ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តាំងពិព័រណ៍ យានយន្តអគ្គិសនី និងសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ថានីយបញ្ចូលថាមពល សម្រាប់យានយន្តអគ្គិសនី

43

 

ភ្នំពេញ ៖​ នៅថ្ងៃសៅរ៍ ទី២៦ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ ជាអធិបតីក្នុងពិធីតាំងពិព័រណ៍យានយន្តអគ្គិសនី និងសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពល សម្រាប់យានយន្តអគ្គិសនី ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការក្រោមឱវាទ ក្រសួង ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេស ជាមិត្តប្រចាំ ព្រះរាជាណាចក្រកម្ពុជា លោកជំទាវ តំណាងកម្មវិធីអភិវឌ្ឍន៍​អង្គការសហប្រជាជាតិ (UNDP) តំណាង Energy Lab តំណាង SMMR/GIZ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងសហព័ន្ធ សមាគមយានយន្តនៅកម្ពុជា វិស័យឯកជន និងក្រុមហ៊ុនយានយន្ត អគ្គិសនីចំនួន១២ផងដែរ។

ពិធីនេះ រៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអង្គការ UNDP, Energy Lab និង SMMR/GIZ ដើម្បីបើកឡើងទំព័រប្រវត្តិសាស្រ្តថ្មីមួយរបស់កម្ពុជា ក្នុងគោលបំណង បញ្ជ្រាបការយល់ដឹងដល់សាធារណជន អំពីបច្ចេកវិទ្យា ឧបករណ៍ បរិក្ខារ និងអត្ថប្រយោជន៍នានា នៃយានយន្តអគ្គិសនីសំដៅ លើកកម្ពស់ការប្រើប្រាស់ យានយន្តអគ្គិសនីនៅកម្ពុជា ឱ្យកាន់តែទូលំទូលាយថែមទៀត។

ថ្លែងក្នុងរបាយការណ៍គោរពជូនឯកឧត្តមទេសរដ្ឋមន្ត្រី និងអង្គពិធីនាឱកាសនោះ ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា៖ ចំនួនយានយន្តអគ្គិសនីដែល បានចុះបញ្ជីមាន ចំនួនតែ០២គ្រឿងប៉ុណ្ណោះ ក្នុងឆ្នាំ២០២០ និងចំនួន៦២គ្រឿងនៅឆ្នាំ ២០២១ ហើយនៅក្នុងរយៈពេលតែ៣ខែប៉ុណ្ណោះពោលគឺ៖ ពីខែមករាដល់ខែមីនា ឆ្នាំ២០២២នេះ ការចុះ បញ្ជីយានយន្តអគ្គិសនីមានរហូតដល់៤៧គ្រឿង បើធៀបនឹងឆ្នាំ២០២១ ក្នុងរយៈពេលដូចគ្នា (ចំនួន០៧ គ្រឿងប៉ុណ្ណោះ) មានការកើនឡើង៦៧១% ដែលនេះគឺជាកំណើន នៃការប្រើប្រាស់យានយន្តអគ្គិសនី មួយគួរឱ្យកត់សម្គាល់។

