ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ៖ ភាពចាំបាច់នៃ ការសាងសង់ អាកាសយានដ្ឋានថ្មីនេះ គឺដោយសារ អាកាសយានដ្ឋានបច្ចុប្បន្ន មិនអាចទទួលយន្តហោះខ្នាតធំបាននោះឡើយ

65

 

សៀមរាប ៖ នៅព្រឹកថ្ងៃអាទិត្យ ទី៣ ខែមេសា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិនិត្យវឌ្ឍនភាព នៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ស្ថិតនៅក្នុងឃុំពពេល និងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងចំណាយទុនវិនិយោគ ប្រមាណ ៨៨០លានដុល្លារអាមេរិក។ អាកាសយានដ្ឋាននេះ បានចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងប្រើរយៈពេលសាងសង់សរុបចំនួន ៣៦ខែ ឬ ៣ឆ្នាំ ដោយបានប្រើប្រាស់កម្មករប្រមាណជាង ១,០០០នាក់ ក្នុងនោះ ៧០ភាគរយជាពលករខ្មែរ។ តាមគម្រោងអាកាសយានដ្ឋាន អន្តរជាតិសៀមរាប-អង្គរ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ និងដំណើរការសាកល្បង ជាលើកដំបូងនៅខែតុលា ឆ្នាំ២០២៣។ បច្ចុប្បន្នការសាងសង់សម្រេច បានប្រមាណ ២២ភាគរយ នៃផែនការសរុប។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញ មកពិនិត្យពីវឌ្ឍនភាព នៃសំណើរការសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលសម្រេចបានលទ្ធផល គួរអោយកត់សម្គាល់នាពេលនេះ។ នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា មកដល់ពេលនេះ ដល់ពេលដែលកម្ពុជា ប្រកាសពីតារារះនាទិសឧត្តរហើយ ពីព្រោះបច្ចុប្បន្នយើងមាន តារារះនាទិសនិរតីរួចហើយ ដូច្នេះនៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសថា តំបន់ភូមិភាគនេះជាតារារះនាទិសឧត្តរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាន៍ថ្លែនូវការកោតសរសើរ ចំពោះគម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលបានបន្តមានវឌ្ឍនភាព ទោះបីស្ថិតក្នុងបរិបទនៃ ការរីករាលដាលជំងឺកូវីដ-១៩។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ជាគម្រោងដ៏ធំមួយ ដែលត្រូវបានចុះហត្ថលេខាដោយសម្តេច និងប្រធានាធិបតីចិន ស៊ី ជីនពីង។

សម្តេចតេជោនាយករដ្ឋបានថ្លែងថា អាកាសយានដ្ឋាន អន្តរជាតិសៀមរាប-អង្គរ ដែលមានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីអង្គរនេះ គឺជាចម្ងាយមួយធានាដល់សុវត្ថិភាពរបស់ប្រាសាទអង្គរ។ សម្តេចតេជោបាន មានប្រសាសន៍ទៀតថា ភាពចាំបាច់នៃការសាងសង់អាកាសយានដ្ឋានថ្មីនេះ គឺដោយសា រអាកាសយានដ្ឋានបច្ចុប្បន្ន មិនអាចទទួលយន្តហោះខ្នាតធំ បាននោះឡើយ។ អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរនេះនឹងអាចទទួលបានការហោះហើយយន្តហោះគ្រប់កម្រិត។ សម្តេចតេជោបានមានប្រសន៍ថា ចិនបានយកថវិកាមក វិនិយោគបង្កើតអាកាសយានដ្ឋាន នៅទីនេះ ហើយ៥០ឆ្នាំក្រោយ នឹងប្រគល់មកអោយ រាជរដ្ឋាភិបាលកម្ពុជា។ សម្តេចតេជោបានមាន ប្រសាសន៍ថា សូមកុំអោយមានការភ័ន្តច្រឡំថា ការវិនិយោគអាកាសយានដ្ឋាន អន្តរជាតិសៀមរាប-អង្គរ ផ្តល់ប្រយោជន៍ត្រឹមតែជនជាតិចិន ព្រោះនៅពេលខាងមុខ កម្ពុជាត្រូវទទួលអ្នក ទេសចរក្នុងទំហំកាន់តែធំ។ ម្យ៉ាងវិញតាមដើមរយៈគម្រោង ការសាងសង់អាកាសយានដ្ឋាននេះ ក៏បានផ្ដល់ការងារធ្វើដល់កូនខ្មែរជាច្រើននាក់ អាចទទួលបាននូវប្រាក់ខែសមរម្យ សម្រាប់ផ្គត់ផ្គង់ជីវភាព របស់ពួកគេទៀតផង។

សម្តេចតេជោបានមានប្រសាសន៍រំលឹកថា កាលពីឆ្នាំ២០១២ សម្តេចចង់រៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅសៀមរាប តែដោយសារតែព្រលាន យន្តហោះខេត្តសៀមរាប មិនអាចឱ្យយន្តហោះធំៗ របស់មេដឹកនាំប្រទេសដៃគូអាចចុះចតបាន។ សម្តេចតេជោបានមាន ប្រសាសន៍ទៀតថា ព្រលានយន្តអន្តរជាតិសៀមរាប-អង្គរ នឹងជំរុញឱ្យមានការ អភិវឌ្ឍនៅតំបន់ជុំវិញនេះ ជាពិសេសនឹងបង្កើត ជាកូនទីក្រុងនៅទីនេះទៀតផងនាពេលខាងមុខ។

សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះការ ខិតខំប្រឹងប្រែងរបស់ ក្រុមការងារសាងសង់ ក៏ដូចជាកម្មករ បុគ្គលិកទាំងជនជាតិចិន និងជនជាតិខ្មែរទាំងអស់ ដែលបានខិតខំក្នុងដំណើរ ការសាងសង់ព្រលានយន្តហោះថ្មីនេះ ទោះបីជាជួប នូវវិបត្តិកូវីដ-១៩ យ៉ាងណាក៏ដោយ និងសូមបន្តការខិតខំជាបន្តទៀត និងជូនពរឲ្យសម្រេច លទ្ធផល ទៅតាមការគ្រោងទុកនាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង