គ.ជ.ប តម្កល់សេចក្តីសម្រេច បដិសេធ ការសុំចុះបញ្ជីបេក្ខជន ឈរឈ្មោះបោះឆ្នោតរបស់ គណបក្សភ្លើងទៀន នៅសង្កាត់អូរឫស្សីទី២
ភ្នំពេញ៖ បន្ទាប់ពីបើកបានសវនាការជាសាធារណៈ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាជំនុំជម្រះ នៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចតម្កល់ សេចក្តីសម្រេចបដិសេធ ការសុំចុះបញ្ជីបេក្ខជន ឈរឈ្មោះបោះឆ្នោតគណបក្សភ្លើងទៀន នៅសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សនវការនេះ ដឹកនាំដោយ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធានក្រុមប្រឹក្សា ជំនុំជម្រះ នៃ គ.ជ.ប ដែលមានសមាសភាព ៩រូប នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២២នេះ ដោយជំនុំជម្រះលើសំណុំរឿងលេខ ១៤៧ ដែលជាបណ្តឹងតវ៉ាការសុំចុះបញ្ជីបេក្ខជនគណបក្សភ្លើងទៀន នៅសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ក្នុងសំណុំរឿងលេខ ១៤៧ ដើមបណ្ដឹងឈ្មោះ ស ឡុងដេត ភេទប្រុស មានទីលំនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាតំណាងគណបក្សភ្លើងទៀន បានប្តឹងតវ៉ាទៅនឹងសេចក្តីសម្រេចរបស់ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដែលបានបដិសេធ ការសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន នៅសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
នៅក្នុងសវនាការអវត្តមានដើមបណ្តឹង មេធាវីដើមបណ្តឹង រួមនឹងបេក្ខជន ១៨នាក់ ពាក់ព័ន្ធសំណុំរឿងខាងលើ។ ក្រោយពីបានពិនិត្យកំណត់ ហេតុសាកសួរដើមបណ្តឹងរួចមក ក្រុមប្រឹក្សា ជំនុំជម្រះ នៃ គ.ជ.ប បានពិនិត្យពិចារណាគ្រប់អង្គហេតុ និងក្រោយពីបានពិភាក្សា ស្របតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប បានសម្រេច តម្កល់សេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដែលបានបដិសេធការសុំចុះបញ្ជីបេក្ខជន ឈរឈ្មោះបោះឆ្នោត របស់គណបក្សភ្លើងទៀន នៅសង្កាត់ អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះ នៃ គ.ជ.ប ជំនុំជម្រះ បានប្រកាសជា សាធារណៈ កំបាំងដើមបណ្តឹង និងមេធាវីតំណាង ដើមបណ្តឹង ប៉ុន្តែចាត់ទុកជាចំពោះមុខ ជាសេចក្ដីសម្រេចស្ថាពរបិទផ្លូវតវ៉ា៕