ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា មិនត្រូវការកងទ័ពបរទេស ហើយក៏មិនល្ងង់ ឲ្យទឹកដីកម្ពុជា ក្លាយជាទីតាំង កងទ័ពបរទេសដែរ

34

 

សៀមរាប៖ ថ្លែងចេញពីភាគឧត្ដរ នៃប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសជាថ្មីម្ដងទៀតថា កម្ពុជាមិនត្រូវការកងទ័ពបរទេស ដើម្បីមកបោះទីតាំងនៅក្នុងប្រទេសនោះទេ គឺត្រូវការតែអ្នកទេសចរបរទេសប៉ុណ្ណោះ។

ក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាព អាកាសយានដ្ឋានសៀមរាប-អង្គរ ខេត្តសៀមរាប សម្ដេចតេជោ ហ៊ុន សែន បានអះអាងច្បាស់ៗថា កម្ពុជា មិនល្ងង់រហូតដល់ឲ្យទឹកដីរបស់ខ្លួនក្លាយជាទីតាំងកងទ័ពបរទេស ខុសពីរដ្ឋធម្មនុញ្ញនោះឡើយ។

ការបញ្ជាក់បែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងដើម្បីកុំឲ្យ អ្នកវិភាគមួយចំនួន ចេះតែវិភាគដោយគ្មានមូលដ្ឋានច្បាស់លាស់ ឬវិភាគឲ្យតែបានហៅថា អ្នកវិភាគ ពាក់ព័ន្ធដំណើរការសាងសង់ អាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរ ដែលទទួលសិទ្ធិសាងសង់ ដោយក្រុមហ៊ុនចិន និងគម្រោងផ្សេងទៀត ដែលកម្ពុជាកំពុងធ្វើការជាមួយភាគីចិន។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះថា «កម្ពុជាមិនល្ងង់រហូតទៅ ដល់ឲ្យទឹកដីរបស់ខ្លួនបោះកងទ័ពបរទេស ខុសពីធម្មនុញ្ញរបស់ខ្លួន ហើយយកទ័ពបរទេស កងទ័ពចិនមកដាក់ ស្រុកខ្មែរដើម្បីអី។ យោធាបរទេសនៅបាន ប៉ុន្ដែនៅក្នុងឋានៈ ជាអនុព័ន្ធយោធា យើងអត់ត្រូវការទីប្រឹក្សា យោធាបរទេសនៅស្រុកខ្មែរទេ»

ព្រមពេលជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏ឆ្លៀតផ្ដាំផ្ញើដល់អ្នកវិភាគ ដែលជាជនជាតិខ្មែរ ឬខ្លះមានជាជនជាតិបរទេស ប្រយ័ត្នរង់ការស្ដីបន្ទោស ពីសម្ដេច ក្នុងករណីវិភាគខុសរឿង ពាក់ព័ន្ធព្រលានយន្ដហោះ នៅខេត្តសៀមរាបនេះ ហើយសម្ដេចសង្ឃឹមថា អ្នកវិភាគមិនវិភាគទៅជ្រុលហួស រឿងអនុញ្ញាតឲ្យមានការបោះ មូលដ្ឋានទ័ពបរទេសនៅកម្ពុជា ពិសេសនៅពេលសាងសង់ ព្រលានយន្ដហោះថ្មីម្ដងៗ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់អំពីយុទ្ធសាស្ដ្រ យោធាប្រាប់ទៅ អ្នកវិភាគទាំងអស់នោះថា ក្នុងករណីយន្ដហោះកងទ័ពបរទេស ចង់បើកប្រតិបត្តិការ យោធានៅកម្ពុជា មិនចាំបាច់អីត្រូវសាងសង់ អាកាសយានដ្ឋានថ្មីនោះទេ ពោលប្រើប្រាស់ទីតាំង ដែលមានស្រាប់រួចបាត់ទៅហើយ ប៉ុន្ដែកម្ពុជា មិនមានតម្រូវការ បែបនេះឡើយ។

សម្ដេចក៏បានរំលឹករឿងកាលពីជួបជាមួយឯកអគ្គរដ្ឋទូតអូស្ដ្រាលី និងអនុព័ន្ធយោធាអូស្ដ្រាលី កាលពីថ្មីៗនេះដែរថា ក្នុងជំនួបនោះសម្ដេចបាន បញ្ជាក់ទៅកាន់ឯកអគ្គរដ្ឋទូតអូស្ដ្រាលីថា កម្ពុជាមិនត្រូវការកងទ័ពបរទេស ហើយក៏មិនត្រូវការទីប្រឹក្សា យោធាបរទេសនោះដែរ កម្ពុជាអនុញ្ញាតឲ្យ តែអនុព័ន្ធយោធានៅតែប៉ុណ្ណោះ។

ប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី , អាកាសយានដ្ឋាន អន្ដរជាតិសៀមរាប-អង្គរ ស្វាគមន៍គ្រប់យន្ដហោះបរទេសទាំងអស់ ដែលចង់ចុះចត ក្នុងក្របខ័ណ្ឌទេសចរណ៍ ដោយគ្មានការរើងអើស ឬកំណត់ប្រទេសនោះទេ។ ចំណុចនេះសម្ដេចបានបញ្ជាក់ច្បាស់ៗថា អាកាសយានដ្ឋានទាំងអស់ របស់កម្ពុជា គឺបម្រើឲ្យវិស័យទេសចរណ៍ និងដឹកជញ្ជូន។

 

អត្ថបទដែលជាប់ទាក់ទង