កម្ពុជាចង់ពន្លឿនការតភ្ជាប់ ជើងហោះហើរត្រង់ពីឥណ្ឌា ដើម្បីជំរុញលំហូរទេសចរ
ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា បានស្នើទៅកាន់រដ្ឋាភិបាល សាធារណរដ្ឋឥណ្ឌា តាមរយៈស្ថានទូតឥណ្ឌាប្រចាំរាជធានីភ្នំពេញ ជួយជំរុញចរន្តភ្ញៀវទេសចរពីឥណ្ឌាមកកាន់កម្ពុជាបន្ថែមទៀត ព្រមទាំងស្នើពន្លឿនការរៀបចំឱ្យមានជើងហោះហើរត្រង់ពីឥណ្ឌាមកកាន់កម្ពុជា ដើម្បីគាំទ្រដល់ការទាក់ទាញលំហូរភ្ញៀវទេសចរចូលមកកម្ពុជា។
ការស្នើយ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សារវាងឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកស្រី ទេវ្យានី ឧត្តម ខូប្រាហ្កាដេ (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា មុនពេលចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន២ នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២២។
នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានស្នើតាមរយៈ លោកស្រីឯកអគ្គរដ្ឋទូត ទេវ្យានី ទៅកាន់រដ្ឋាភិបាលសាធារណរដ្ឋឥណ្ឌា ដើម្បីជួយជំរុញបន្ថែមទៀត នូវចរន្តភ្ញៀវទេសចរ ពីប្រទេសឥណ្ឌាមកកាន់កម្ពុជា ពិសេសនៅសៀមរាប-អង្គរ ដែលមានសក្ដានុពល ផ្នែកទេសចរណ៍សាសនា និងទេសចរណ៍អាពាហ៍ពិពាហ៍ (Honeymoon) ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកដំណើរការឡើងវិញ ការផ្តល់ទិដ្ឋការពេលមកដល់ (Visa on arrival) សម្រាប់អ្នកដំណើរ អន្តរជាតិទាំងអស់ ទាំងអ្នកដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក រួមជាមួយការលុបចោល កាត្វកិច្ចនៃការធ្វើតេស្តរហ័ស (Rapid Test) និងការធ្វើតេស្ត PCR សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងពេញលេញ។
ទន្ទឹមនឹងនោះ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ក៏បានជំរុញឱ្យភាគីឥណ្ឌា ជួយពន្លឿនការរៀបចំ ឱ្យមានជើងហោះហើរត្រង់ទៅមកកម្ពុជា-ឥណ្ឌា ដើម្បីគាំទ្រដល់ការជំរុញលំហូរទេសចរពីគ្នាទៅវិញទៅមក ប៉ុន្តែនៅចំពោះមុខនេះគួរ ត្រូវចាប់ផ្តើមពីការរៀបចំមាន ហោះហើរមួយសប្តាហ៍ម្តងមកភ្នំពេញ ឬសៀមរាបជាមុនសិន។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានប្ដេជ្ញាថា ភាគីក្រសួងទេសចរណ៍ កម្ពុជារីករាយក្នុងការផ្តល់កិច្ចសហការលើការងារនេះយ៉ាងពេញទំហឹង ទាំងកិច្ចសហប្រតិបត្តិការ រៀបចំឱ្យមានការផ្លាស់ប្ដូរជើងហោះហើរ និងការតភ្ជាប់ជើងហោះហើរត្រង់។
ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត ទេវ្យានី ខូប្រាហ្កាដេ បានជម្រាបជូនថា លោកស្រីកំពុងខិតខំពិភាក្សា ក៏ដូចជាជំរុញឱ្យវិស័យ ឯកជនខាងភាគីឥណ្ឌារៀបចំឱ្យមាន Charter Flight ឬ Direct Flight ពីទីក្រុងណាមួយរបស់ឥណ្ឌាមកកាន់កម្ពុជា ដោយលោកស្រីបាន លើកឡើងថា ពេលនេះជាពេលល្អបំផុត សម្រាប់ភ្ញៀវទេសចរឥណ្ឌា ក្នុងការមកទស្សនាកម្ពុជា ខណៈកម្ពុជាមានការអភិវឌ្ឍច្រើន ម្យ៉ាងទៀតរាជរដ្ឋាភិបាល ក៏បន្ធូរបន្ថយលក្ខខណ្ឌស្ទើរទាំងអស់ ពាក់ព័ន្ធនឹងរបាំងនៃការធ្វើដំណើរ។
ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់បន្ថែមថា សម្រាប់ក្រសួង ទេសចរណ៍កម្ពុជាក៏នឹងសម្របសម្រួលដល់សមាគមទេសចរណ៍កម្ពុជា (CATA) សមាគមទេសចរណ៍អាស៉ីប៉ាស៉ីហ្វិក (PATA) ជាដើម បានជួបជាមួយដៃគូ ក្រុមហ៊ុនទេសចរណ៍ខាងឥណ្ឌា ដើម្បីឈានទៅដល់ ការរៀបចំឱ្យមាន Charter Flight ឬ Schedule Direct Flight និងការងាររៀបចំទទួល ភ្ញៀវទេសចរពីប្រទេសឥណ្ឌា។
គួរជម្រាបថា ដោយសារបច្ចុប្បន្នមិនទាន់មានជើងហោះហើរត្រង់ រវាងប្រទេសទាំងពីរ ដូច្នេះភ្ញៀវទេសចរនិងអ្នកដំណើរដែល ធ្វើដំណើរតាម ផ្លូវអាកាសពីប្រទេសឥណ្ឌាមកកាន់កម្ពុជា គឺត្រូវផ្លាស់ប្ដូរជើង ហោះហើរនៅប្រទេសថៃ ឬសិង្ហបុរី មុននឹងបន្តដំណើរមកដល់កម្ពុជា៕