ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ណុប ចាន់ណារិន្ទ ៖សុខសន្តិភាព ជាមូលដ្ឋានគ្រឹះ នៃសិទ្ធិសេរីភាព និងការអភិវឌ្ឍរីកចម្រើន

82

កំពត៖ ថ្លែងនៅក្នុងពិធីសម្ភោធ ដាក់ឲ្យ ប្រើប្រាស់ ផ្លូវបេតុងមួយខ្សែប្រវែង ២០០០ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៣ ឆ្ពោះចូលទៅកាន់វត្ត រួមនឹងសមិទ្ធផលនានា ក្នុងវត្តសិរីធានី ស្ថិតក្នុងភូមិគគីរ ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត កាលពីរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ លោក ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់ថា៖ អ្វីៗដែលកើតមានសព្វថ្ងៃ និងមានការជួបជុំគ្នាធ្វើបុណ្យ សប្បាយរីករាយនាពេលនេះ ដោយសារប្រទេសជាតិមានសុខសន្តិភាព ហើយក៏ជាមូលដ្ឋានគ្រឹះនៃសិទ្ធិសេរីភាព និងការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យជាបន្តបន្ទាប់។

ដូច្នេះយើងត្រូវរួមគ្នាថែរក្សាសុខសន្តិភាពឲ្យបានគង់វង់ ព្រោះនេះជាមរតក ប្រវត្តិសាស្ត្ររបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានខិតខំរកមក ដោយលំបាក និងការលះបង់គ្រប់បែបយ៉ាង យកអាយុជីវិតទៅប្ដូរ រហូតឈានដល់មានការបង្រួបបង្រួមជាតិ តាមរយ:ការដាក់ចេញនូវនយោបាយ ឈ្នះ-ឈ្នះ ក្នុងបុព្វហេតុបញ្ចប់ភ្លើងសង្គ្រាម និងការស្ដារកសាងប្រទេសជាតិមាតុភូមិ ពីបាតដៃទទេចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ។

យោងតាមរបាយការណ៍សាងសង់ បានឱ្យដឹងថា សមិទ្ធិផលដែល ធ្វើពិធីបុណ្យឆ្លង និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ មានផ្លូវបេតុងចូល វត្តប្រវែង២.០០០ ម៉ែត្រ ទទឹង ៤ម៉ែត្រ ចំណាយអស់ទឹកប្រាក់ចំនួន ២៣ម៉ឺនដុល្លារ រួមនឹងការចាក់ដីបំពេញទីធ្លាវត្ត ការចាក់បេតុងក្នុងបរិវេណវត្ត ការកសាងរូបសំណាកសត្វឆ្នាំទាំង១២ ខឿនព្រះពោធិព្រឹក្ស ព្រះពុទ្ធរូប បន្ទប់អនាម័យ ផ្ទះបាយ អាងទឹក ស្រះទឹក ទីចាត់ការសាលាបឋមសិក្សាសិរីធានី ខ្ជុះអង្គុយលេង ដែលចំណាយថវិកាសរុបអស់ចំនួន ៥២ម៉ឺន ៧ពាន់ ៧៧ដុល្លារ។ បច្ចុប្បន្នកំពុងបន្តកសាងសាលាធម្មសភាមួយខ្នងបន្ថែមទៀត ដែលមាន បណ្ដោយ ៣៦ម៉ែត្រ ទទឹង ៣៣ម៉ែត្រ ទើបតែសម្រេចលទ្ធផលបានប្រមាណ ៣០ ភាគរយប៉ុណ្ណោះ។

លោក រដ្ឋលេខាធិការ ក៏បានសរសើរចំពោះ សប្បុរសជន និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ដែលបានចូលរួមបរិច្ចាគធនធានថវិកាប្រកបដោយសទ្ធាជ្រះថ្លា ក្នុងការកសាងនូវសមិទ្ធផលនានា ក្នុងទីអារាមវត្តសេរីធានីនេះ ដើម្បីរួមគ្នាជ្រោងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យមានការរីកចម្រើនបន្តបន្ទាប់។
លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត ត្រូវត្រៀមលក្ខណៈសម្បត្តិដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២ ខាងមុខ ឱ្យបានគ្រប់ៗគ្នា ហើយត្រូវជ្រើសរើស តំណាងរបស់ខ្លួន ដែលតែងតែជួយទុក្ខធុរៈ និងផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ និងមានការអភិវឌ្ឍក្នុងមូលដ្ឋានមានការរីកចម្រើនពីដើមរៀងរហូតមក។
ក្នុងឱកាសនោះគណៈអធិបតី ក៏បានប្រគេនបច្ច័យដល់ ព្រះសង្ឃសម្រាប់ បន្តការអភិវឌ្ឍសមិទ្ធិផលនានាក្នុងវត្តបន្តទៀត ចំនួនជាង ១ម៉ឺន ២ពាន់ ៤រយដុល្លារ ជាការចូលរួមពី សប្បុរសជនក្នុងគ្រុបបណ្តាញសង្គមអ្នកឧកញ៉ា ប៉ោ សំអឿន និងលោកឧកញ៉ា ថាច់ សុខវិជ័យ ។
ទន្ទឹមនឹងនោះក៏មាន សម្លៀកបំពាក់ ជាអំណោយរបស់អ្នកឧកញ៉ា ប៉ោ សំអឿន និងលោកស្រី សារុង ក្រមា និងថាវិកាមួយចំនួនជា ការចូលរួមឧបត្ថម្ភពីលោក នួន ប៊ុនថេត និងលោកស្រី សម្រាប់ចែកជូន ប្រជាពលរដ្ឋ លោកយាយ លោកតា និងជូនថវិកាដល់ កងកម្លាំងការពារក្នុងមូលដ្ឋានផងដែរ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង