ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌច្បារអំពៅនាំគ្នារើសសំរាមតាមដងផ្លូវក្នុងមូលដ្ឋាន ដើម្បីលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ចូលរួមក្នុងការគ្រប់គ្រងសំរាម សំណល់រឹងឲ្យបានល្អត្រឹមត្រូវ

123
ភ្នំពេញ ៖ ដើម្បីលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួមក្នុងការគ្រប់គ្រងសំរាម សំណល់រឹងឲ្យបានល្អត្រឹមត្រូវ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងជាការលើកកម្ពស់ ការយល់ដឹងដល់ប្រជាពលរដ្ឋ អំពីផលវិបាកយ៉ាងធ្ងន់ធ្ងរនៃសំរាម ដែលកើនឡើងនៅលើភពផែនដី  នាព្រឹកថ្ងៃសៅរ៍ ៦ កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ រដ្ឋបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានប្រារព្ឋទិវាសម្អាតបរិស្ថានពិភពលោក ដោយមានការចូលរួមពីលោក-លោកស្រីអភិបាលរង មន្ត្រីក្រោមអាវាទចំណុះជំនាញសាលាខណ្ឌ សង្កាត់ទាំងទាំង៨ យុវជនស.ស.យ.ក កម្លាំងអធិការការដ្ឋាននគរបាលខណ្ឌ កម្លាំងកងរាជអាវុធហត្ថខណ្ឌ និងសណ្តាប់ធ្នាប់ខណ្ឌ។
    លោក ចេង មុនីរ៉ា បានមានថ្លែងថា យើងធ្វើការរើសសំរាមនេះ គឺក្នុងគោលបំណង លើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ចូលរួមក្នុងការគ្រប់គ្រងសំរាម សំណល់រឹងឲ្យបានល្អត្រឹមត្រូវ នៅទូទាំងខណ្ឌ និងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងជាការលើកកម្ពស់ ការយល់ដឹងដល់ប្រជាពលរដ្ឋអំពីផលវិបាកយ៉ាងធ្ងន់ធ្ងរនៃសំរាម ដែលកើនឡើងនៅលើភពផែនដី តម្រូវឲ្យយើងទាំងអស់គ្នា រួមគ្នាចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដោះស្រាយបញ្ហានេះឲ្យបានប្រសើរឡើង ហើយគោលបំណងនៃទិវានេះ ក៏ស្របទៅនឹងការប្រឡងប្រណាំងទីក្រុងស្អាត ដែលផ្តួចផ្តើម និងដឹកនាំផ្ទាល់ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។
   លោកថា បញ្ហាសំរាម បើយើងមិនបានយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រង ឲ្យបានល្អត្រឹមត្រូវនោះទេ វាប្រាកដជាបង្កផលប៉ះពាល់ មកដល់យើងវិញជាក់ជាមិនខាន ព្រោះបញ្ហាសំរាម ធ្វើឲ្យមានក្លិនស្អុយមេរោគបង្កជម្ងឺ ខ្ពើមរអើម ប៉ះពាល់ដល់យើង អ្នកជិតខាងយើង និងអ្នកដំណើរឆ្លងកាត់ បណ្តាលឲ្យខូចសុខភាព ធ្វើឲ្យបាត់បង់សោភ័ណភាព អាប់ឱនកិត្តិយសគ្រួសារ មូលដ្ឋាន សង្គមជាតិ និងបាត់បង់ចំណូលពីវិស័យទេសចរណ៍ គ្មានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ជាទម្លាប់មិនល្អនៅក្នុងសង្គម និងគ្រួសារ បង្កឲ្យមានការបំពុលដល់បរិស្ថាន ដូចជា បំពុលទឹក ដោយសារធ្លាក់ចូលក្នុងប្រភពទឹកនានា និងកកស្ទះប្រព័ន្ធលូ។
  លោកបន្តថា ការចូលរួមរបស់មហាជនក្នុងការធ្វើ អនាម័យ បរិស្ថាន ការទុកដាក់សំណល់គ្រប់ប្រភេទ តាមលក្ខណៈបច្ចេកទេសបរិស្ថានបានល្អត្រឹមត្រូវ គឺជាការចូលរួមលើក ស្ទួយកែលម្អគុណភាពបរិស្ថាន សោភ័ណភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិដ្ឋាន វត្តអារាម សាលារៀន ឲ្យស្រស់ស្អាតផូរផង់ និងបៃតង ជានិច្ច រួមចំណែក លើកស្ទួយកិត្យានុភាពជាតិ និងសុខុមាលភាពប្រជាពលរដ្ឋយើងឲ្យបានប្រសើរឡើង៕
អត្ថបទដែលជាប់ទាក់ទង