សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មចំពោះការលើកឡើង របស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដែលបានរិះគន់អាជ្ញាធរ លើការរឹតត្បឹតកម្ពស់ នៃការសាងសង់នៅខេត្តសៀមរាប
សៀមរាប ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រតិកម្មចំពោះការលើកឡើង របស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដែលបានរិះគន់អាជ្ញាធរ លើការរឹតត្បឹតកម្ពស់ នៃការសាងសង់នៅខេត្តសៀមរាប។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ប្រសិនបើធ្វើអគារខ្ពស់ៗបែបនោះ អង្គរវត្តនឹងត្រូវដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោកហើយ។ សម្តេចបានផ្តល់ដំបូន្មានដល់អ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យថា ត្រូវមើលព្រៃទាំងមូល កុំមើលឈើមួយដើម។
នៅព្រឹកថ្ងៃចន្ទ ទី៤ ខែមេសា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវចំនួន៣៨ខ្សែ និងការកែលំអរដងស្ទឹងសៀមរាប ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀត ក្នុងក្រុងសៀមរាប។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងការកោតសរសើរដល់គណៈកម្មការអន្តរក្រសួងដែលបានខិតខំប្រឹងប្រែង ក្នុងការកសាងផ្លូវទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាប ឱ្យក្លាយជាសមិទ្ធផលដ៏ល្អប្រណិតនាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា ផ្លូវទាំង៣៨ខ្សែ គឺជាការយកកម្ពុជាចិញ្ចឹមកម្ពុជា ពីព្រោះការសាងសង់ផ្លូវទាំងនេះ ជាការសាងសង់ដោយកូនខ្មែរ និងជាថវិការបស់ជាតិផ្ទាល់តែម្តង មិនមានបរទេសណាចូលរួមនោះទេ។ សម្តេចតេជោពិតជារីករាយចំពោះសមិទ្ធផលថ្មីនេះ និងប្រកាសជាថ្មីថា សមិទ្ធផលទាំងអស់ដែលកើតមានឡើងលើទឹកដីនៃខេត្តសៀមរាបនេះ ត្រូវប្រសិទ្ធនាមថា ជាតារារះនាទិសឧត្តរ។ សម្តេចតេជោបានមានប្រសាសន៍បន្តទៀតថា ផ្លូវទាំង៣៨ខ្សែនេះ សុទ្ធតែមានព្រះនាមព្រះមហាក្សត្រ អតីតព្រះមហាក្សត្រ និងឥស្សរជនសំខាន់ៗកម្ពុជា ដែលបានសាងស្នាមព្រះហស្ថ និងស្នាដៃចំពោះជាតិនាពេលកន្លងមក។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការសាងសង់ផ្លូវ និងកែលំអរស្ទឹងសៀមរាប មិនអាចកាត់ផ្តាច់នូវការចូលរួមរបស់ប្រជាពលរដ្ឋនោះឡើយ ពីព្រោះមានប្រជាពលរដ្ឋខ្លះ បានរងប៉ះពាល់ក្នុងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសៀមរាប ហើយដែលបានស្ម័គ្រចាកចេញពីកន្លងដែលត្រូវសាងសង់ និងប្រគល់ដីជូនអាជ្ញាធរ។
សម្តេចតេជោបានណែនាំដល់ក្រុមការងារថ្នាក់ជាតិ និងអាជ្ញាធរខេត្តសៀមរាប ត្រូវយកចិត្តទុកដាក់លើបងប្អូនប្រជាពលរដ្ឋយើង ដែលត្រូវបានផ្លាស់ចេញពីកន្លែងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងកែលំអរស្ទឹងសៀមរាប ហើយទៅរស់នៅភូមិអភិវឌ្ឍតេជោរុណតាឯកនោះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងការកែលម្អដងស្ទឹងសៀមរាបនោះ យើងមិនអាចចាក់បេតុងនៅតាមច្រាំង និងមាត់ស្ទឹងនោះទេ ព្រោះជាតំបន់អភិរក្ស និងជាលក្ខខណ្ឌរបស់អង្គការយូណេស្កូ ដែលបានកំណត់ថាប្រាសាទអង្គរ ត្រូវបានដាក់ចូលបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។
សម្តេចក៏បានអរគុណដល់ ICC-Angkor ដែលបានចូលរួមអភិរក្សប្រាសាទអង្គរ និងក្រុងសៀមរាប ហើយកម្ពុជាបានចុះហត្ថលេខាការងារជាបន្តទៀតជាមួយ ICC-Angkor ក្នុងការអភិរក្សប្រាសាទអង្គរ និងការអភិវឌ្ឍក្នុងក្រុងសៀមរាប រយៈពេល១០ឆ្នាំបន្តទៀត បន្ទាប់ពីអនុវត្តបាន៣០ឆ្នាំមកហើយ។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រតិកម្មនឹងអ្នកអភិវឌ្ឍន៍អចលនទ្រព្យមួយចំនួន ដែលចង់ឱ្យមានការអភិវឌ្ឍអគារខ្ពស់ៗនៅក្នុងក្រុងសៀមរាប។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ប្រសិនបើធ្វើអគារខ្ពស់ៗបែបនោះ អង្គរវត្តនឹងត្រូវដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោកហើយ។ សម្តេចបានផ្តល់ដំបូន្មានដល់អ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យថា ត្រូវមើលព្រៃទាំងមូល កុំមើលឈើមួយដើម។
សម្តេចតេជោបានជម្រាបទៅយូណេស្កូ ថាសូមកុំបារម្ភចំពោះការអនុវត្តនូវលក្ខខណ្ឌទាំងឡាយចំពោះការអភិរក្សនៅតំបន់ក្រុងសៀមរាប គឺកម្ពុជាមិនកាប់មេមាន់ដើម្បីឆ្ងាញ់មួយពេលនោះទេ ផ្ទុយទៅវិញគឺកម្ពុជាត្រូវចិញ្ចឹមមេមាន់ឱ្យធំធាត់ ដើម្បីយកពងយូរអង្វែង។
នៅថ្ងៃនេះ ដោយសារថ្ងៃទី៤មេសានេះ ដែលជាថ្ងៃកំណើតផ្លូវការរបស់សម្តេច ដូច្នេះ សម្តេចសូមយកឱកាសនេះថ្លែងអំណរព្រះគុណដល់ព្រះមហាក្សត្រ អរព្រះគុណដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានជូនពរសម្ដេចក្នុងថ្ងៃនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការអភិវឌ្ឍន៍អចលនទ្រព្យ ដោយការសាងសង់អគារខ្ពស់ៗ នៅខេត្តសៀមរាប ត្រូវគោរពតាមលក្ខខណ្ឌបច្ចេកទេស របស់អង្គការយូណេស្កូ ដោយមិនចេះតែធ្វើបំពាននោះទេ។
សម្តេចបញ្ជាក់ថា ប្រសិនបើកម្ពុជាធ្វើការសាងសង់ បំពានលក្ខខណ្ឌបច្ចេកទេស របស់អង្គការយូណេស្កូនោះ អង្គរវត្តរបស់កម្ពុជា នឹងត្រូវចេញពីបញ្ជីបេតិកភណ្ឌពិភពលោក ដែលអាចធ្វើឲ្យកម្ពុជាខាតបង់ធំធេង។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសជឿនលឿនមួយចំនួន នៅលើពិភពលោក ដែលសាងសង់បំពានលក្ខខណ្ឌបច្ចេកទេស របស់អង្គការយូណេស្កូ ត្រូវបានដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោក។
សម្តេចតេជោ ហ៊ុន សែន បន្តថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងរៀបចំដាក់តំបន់ផ្សេងទៀត ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដូច្នេះកម្ពុជាត្រូវតែគោរពលក្ខខណ្ឌរបស់អង្គការយូណេស្កូ។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន សំដៅលើឧកញ៉ាបណ្ឌិត គីម ហ៊ាង អ្នកអភិវឌ្ឍន៍អចលទ្រព្យ ដែលបានលើកឡើងកាលពីពេលថ្មីៗ កន្លងទៅនេះ នៅលើទឹកដីខេត្តសៀមរាប។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចធ្លាប់ស្នើដល់ក្រុមហ៊ុនមួយ ដែលចង់វិនិយោគជីកស្រះដ៏ធំមួយនៅសៀមរាប ឲ្យធ្វើការកែតម្រូវភ្លាមៗ បន្ទាប់ពីមានប្រតិកម្មពីអង្គការយូណេស្កូ។