ថ្លែងក្នុងមតិសំណេះសំណាលទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពី សមត្ថកិច្ចរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងការគ្រប់គ្រង និងអភិវឌ្ឍវិស័យ ដឹកជញ្ជូន ដឹកនាំការងាររៀបចំ និងអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងវិធានការចាំបាច់នានាដើម្បីឈានទៅ សម្រេចបាននូវការប្រើប្រាស់រថយន្តអគ្គិសនីក្នុងអត្រា៤០% និងទោចក្រយានយន្ត(ម៉ូតូ) អគ្គិសនីក្នុងអត្រា៧០% នៅឆ្នាំ២០៥០ ស្របតាមការកំណត់ទិសដៅជាក់លាក់ ដែលមានចែងនៅ ក្នុងរបាយការណ៍ បច្ចុប្បន្នភាព នៃការរួមចំណែករបស់ជាតិ និងយុទ្ធសាស្រ្ត អភិវឌ្ឍន៍រយៈពេលវែងសំដៅ សម្រេចបានអត្រា កាបូនសូន្យនៅឆ្នាំ២០៥០នៅកម្ពុជា (Long-term Strategy for Carbon Neutrality 2050) និង និន្នាការនៃការប្រើប្រាស់ យានយន្តអគ្គិសនីរបស់ពិភពលោក តំបន់ ក៏ដូចជាកម្ពុជាផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា៖ ដើម្បីសម្រេចបានគោលដៅនេះ ទាមទារឱ្យមានការចូលរួមពី ក្រសួង-សា្ថប័ន និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំ និងអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងវិធានការនានា ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ជំរុញការគាំទ្រ និងការលើកទឹកចិត្តដល់ការអភិវឌ្ឍ និងការប្រើប្រាស់យានយន្តអគ្គិសនី ដោយផ្តោតទៅលើយុទ្ធសាស្ត្រទាក់ទាញ ឱ្យមានកំណើននៃការប្រើប្រាស់ យានយន្តអគ្គិសនី កំណើន នៃការបង្កើតស្ថានីយបញ្ចូលថាមពលយានយន្ត អគ្គីសនី និងការគ្រប់គ្រង ការកែច្នៃ និងការបោះបង់ សំណល់អាគុយប្រកបដោយសុវត្ថិភាព។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនផងដែរថា៖ ក្រសួងបានទទួល ជំនួយពីអង្គការ UNDP នូវឧបករណ៍បញ្ចូលថាមពលយានយន្តអគ្គិសនី ចំនួន០៤គ្រឿង ហើយក្រុមហ៊ុនឯកជនដែលជាដៃគូ បានសន្យាគាំទ្រ លើការជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ដោយជំហានដំបូងសន្យាផ្តល់ ឧបករណ៍បញ្ចូលថាមពល យានយន្តអគ្គិសនីចំនួន១០គ្រឿង។ ក្រៅពីនេះ ក្រសួងក៏បានជួបពិភាក្សា ជាមួយក្រុមហ៊ុនមួយចំនួន ដែលមានចំណាប់អារម្មណ៍ លើការវិនិយោគស្ថានីយ បញ្ចូលថាមពលយានយន្តអគ្គិសនីផងដែរ។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងជំនឿយ៉ាងមុតមាំថា៖ ការតាំងពិព័រណ៍យានយន្តអគ្គិសនី និងសម្ពោធដាក់ឱ្យប្រើប្រាស់​ ស្ថានីយបញ្ចូលថាមពល សម្រាប់យានយន្តអគ្គិសនីនេះ នឹងជួយជំរុញឱ្យមានការចូលរួមអភិវឌ្ឍ និងលើកកម្ពស់ការ ប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាពិភពលោក ក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត (CO2) ចេញពីវិស័យយានយន្ត ដែលជាផ្នែកមួយនៃ ការកើនឡើងនូវឧស្ម័នផ្ទះកញ្ចក់ (GHG)បណ្តាលឱ្យមានការ ឡើងកំដៅផែនដី បម្រែបម្រួលអាកាសធាតុ ការធ្លាក់ចុះនូវគុណភាពខ្យល់ និងការបំពុលបរិស្ថាន។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់អង្គការ UNDP, EnergyLab និងអង្គការ SMMR/GIZ ផ្នែកឯកជន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានា ដែលបានជួយគាំទ្រ នូវសកម្មភាពលើការអភិវឌ្ឍ និងលើកកម្ពស់ការប្រើប្រាស់ យានយន្តអគ្គិសនី នៅកម្ពុជា តាមរយៈការជួបពិភាក្សា និងការរៀបចំសិក្ខាសាលា ជាបន្តបន្ទាប់កន្លងមក និងបានសំណូមពរ ដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់សហការគ្នាឱ្យកាន់តែប្រសើរថែមទៀតដើម្បីអភិវឌ្ឍ និងលើកកម្ពស់វិស័យ យានយន្តអគ្គីសនីនៅកម្ពុជា ។

សូមជម្រាបជូនថា៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូ អភិវឌ្ឍន៍នានា បាននិងកំពុងធ្វើការងារ មួយចំនួនពាក់ព័ន្ធទៅនឹងការអភិវឌ្ឍ និងការលើកកម្ពស់ការប្រើ ប្រាស់យានយន្តអគ្គិសនី ដូចជាការរៀបចំសេចក្តីព្រាង គោលនយោបាយជាតិស្តីពីអភិវឌ្ឍន៍វិស័យដឹក ជញ្ជូនផ្លូវគោកដែល មានបញ្ចូលនូវចំណុច ស្តីពីការលើកទឹកចិត្តដល់ការប្រើប្រាស់ យានយន្តអគ្គិសនី ការលើកទឹកចិត្ត ឱ្យមានការបង្គុំដំឡើង និងការផលិតយានយន្តអគ្គិសនីនៅកម្ពុជា ការចងក្រងឯកសារ គតិយុត្តដើម្បីគាំទ្រដល់ការអភិវឌ្ឍយានយន្តអគ្គិសនី ការកំណត់យកបទដ្ឋានបច្ចេកទេស និងការរៀបចំ ផែនទីបង្ហាញផ្លូវ ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រជាដើម។

ដើម្បីអនុវត្តការងារនេះកាន់តែមានប្រសិទ្ធភាព វឌ្ឍនភាព និងអនុលោម តាមបទដ្ឋានអន្តរជាតិ និងផ្សព្វ ផ្សាយឱ្យបានទូលំទូលាយ ក្រសួងកំពុងស្វែករក ជំនួយជាថវិកា និងបច្ចេកទេសពីដៃគូអភិវឌ្ឍន៍ និងពីវិស័យឯកជន ជាពិសេសស្វែងរកការគាំទ្រ និងចូលរួមសហការ ពីបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីរួមគ្នាអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា រួមទាំងពិធីពិព័រណ៍យានយន្តអគ្គិសនី នាថ្ងៃនេះផងដែរ។

គួរកត់សម្គាល់ថា៖ ការបំភាយឧស្ម័នកាបូនឌីអុកស៊ីត(CO2) ចេញពីយានយន្ត គឺជាកត្តាដ៏ចំបងមួយនៃ ការកើនឡើងនូវឧស្ម័នផ្ទះកញ្ចក់ (GHG) ដែលនាំឱ្យផែនដីឡើងកម្តៅ មានការប្រែប្រួលអាកាសធាតុ ការ ធ្លាក់ចុះនូវគុណភាពខ្យល់ និងការបំពុលបរិស្ថាន ពិភពលោកទាំងមូល។ ឆ្លើយតបទៅនឹងបញ្ហាខាងលើ ប្រទេសនានា នៅក្នុងពិភពលោក និងតំបន់ បានផ្តោតការយក ចិត្តទុកដាក់ទៅលើការប្រើប្រាស់យានយន្ត អគ្គិសនី ដែលមានការកើនឡើង ជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង