អង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ចាមអាចបោះពុម្ពសៀវភៅលក្ខណរូប និងបណ្ណ័ការងារ ជូនកម្មករ កម្មករនី និងបុគ្គលិកវិស័យឯកជនបានហើយ
ខេត្តកំពង់ចាម ៖ ក្រោយពីទទួលបានការប្រតិភូកម្មអំណាច តាមរយៈអនុក្រឹត្យលេខ១៨អនក្រ.បក ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ របស់រាជរដ្ឋាភិបាល ស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយសម្រាប់ការផ្តល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិ និងក្រោមការចង្អុលបង្ហាញរបស់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ជាពិសេស កិច្ចខិតខំប្រឹងប្រែងរបស់ មន្ត្រីអង្គភាពច្រកចេញចូល អង្គភាពច្រកអាចបោះពុម្ពសៀវភៅលក្ខណរូប និងបណ្ណ័ការងារដោយប្រើបច្ចេកវិជ្ជាកំព្យូទ័រ ជូនកម្មករ កម្មករនី និងបុគ្គលិកវិស័យឯកជន បានហើយ។
ក្រោមការចង្អុលបង្ហាញរបស់លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ត្រូវខិតខំធ្វើយ៉ាងណាត្រូវផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ អោយបានឆាប់រហ័សនោះ ដោយឡែកព្រឹកថ្ងៃ ១៥ ខែ កញ្ញា ឆ្នាំ ២០១៨ នេះ អង្គភាពច្រកចេញចូលតែមួយ បានធ្វើយុទ្ធនាការចុះធ្វើសៀវភៅការងារជូនកម្មករ កម្មការនីចំនួន ២២៨ នាក់ នៅរោងចក្រ ឈាង លីខប នៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ។
ក្នុងឱកាសនៃយុទ្ធនាការចុះធ្វើសៀវភៅការងារជូនកម្មករ កម្មការនីនោះដែរលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បាន មានប្រសាសន៍ថារូបលោក ពិតជារីករាយក្នុងចិត្តយ៉ាងខ្លាំង ដែលបានឃើញមន្ត្រី នៃអង្គភាពច្រកចេញចូលតែមួយ និងមន្ត្រីជួរក្រោយ នៃមន្ទីរការងារ បានរួមគ្នា ប្រឹងប្រែង ទទួលខុសត្រូវ ពន្លឿនការផ្ដល់សៀវភៅការងារ ជូនកម្មរ កម្មការីនី បន្ថយពីការធ្វើរាប់ខែ រាប់អាទិត្យ មកនៅត្រឹមពេល ក្រោមមួយអាទិត្យ និង សរសេរអក្សរ ដោយម៉ាស៊ីន computer ថែមទៀតផង ។
លោកគួច ចំរើន ក្នុងឱកាសនោះ បានសម្តែងការកោតសសើរចំពោះមន្ត្រីអង្គភាពច្រកចេញចូលតែមួយ និងមន្ត្រីជួរក្រោយមន្ទីរការងារ ដែលបានចំណាយពេលវេលាថ្ងៃសៅរ៍ (ថ្ងៃឈប់សម្រាក) ចុះមកធ្វើសៀវភៅការងារជូនកម្មករ កម្មការនីចំនួន ២២៨ នាក់ នៅរោងចក្រ ឈាង លីខប នៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ សៀវភៅទាំងនេះនឹងធ្វើអោយបានរួចរាល់នៅសប្តាហ៍ក្រោយ។
លោកគួច ចំរើន ក៏បានផ្តាំផ្ញើរកម្មករ កម្មការីនីយើង មកទទួលសេវានេះ ព្រោះថា សៀវភៅការងារ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះបងប្អូនកម្មករ កម្មការនីរបស់យើង ។
សូមគូសបញ្ជាក់ផងដែរថា យុទ្ធនាការចុះធ្វើសៀវភៅការងារជូនកម្មករ កម្មការិនីនេះបានធ្វើចំនួន ០៣ លើកមកហើយ សហគ្រាសចាប់ពីថ្ងៃទី ២៩ ខែសីហាឆ្នាំ២០១៨ ដោយលើក ទី១ រោងចក្រ វាឡុង បានចំនួន ១០៨២ក្បាល, លើកទី២ រោងចក្រ ដាតាន់អ៉ិនដាសស្រៀល ចំនួន៣០០ក្បាល ទី៣ រោច្រកលីឈាងខប ចំនួន២២៨ក្បាល សរុបចំនួន១៦១០ក្បាល នឹងបន្តសំរេចអោយនូវ គោលដៅដែលបានកំណត់ ចំនួន ៥១៥៩ក្បាល ដោយឡែកចំនួនកម្មករ កម្មការិនីដែលបានមកសៀវភៅការងារនៅអង្គភាពច្រក សរុបបានចំនួន ៤៦៨នាក់៕