ជាមួយគ្នានេះ សម្តេចបានស្នើដល់លោកបណ្ឌិត គីម ហ៊ាង បញ្ឈប់ការទិតៀនអាជ្ញាធរពាក់ព័ន្ធនឹងការកម្រិតកម្ពស់ ក្នុងការអភិវឌ្ឍន៍សាងសង់អគារបន្តទៀត ការអភិវឌ្ឍន៍កន្លែងផ្សេងបាន តែមិនមែននៅជិតតំបន់អង្គរនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ខ្ញុំសុំយកឱកាសនេះ និយាយបន្តិចជូនចំពោះអ្នកវិនិយោគដីធ្លី ផ្នែកអចលនទ្រព្យ ដែលមុននេះបានបញ្ចេញមតិ ធ្វើឲ្យមានប្រតិកម្ម ខ្ញុំគិតថាការលើកឡើងនោះគាត់ក៏ដឹងថាខុស គាត់លើកឡើងថា នៅសៀមរាបមិនអាចអភិវឌ្ឍន៍បានដោយសារ អាជ្ញាធរមិនឲ្យសាងសង់ខ្ពស់ ខ្ញុំសូមបញ្ជាក់ថា មិនអាចយកតំបន់សៀមរាប ប្រៀបធៀបទៅនឹងទីផ្សារអចលនទ្រព្យ ដូចជាខេត្តដទៃទេ បើសិនជាធ្វើដូច្នេះ គឺកម្ពុជានឹងត្រូវគេបណ្តេញ ដោយយកអង្គរវត្តរបស់យើងចេញពី បញ្ជីបេតិកភណ្ឌពិភពលោកហើយ អីចឹងសូមឲ្យអ្នកទីផ្សារអចលនទ្រព្យ សូមមើលព្រៃទាំងមូល កុំមើលឈើមួយដើមៗ។
សម្តេចតេជោបញ្ជាក់ថា រាជរដ្ឋាភិបាលមិនអាចធ្វើឲ្យប្រាសាទអង្គរ ដែលជាបេតិកភណ្ឌរបស់ពិភពលោក បាត់បង់លក្ខខណ្ឌសម្បត្តិណាមួយ ជាសម្បត្តិបេតិកភណ្ឌពិភពលោកនោះទេ។ សម្តេចសូមឲ្យអង្គការអន្តរជាតិ ដូចជាយូណេស្កូ ក៏ដូចជាប្រទេសដៃគូ ដែលជាសហប្រធានគណៈកម្មការអន្ដរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ដ្រអង្គរ (ICC) រួមមានប្រទេសជប៉ុន និងប្រទេសបារាំង ដែលគ្រោងចុះហត្ថលេខាបន្តជាមួយកម្ពុជា១០ឆ្នាំបន្ថែមទៀត កុំមានការស្ទាក់ស្ទើរ នេះជាការអះអាងរបស់សម្តេច ក្នុងនាមជានាកយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីធានាថា សម្បត្តិដូនតាដែលបានខិតខំរក្សាទុកពីមុនមកត្រូវបានគោរព។
គួររំលឹកថា បន្ទាប់ពីប្រព្រឹត្តកំហុស និយាយប៉ះពាល់ដល់វប្បធម៌ជាតិ ឧកញ៉ា គីម ហ៊ាង អ្នករកស៊ីក្នុងវិស័យអចលនទ្រព្យ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ បានចេញលិខិតសុំទោសជាសាធារណៈដល់ប្រជាជនកម្ពុជា អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ពិសេសដល់ថ្នាក់ដឹកនាំប្រទេស ចំពោះកំហុសដ៏ធំនេះ។
សម្តេចតេជោបន្តថា ថ្ងៃនេះកាលពី៥២ឆ្នាំមុន ជាពេលដែលសម្តេចក្លាយជាយុទ្ធជន ដែលបានធ្វើដំណើរតស៊ូចូលទៅក្នុងព្រៃ តាមការអំពាវនាវរបស់សម្តេចព្រះបរមរតនកោដ្ឋ។ ជាថ្មីម្ដងទៀត នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ សម្ដេចតេជោសូមឲ្យបងប្អូនប្រជាពលរដ្ឋអាចកម្សាន្តសប្បាយរីករាយតាមប្រពៃណីទំនៀមទម្លាប់ខ្មែរយើង ប៉ុន្តែត្រូវអនុវត្តវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ពីការចម្លងជំងឺកូវីដ-១៩។
មុននឹងបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាបនាថ្ងៃនេះ និងបានជូនពរឲ្យបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា ហើយក៏បានប្រកាសសម្ពោធ ដាក់ឱ្យប្រើប្រាស់ថារចនាសម្ព័នផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប ចាប់ពីពេលនេះតទៅ៕