ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំនេះ នឹងប្រព្រឹត្តទៅតាមដំណើរសង្ក្រាន្តថ្ងៃទី១៤ ដល់១៦មេសា អាជ្ញាធររាជធានីភ្នំពេញត្រៀមរួចរាល់
ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំនេះ នឹងប្រព្រឹត្តទៅតាមដំណើរសង្ក្រាន្តថ្ងៃទី១៤មេសាឆ្នាំ២០២២ វេលាម៉ោង ១០:០០ នាទីព្រឹក រហូតដល់ថ្ងៃទី១៦មេសា ព្រះនាម កិរិណីទេវី ។
ជុំវិញពិធីបុណ្យប្រពៃណីនេះ អាជ្ញាធររាជធានីភ្នំពេញត្រៀមរួចរាល់ ទាំងរៀបចំការតុបតែងរាជធានី ការធ្វើពិធីសាសនា ,ការរៀបចំអោយមានការលេងល្បែងប្រជាប្រិយគ្រប់ប្រភេទនិងកិច្ចការពាររក្សាសន្តិសុខ សុវត្ថិភាពរបៀបរៀបរយសង្គម និងសណ្តាប់ធ្នាប់ឱ្យបានល្អទាំងមុន ក្រោយ និងអំឡុងពេលពិធីបុណ្យនេះផងដែរ។
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៦ គ.ស.២០២២ ព្រះនាម កិរិណីទេវី នឹងប្រព្រឹត្តទៅតាមដំណើរសង្ក្រាន្ត នាថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១០:០០នាទីព្រឹក
ជាថ្ងៃចូលឆ្នាំថ្មី , ថ្ងៃសុក្រ ១៤កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ជាថ្ងៃវ័នបត, ថ្ងៃសៅរ៍ ១៥កើតខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ជាថ្ងៃឡើងស័ក គម្រប់សង្ក្រាន្ត ០៣ថ្ងៃ ចប់ដោយបរិបូណ៌ និងចូលឆ្នាំខាល ចត្វាស័ក តរៀងទៅ។
រដ្ឋបាលរាជធានីបានត្រៀមរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងពិធីទទួលទេវតាឆ្នាំថ្មី នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។ ចំពោះ មន្ទីរព័ត៌មានរាជធានីភ្នំពេញ ត្រូវចាត់តាំងបណ្តាញវិទ្យុ និងស្ថានីយវិទ្យុ–ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ រាជធានីភ្នំពេញ ចុះធ្វើសកម្មភាពយកព័ត៌មាន ថតរូប ថតទូរទស្សន៍នូវរាល់សកម្មភាព ទិដ្ឋភាព ជាក់ស្ដែងនាថ្ងៃបុណ្យទាំងពិធីខាងសាសនា និងទាំងពិធីខាងប្រពៃណីជាតិ ដូចជា សកម្មភាព លេងល្បែងប្រជាប្រិយគ្រប់ប្រភេទតាមតំបន់នីមួយៗ ហើយធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជូនប្រជាពលរដ្ឋ ទេសចរជាតិ និងអន្តរជាតិ ទស្សនានិងយល់ជ្រួតជ្រាបតីពិធីបុណ្យប្រពៃណីជាតិ។
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ តាមការណែនាំពីអាជ្ញាធររាជធានី បានរៀបចំតុបតែងលម្អបំភ្លឺភ្លើងតាមបណ្ដា សួនច្បារ និងតាមដងផ្លូវឱ្យបានព្រោងព្រាត ដំឡើងរបាកាត់ទទឹងផ្លូវនៅមហាវិថីសំខាន់ៗ ដើម្បី ចូលរួមអបអរសាទរពិធីបុណ្យ លាងសម្អាតផ្លូវតាមបណ្តាមហាវិថី និងវិថីសំខាន់ៗ ដើម្បីធានារក្សា បរិស្ថាន និងសោភណភាពស្រស់ស្អាត ព្រមទាំងរៀបចំដាក់ធុងសំរាម និងបង្គន់អនាម័យចល័ត នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និងទីតាំងសាធារណៈនានា ឱ្យបានគ្រប់គ្រាន់ និងសមស្របតាមទំហំទីតាំង។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និង បញ្ជាការដ្ឋានយោធភូមិភាគពិសេស ត្រូវរៀបចំ និងអនុវត្តផែនការការពាររក្សាសន្តិសុខ សុវត្ថិភាព របៀបរៀបរយសង្គម និងសណ្តាប់ធ្នាប់ឱ្យបានល្អទាំងមុន ក្រោយ និងអំឡុងពេលពិធីបុណ្យ ដើម្បីធានាឱ្យប្រជាពលរដ្ឋបានចូលរួមពិធីបុណ្យប្រកបដោយសុវត្ថិភាព និងភាពសប្បាយរីករាយ នៅគ្រប់ទីកន្លែង។ ជាមួយគ្នានេះ ត្រូវបង្កើនការយកចិត្តទុកដាក់ និងជួយសម្រួលចរាចរណ៍ នៅតំបន់គោលដៅដែលមានការកកស្ទះខ្លាំង។ ដោយឡែក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវចាត់តាំងក្រុមពន្លត់អគ្គិភ័យ និងត្រៀមរថយន្តពន្លត់អគ្គិភ័យ ឱ្យបានគ្រប់គ្រាន់ ដើម្បីប្រចាំការ ជួយសង្គ្រោះបន្ទាន់ នៅពេលមានបញ្ហាគ្រោះអគ្គិភ័យណាមួយកើតឡើងជាយថាហេតុ៕