តុលាការខេត្តកំពង់ឆ្នាំង ឃុំខ្លួនជនជាតិវៀតណាម ២នាក់ ជាអ្នកទទួលទិញត្រីឆក់គ្រប់ប្រភេទ
កំពង់ឆ្នាំង ៖ តុលាការខេត្តកំពង់ឆ្នាំង សម្រេចបញ្ជូនខ្លួនជនជាតិវៀតណាម ២នាក់ ឈ្មោះ ឡាំ យុំាងថាប់ ប្រព្រឹត្តបទល្មើសឆក់ត្រជាក់ និងឈ្មោះ ហ៊ី ប៊ុនធី ជាអ្នកទទួលទិញត្រីឆក់គ្រប់ប្រភេទ ដាក់ពន្ធនាគារ ។ នេះបើយោងតាមការបញ្ជាក់ពីអ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ។
សូមរំលឹកផងដែរថា លោកបណ្ឌិត សុខ ទូច នៅថ្ងៃទី២៦ខែមីនាឆ្នាំ២០២២នេះ បានថ្លែងថា ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង អាជ្ញាធរខេត្ត និងព្រះរាជអាជ្ញាខេត្ត បានឃាត់ខ្លួនឈ្មួញទិញត្រីឆក់ត្រជាក់ ជាជនជាតិវៀតណាម , ក្រុមអ្នកឆក់ត្រីទាំងនេះ នៅតែលបលួចធ្វើសកម្មភាពឆក់ត្រីនៅបឹងទន្លេសាប។
បណ្ឌិត សុខ ទូច បានលើកឡើងក្នុងផេកហ្វេសប៊ុកផ្លូវការនាថ្ងៃសៅរ៍នេះថា “ក្រុមចម្រុះខេត្កកំពង់ឆ្នាំង រួមមានអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង អាជ្ញាធរខេត្ត និងព្រះរាជអាជ្ញាខេត្ត បានឃាត់ខ្លួនឈ្មួញទិញត្រីឆក់ត្រជាក់ឈ្មោះ ហ៊ី ប៊ុនធី ជាជនជាតិវៀតណាម ភេទ ប្រុស អាយុ ២៧ ឆ្នាំ នៅចំណុចកោះមនោ ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៣និង៣០ នាទី”។
“ក្រុមអ្នកឆក់ត្រីទាំងនេះ នៅតែលបលួចធ្វើសកម្មភាពឆក់ត្រីនៅបឹងទន្លេសាប, តើអ្នកស្មានថាគេធ្វើលេងឬ? បើអ្នកនៅបន្តធ្វើយ៉ាងដូច្នេះទៀត នោះមានន័យថា អ្នកយកគុកធ្វើជាផ្ទះហើយ” លោកបណ្ឌិត បានបន្ថែមដូច្នេះ។
គួររំលឹកថា សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាទៅកងទ័ព និងកងកម្លាំងនគរបាល ប្រើប្រាស់ឧទ្ធម្ភាគចក្រ បង្រ្កាបជនទុច្ចរិតក្នុងបទល្មើសនេសាទលើបឹងទន្លេសាប។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ប៉ុន្មានអាទិត្យនេះ ខ្ញុំតាមដានដោយយកចិត្តទុកដាក់បំផុត ក្រុមអ្នកស៊ើបអង្កេតនិងសិក្សា គាត់មិនមែនជំនាញ មិនមែនជានគរបាលយុត្តិធម៌ទេ អ៊ីចឹងគាត់អត់មានសិទ្ធិចាប់ទេ បញ្ជូនអាព័ត៌មានហ្នឹងមកឱ្យខ្ញុំ ខ្ញុំបានបញ្ជូនទៅឱ្យអភិបាលខេត្ត រហូតដល់អភិបាលខេត្តយើងថាចាប់អត់បាន ព្រោះពួកវាលឿនពេក ទេ! លឿនប៉ុន្មាន? យើងដាក់ឧទ្ធម្ភាគចក្រក្បែរហ្នឹងទាំងអស់ បាញ់ពីលើតែម្ដង តើវាទៅណាមនុស្សហ្នឹង! ខេត្តពោធិ៍សាត់! ក្រោយមក ទើបចាប់បាន តែខេត្តដទៃទៀតនៅតែចាប់មិនបាន។
ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាឱ្យទូរទស្សន៍ជាតិកម្ពុជា (ទទក) ចាក់ផ្សាយនូវប្រសាសន៍របស់សម្តេចជុំវិញបទបញ្ជាឱ្យបិទឡូត៍នេសាទនៅលើបឹងទន្លេសាប កាលពីឆ្នាំ២០១២ ឡើងវិញផងដែរ។ សម្តេចបន្តថា សម្តេចកមិនគាំទ្រឡើយ ចំពោះការស្នើឱ្យមានការបើកឡូត៍នេសាទឯកជនឡើងវិញ ព្រោះវាជាមូលហេតុនៃជម្លោះ របស់ប្រជានេសាទជិត១០០ឆ្នាំមកនេះ។
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី៧ ខែមីនា បានរកឃើញបទល្មើសនេសាទទ្រង់ទ្រាយធំនៅលើបឹងទន្លេសាទ ស្ថិតនៅក្នុងខេត្តពោធិ៍សាត់ ដោយជនល្មើសជាជនជាតិវៀតណាមបានប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដូចជា ឆក់ត្រជាក់ (យ៉ាំងកាវ) ឆក់ក្ដៅ ឈិបយន្ត និងឆក់ទូកលឿន ដែលបានបំផ្លាញមច្ឆជាតិទាំងតូចទាំងធំ ទាំងត្រីមានស្រកា និងត្រីអត់ស្រកា ។
ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ នាថ្ងៃទី២៥ ខែមីនា បានប្រកាសលេខទូរសព្ទទាន់ហេតុការណ៍ (HotLine) សម្រាប់សារធាណជន និងបណ្តាសារព័ត៌មាន ដែលបានជួបប្រទះបទល្មើសជាក់ស្តែង។ ទូរសព្ទលេខ ០១២ ៩៩៥ ៦៦៥, ០១៧ ៧៣៥ ១៩៦, ០១២ ៨៧១ ០៧១ ជាប្រព័ន្ធ HotLine ដែលក្រសួងកសិកម្ម ផ្តល់សម្រាប់ទំនាក់ទំនងពេលពលរដ្ឋឃើញបទល្មើសនេសាទ។ បើតាមក្រសួង នេះជាការអនុវត្តតាមបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពិធីបិទសន្និបាតប្រចាំឆ្នាំ កាលពីថ្ងៃទី២៣ ខែមីនា។
ក្រសួងកសិកម្មបានអះអាងថា ខ្លួនបាន និងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការបង្ក្រាបបទល្មើសជលផលនៅជុំវិញបឹងទន្លេសាប ជាពិសេសបទល្មើសអូសអួន ឆក់ និងបទល្មើស ផ្សេងទៀតដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ធនធានជលផល៕