ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុំ​ខ្លួន​អ្នក​បើក​ឡាន​តាក់ស៊ី​ បង្ក​គ្រោះថ្នាក់​ចរាចរ​បណ្តាលឱ្យ​អ្នក​ម្នាង​ អ៊ុក​ ផល្លា​ទទួលមរណភាព និង​ សម្តេច​ក្រុម​ព្រះ​ របួស​ធ្ងន់​

189

ព្រះសីហនុ​ ៖ អ្នក​បើកឡាន​តាក់ស៊ី​ ដែល​បង្ក​គ្រោះថ្នាក់​ចរាចរ​បណ្តាលឱ្យ​អ្នក​ម្នាង​ អ៊ុក​ ផល្លា​ ទទួលមរណភាព និង​ធ្វើ​ឱ្យ​សម្តេច​ក្រុម​ព្រះ​នរោត្តម​ រណឫទ្ធិ​ រងរបួស​ធ្ងន់នោះ​ នៅ​ព្រលប់​ថ្ងៃ​ទី​១៨​ ខែ​មិថុនា​ ត្រូវ​បានលោក​ ប្លង់​ វិសាល​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ​ ចេញ​ដីកា​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ។

មន្ត្រី​តុលាការ​ ថ្លែង​ថា​ ជនបង្ក​ឈ្មោះ វ៉ុល សារ៉េត អាយុ៣៤ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​បើកបរ​ធ្វេសប្រហែស​បណ្តាល​ឱ្យ​របួស​និង​ស្លាប់​អ្នក​ដទៃ​ តាម​មាត្រា​៨៣និង​មាត្រា​៨៥​នៃ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ ។

លោកចៅក្រម បានបង្គាប់ឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ ម៉ុល សារ៉េត ទៅពន្ធនាគារខេត្តព្រះសីហនុ ដើម្បីធ្វើការឃុំខ្លួនបណ្តោះអាន្ន ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមនីតិវិធី ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់បន្ថែមថា អ្នកបើករថយន្តរូបនេះ ត្រូវបានលោកឲ្យកម្លាំងយកចេញពីមន្ទីរពេទ្យ ទៅបង្ហាញខ្លួននៅតុលាការ ហើយនៅល្ងាចថ្ងៃនេះ ត្រូវតុលាការចេញដីកាឃុំខ្លួនតែម្តង។

សូមបញ្ជាក់ថា អ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាពដោយសារតែគ្រោះថ្នាក់ចរាចរនៅលើផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រលេខ២០០-២០១ ក្នុងភូមិអូរតាសេក ឃុំអូរចំណារ ស្រុកព្រៃណប់ ខេត្ដព្រះសីហនុ កាលពីថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨ម្សិលមិញនេះ។ គ្រោះថ្នាក់នេះបានកើតឡើងបន្ទាប់ពីមានរថយន្តឈ្នួលម៉ាកហាយឡែនឌើមួយគ្រឿង បើកបុកព្រះទីនាំងរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ពេលព្រះអង្គកំពុងយាងចុះទៅសំណេះសំណាលជាមួយ ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ។

របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់នេះ បានកើតឡើងដោយសាររថយន្តឈ្នួលហាយឡែនឌើ បានព្យាយាមបើកជែងរថយន្តធំមួយបើកក្នុងទិសដៅស្របគ្នាក្នុងទិសដៅពីព្រះសីហនុ មកភ្នំពេញ ក៏ជ្រុលចូលទៅបុកព្រះទីនាំងសម្តេចក្រុមព្រះ ដែលមានទិសដៅផ្ទុយគ្នានោះតែម្តង។

គ្រោះថ្នាក់នេះ បានធ្វើឲ្យអ្នកម្នាង អ៊ុក ផល្លា ស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯសម្តេចក្រុមព្រះបានរងរបួសធ្ងន់ធ្ងរ។ ដោយឡែក ភាគីរថយន្តហាយឡែនឌើវិញ ដែលមានអ្នកជិះរហូតដល់ទៅ៦នាក់ បានរងរបួសធ្ងន់ស្រាល តែបុរសជនជាតិចិនម្នាក់ ដែលជិះក្នុងរថយន្តហាយឡែនឌើដែរ គឺរងរបួសធ្ងន់ធ្ងរខ្លាំង ត្រូវបានបញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។ ដោយឡែក អ្នកបើកបររថយន្តសម្តេចក្រុមព្រះ បានរងរបួសស្រាល៕

 

អត្ថបទដែលជាប់ទាក់ទង