្សារដើមគ សូមសំណូមពរ ដល់លោកអភិបាល ខណ្ឌទួលគោក មេត្តាមានចំណាត់ការ ចំពោះល្បែងស៊ីសង ឆ្នោតវៀតណាម ខុសច្បាប់ ដែលកំពុង ពង្វក់ប្រជាពលរដ្ឋ ដែលស្ថិតនៅផ្ទះលេខ ២៨ តាមបណ្ដោយផ្លូវលេខ ៣៣៦ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមការចង្អុលបង្ហាញ របស់ប្រជាពលរដ្ឋប្រាប់ថា ទីតាំងខាងលើមាន កត់ឆ្នោតវៀតណាម ពេលក្រុមសារព័ត៌មាន ចូលទៅផ្តិតយករូបភាព ម្ចាស់ទីតាំងនោះ ដំឡើងធ្នុងថា មានមេឆ្នោតវៀតណាម K38 ជាអ្នកនៅពីក្រោយខ្នង មិនញញើតនឹងអ្នកកាសែតផ្សាយទេ ព្រោះរូបគេមានមេ នៅពីក្រោយខ្នង និងបានបង់លុយឲ្យសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់អស់ហើយ តាំងពីថ្នាក់ប៉ុស្តិ៍ លោកចៅសង្កាត់ ដល់ថ្នាក់ខណ្ឌ មិនមានសមត្ថកិច្ចណា ហ៊ានបង្រ្កាបនោះទេ។
តើអាជ្ញាធរខណ្ឌទួលគោក ពិតជាទទួលលុយពីម្ចាស់ទីតាំងនេះពិត ឬក៏យ៉ាងណា?
សូមលោកអភិបាលទទួលជ្រាប ជួយពិនិត្យ និងមានវិធានការ ចុះបង្ក្រាប ទីតាំងខាងលើនេះផង បើមិនបានទទួលលុយពីម្ចាស់ទីតាំងដូចអ្វី ដែលអ្នកកត់ឆ្នោតនិយាយទេនោះ។
សូមរំលឹកថា កន្លងមកអភិបាលរាជធានីភ្នំពេញ ធ្លាប់បានដាក់ បទបញ្ជាឲ្យអាជ្ញាធរ និងសមត្ថកិច្ចទាំង១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ ធ្វើយ៉ាងណា ត្រូវតែចុះបង្ក្រាប រាល់ល្បែងស៊ីសងគ្រប់ប្រភេទ ឲ្យក្នុងមូលដ្ឋាន ក៏ដោយ ប៉ុន្តែគេសង្កេតឃើញថាទីតាំងកត់ឆ្នោតខាងលើនេះ នៅតែបន្ត បើកលេងដោយរលូន ដោយមិនខ្លាចញញើត ពីចំណាត់ការបង្ក្រាបរបស់ អាជ្ញាធរនិង សមត្ថកិច្ចខណ្ឌទួលគោកសោះឡើយ។
ពាក់ព័ន្ធនឹងបញ្ហាបើកល្បែងស៊ីសងខុសច្បាប់ កត់ឆ្នោតវៀតណាម ខាងលើនេះ អង្គភាពសារព័ត៌មាន ភ្នំពេញរីផតធើ មិនអាចទំនាក់ទំនង លោកមេប៉ុស្តិ៍ផ្សារដើមគរ ដើម្បីស្រាយបំភ្លឺបានទេ៕