ជនស៊ីវិលអ៊ុយក្រែន ស្លាប់រដូករណែល ពេញដងផ្លូវក្រោយរុស្ស៊ី ដកទ័ព
បរទេស ៖ សាកសពបុរសជាជនស៊ីវិលប្រមាណ ២០នាក់ ត្រូវបានគេប្រទះឃើញដេក រដូករណែល ពាសពេញផ្លូវក្នុងទីក្រុង Bucha ភាគពាយព្យទីក្រុង កៀវ បន្ទាប់ពីកងកម្លាំងរុស្ស៊ី ដកចេញពីតំបន់នេះ។
អ្នកស្លាប់ទាំងអស់ ដែលស្លៀកសម្លៀកបំពាក់ស៊ីវិល ត្រូវបានគេឃើញក្នុងសភាពខុសៗគ្នា ដោយខ្លះបែរមុខទៅចិញ្ចើមថ្នល់ ខ្លះទៀតបែរមុខទៅខាងលើ ហើយចំហមាត់។
យោងតាមអ្នកកាសែត AFP ដែលចូលទៅទីក្រុង បន្ទាប់ពីវាត្រូវបានកាត់ផ្តាច់អស់រយៈពេលជិតមួយសប្តាហ៍ បានឲ្យដឹងថា “ក្នុងចំណោមនោះ សពបុរសបីនាក់ បានជាប់ជាមួយកង់ ខណៈអ្នកផ្សេងទៀតមានស្បែកដូចក្រមួន ដេកស្លាប់នៅក្បែររថយន្តដែលបាញ់សុសដោយគ្រាប់កាំភ្លើង”។
សពបុរសម្នាក់ទៀត អាចត្រូវបានគេឃើញ ដោយដៃរបស់គាត់ ចងក្រណាត់ ស នៅពីក្រោយខ្នង។
អភិបាលក្រុង Bucha លោក Anatoliy Fedoruk បាននិយាយថា ជនស៊ីវិលដែលស្លាប់ គឺរងគ្រោះដោយអំពើអមនុស្សធម៌ ពីសំណាក់កងកម្លាំងរុស្ស៊ី។
លោក Fedoruk បានប្រាប់រ៉យទ័រ កាលពីថ្ងៃសៅរ៍ទី០២ខែមេសាថា “សាកសពមនុស្សដែល ត្រូវបានគេប្រហារជីវិត នៅតែរាយប៉ាយពេញផ្លូវ Yabluska ក្នុងទីក្រុង Bucha។ ដៃរបស់ពួកគេត្រូវបានចងនៅពីក្រោយខ្នង ជាមួយនឹងក្រណាត់ពណ៌ស។ ពួកគេត្រូវបានបាញ់ ចំក្បាលខាងក្រោយ។ ដូច្នេះអ្នកអាចស្រមៃទៅមើលថាតើ ពួកគេបានប្រព្រឹត្តអំពើ ខុសច្បាប់ប្រភេទណានៅទីនេះ”។
ក្រុមអាជ្ញាធរអ៊ុយក្រែនបានចោទប្រកាន់ការចាកចេញរបស់កងកម្លាំងរុស្ស៊ីនៅថ្ងៃចន្ទនេះថា ជាការប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងបន្សល់ទុកនៅសោកនាដកម្មដូចជាភាពយន្តរន្ធត់ក្រៅឆាក។ ក្រុមមន្ត្រីអ៊ុយក្រែននិយាយថា សាកសពជនស៊ីវិលចំនួន ៤១០នាក់ត្រូវបានរកឃើញនៅក្នុងទីក្រុងមួយចំនួនរបស់រដ្ឋធានីគីវ ដែលត្រូវបានដណ្ដើមយកមកវិញពីទាហានរុស្ស៊ីនៅពេលថ្មីៗនេះ។ ប្រជាពលរដ្ឋក្នុងទីក្រុង Bucha របស់អ៊ុយក្រែនកាលពីថ្ងៃអាទិត្យបានចោទប្រកាន់កងទ័ពរុស្ស៊ីថា បានបាញ់សម្លាប់ជនស៊ីវិលដោយគ្មានហេតុផល មុនពេលពួកគេនាំគ្នាដកចេញពីតំបន់រដ្ឋធានីគីវ។ អ្នកក្រុង Bucha ម្នាក់បានរៀបរាប់ថា មនុស្សទាំងនោះកំពុងដើរនៅតាមផ្លូវ ស្រាប់តែពួកគេបាញ់សម្លាប់ដោយគ្មានសួរនាំមួយម៉ាត់។
អភិបាលក្រុងគីវលោក Vitaly Klitschko បានចុះពិនិត្យទីក្រុង Bucha ដែលរងការបំផ្លិចបំផ្លាញកាលពីថ្ងៃអាទិត្យជាមួយបងប្រុសរបស់លោកដោយនិយាយថា នេះគឺជាការពិតដែលប្រជាជនអ៊ុយក្រែនកំពុងប្រឈមនៅពេលនេះនៅក្នុងទីក្រុង និងទីប្រជុំជនជាច្រើននៅទូទាំងប្រទេស។ គួរឲ្យដឹងថា ទីក្រុងដែលស្ថិតនៅជាយរដ្ឋធានីគីវមួយនេះ ត្រូវបានកងកម្លាំងរុស្ស៊ីកាន់កាប់បានប្រហែលរយៈពេល ១ខែ។
យ៉ាងណាក្តី ទូរទស្សន៍ CNN មិនអាចបញ្ជាក់ អំពីព័ត៌មានលម្អិត ជុំវិញការស្លាប់របស់បុរស ទាំងនោះបានទេ៕