នឹងបើកសវនាការសំណុំរឿងលោក កឹម សុខា នៅថ្ងៃទី១៧ កញ្ញា តែនាយកខុទ្ទកាល័យលោកកឹម សុខា ថាគ្នានសវនាការនេះទេ
ភ្នំពេញ ៖ សាលាឧទ្ធរណ៍បានចេញសេចក្តីជូនដំណឹង ទៅកាន់អគ្គនាយក នៃនាយកដ្ឋានពន្ធនាគារត្រពាំងផ្លុង លើសំណុំរឿង លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នឹងបើកសវនាការ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨។
ប៉ុន្តែនៅរសៀលថ្ងៃទី១៥កញ្ញានេះ លោក មុត ចន្ថា នាយកខុទ្ទកាល័យលោកកឹម សុខា បានលើកឡើងថានៅថ្ងៃទី១៧ ខែកញ្ញា គ្នានសវនាការនេះទេ ។ បើតាមលោកមុត ចន្ថា ៖” សូមជូនដំណឹង នៅថ្ងៃចន្ទ ទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ ពុំមានសវនាការលើបណ្តឹងឧទ្ធរណ៍ ចំពោះដីកាសម្រេចពន្យារពេលឃុំខ្លួន ឯកឧត្តម កឹម សុខា ទេ។ សូមសាធារណជនជាតិ និង អន្តរជាតិជ្រាប” ។
លោក អ៊ឹម សុផាន អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ បានចេញដីកា កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា តបតាមកម្មវត្ថុ សំណើសុំចាត់ឲ្យនាំជនត្រូវចោទមកសវនាការ លើសំណុំរឿង ស៊ើបសួរលេខ២៤៩/០៣. ៩.២០១៧ របស់សាលាដំបូងរាជធានីភ្នំពេញ ពីបទ សន្និដ្ឋិភាពជាមួយបរទេស ប្រព្រឹត្តនៅប្រទេសកម្ពុជា និងកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញតមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។
យោងតាមដីកាបានឲ្យលោក កឹម សុខា ជាជនត្រូវចោទទៅកាន់ សាលាឧទ្ធរណ៍នៅពេលបើកសវនកាជំនុំជម្រះ នៅថ្ងៃទី១៧ ខែកញ្ញា វេលាម៉ោង២រសៀល នៅបន្ទាប់សវនាការទី៣ ដោយមានក្រុមប្រឹក្សាចំនួនបីរូប គឺលោក ឃុន លាម៉េង ប្រធានក្រុមប្រឹក្សា លោក យូ ប៊ុនណា ចៅក្រមប្រឹក្សា លោក សួស សំអាត ចៅក្រមប្រឹក្សា ចំណែកលោកស្រី ប៉េស រីណា ជាក្រឡា បញ្ជីសវនាការ។ ដីកាបានឲ្យដឹងទៀតថា នៅពេលចប់សវនាការហើយត្រូវនាំជនត្រូវចោទត្រឡប់ទៅ ពន្ធនាគារវិញ ដើម្បីបន្តអនុវត្តសេចក្តីសម្រេចរបស់តុលាការពីមុនមក បើគ្មានសេចក្តីសម្រេចថ្មីទៀតទេ។
លោក កឹម សុខា ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញសម្រេច ដោះលែងឲ្យមាន សេរីភាពបណ្តោះអាសន្ន កាលពីម៉ោង៣ទៀបភ្លឺ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។ លោក កឹម សុខា ត្រូវបានឃុំខ្លួនបន្ត នៅក្នុងគេហដ្ឋានរបស់លោក ស្ថិតនៅផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទូលគោក រាជធានីភ្នំពេញ។ លោក កឹម សុខា មិនត្រូវបានអនុញ្ញាតឲ្យចេញបរិវេណផ្ទះ ជាពិសេសការជួបជាមួយសកម្មជន ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងជនបរទេស ជាដើម។ល។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការដោះលែងលោក កឹមសុខា ជាបណ្តោះអាសន្ននេះដោយសារតែបញ្ហាសុខភាព មិនមែនបញ្ហានយោបាយនោះទេ៕