ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួបប្រតិភូសមាគម រោងចក្រផលិតស្បែកជេីង និងសមាគមរោងចក្រផលិតផលធ្វេីដំណេីរ និងស្បែក នៅកម្ពុជា
ភ្នំពេញ៖ នៅរសៀលថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២២ ឯកឧត្ដមចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូសមាគមរោងចក្រផលិតស្បែកជេីងនៅកម្ពុជា ដឹកនាំដោយលោកឧកញ៉ា លី ឃុនថៃ ជាប្រធានសមាគមនិងសមាគមរោងចក្រផលិតផលធ្វេីដំណេីរកាបូបនិងស្បែក នៅកម្ពុជា ដឹកនាំដោយលោកប្រធានសមាគម លឹម តុង នៅទីស្តីការក្រសួង ។
ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានសម្តែងការស្វាគមន៍និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រេីនរបស់សមាគមទាំងពីរ ដែលបានដេីរតួយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច និងការងារនៅកម្ពុជា ។
លោកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមរោងចក្រផលិតស្បែកជេីងនៅកម្ពុជា បានជម្រាបថា៖សមាគមផលិតស្បែកជេីងនៅកម្ពុជា បានបង្កេីតឡេីងរយ:ពេល ជាង១០ឆ្នាំមកហើយ ដោយបែកចេញពីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បច្ចុប្បន្នមានសមាជិក១០៥ ក្រុមហ៊ុន ។ នៅឆ្នាំ២០២១ ទឹកប្រាក់នៃការនាំចេញមានប្រមាណ ១ពាន់បីរយលានដុល្លារអាមេរិក ហេីយនៅដេីមឆ្នាំ២០២២នេះ កំពុងមានការឡេីងខ្ពស់ជាងមុន បេីប្រៀបនឹងរយ:ពេលដូចគ្នានៅឆ្នាំ២០២១ ។
ភាពរីកចម្រេីនរបស់សមាគមនេះ លោកឧកញ៉ា លី ឃុនថៃ បានសង្កត់ធ្ងន់ថា គឺដោយសារមានម្លប់សន្តិភាពក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យប្រទេសជាតិមានស្ថិរភាពនយោបាយ ដែលជាទំនុកចិត្តដ៏ខ្លាំងសម្រាប់អ្នកវិនិយោគទាំងក្នុងនិងក្រៅប្រទេស ។ ជាមួយគ្នានេះ លោកឧកញ៉ា លី ឃុនថៃ តំណាងឲ្យសមាជិកទាំងអស់បានបង្ហាញនូវទឹកចិត្តមិនអាចបំភ្លេចបាននូវគុណបំណាច់ដ៏ធំធេងរបស់រាជរដ្ឋាភិបាល ដែលជាមិត្តដែកថែបជាមួយមហាមិត្តចិន ខិតខំពុះពារ សម្របសម្រួលទាំងយប់ទាំងថ្ងៃ ដេីម្បីធ្វេីយ៉ាងណា អោយរោងចក្រនៅកម្ពុជាមានអាទិភាពទទួលបានវត្ថុធាតុដេីមយកមកផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារ ក្នុងកំឡុងពេលកំពុងមានវិបត្តិកូវីដ១៩ នៅប្រទេសចិន និងពិភពលោក ។ ពិតណាស់ការងារនេះ គឺត្រូវបានដេីរតួយ៉ាងសំខាន់របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ក្នុងការពិភាក្សាចរចារ សម្រេចបានដោយជោគជ័យ និងគួរជាទីមោទន: ។ និយាយជារួម នៅពេលដែលរោងចក្រនានា ជួបប្រទះនូវបញ្ហា ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ គឺជាតួអង្គដ៏សំខាន់ យកចិត្តទុកដាក់ សម្របសម្រួល ផ្តល់គំនិតល្អៗ និងដោះស្រាយជាដ៏រាបនិងទាន់ពេលវេលា មិនដែលអាក់ខានឡេីយ ដែលសមាគមសូមគោរពវាយតម្លៃខ្ពស់និងចងចាំមិនអាចភ្លេចនូវគំរូវីរ:ភាពនេះ ។
លោក លឹម តុង ប្រធានសមាគមរោងចក្រផលិតផលធ្វើដំណេីរ កាបូបនិងស្បែកនៅកម្ពុជា បានបញ្ជាក់ថាថ្វីត្បិតសមាគមទេីបបង្កេីតនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ និងទេីបដំណេីរការនៅខែធ្នូ ឆ្នាំ២០២១ក៏ពិតមែន តែបច្ចុប្បន្នសមាជិកក្រុមហ៊ុនជាង ៤០ក្រុមហ៊ុន ។ សមាគមបានខិតខំផ្សព្វផ្សាយពីវឌ្ឍនភាព និងបច្ចុប្បន្នភាព នៃស្ថានភាពសេដ្ឋកិច្ច សង្គម ក៏ដូចជាស្ថានភាពពាណិជ្ចកម្ម និងសក្តានុពលនៅកម្ពុជាក្នុងការជួយទាក់ទាញការវិនិយោគឲ្យបានកាន់តែច្រេីន ដេីម្បីជម្រុញកំណើនសេដ្ឋកិច្ច និងបង្កេីតការងារថ្មីៗនៅកម្ពុជា ។ សមាគមនឹងខិតខំសហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធដ៏ទៃទៀត ដេីម្បីជម្រុញវឌ្ឍនភាពក្នុងវិស័យរោងចក្រនៅកម្ពុជា ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានបញ្ជាក់បន្ថែមថាដោយកិច្ចសហការល្អយេីងបានជំនះការលំបាកជាច្រេីន ជាពិសេសក្នុងដំណាក់កាលនៃវិបត្តិកូវីដ១៩ ។ បរិស្ថានវិនិយោគនៅកម្ពុជាមានចំណុចទាក់ទាញច្រេីនយ៉ាង គឺកម្ពុជាមានស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ប្រព័ន្ធច្បាប់វិនិយោគមានតម្លាភាព និងការលេីកទឹកចិត្ត ជាពិសេសគឺភាពអនុគ្រោះពាណិជ្ជកម្ម ។ ប៉ុន្តែអ្វីដែលឯកឧត្តម ចង់រំលឹកផងដែរនោះគឺសមាគមរោងចក្រទាំងអស់ត្រូវយកចិត្តទុកដាក់ ចូលរួមក្នុងកម្មវិធីរោងចក្រកាន់តែប្រសេីរនៅកម្ពុជា(BFC) របស់អង្គការ ILO ពីព្រោះជាកម្មវិធីដែលផ្តួចផ្តេីមឡេីងដោយឯកឧត្តមផ្ទាល់តាំងពីឆ្នាំ១៩៩៨ គឺសម្រាប់ការកែលំអរស្ថានភាពការងារនៅកម្ពុជា និងគោរពសិទ្ធិកម្មករ ដែលមានទស្សន:វិស័យវែងឆ្ងាយទៅមុខ សម្រាប់កេរ្តិ៍ឈ្មោះ និងអនាគតក្នុងវិស័យកាត់ដេរនៅកម្ពុជា សម្រាប់ទាញ ទំនុកចិត្តពីអ្នកបញ្ជាទិញ ។ រោងចក្រនីមួយៗត្រូវចាត់ទុកកម្មវិធីនេះ ជាទុនខ្លួនឯង និងជាចំណុចសំខាន់សម្រាប់ការងារទីផ្សាររបស់ខ្លួន ។