ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួង សាធារណការ ផ្សព្វផ្សាយការប្រើប្រាស់ប្រព័ន្ធ បង់ប្រាក់ពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

34

 

ភ្នំពេញ ៖ កាលពីថ្ងៃទី៤ខែមេសាឆ្នាំ២០២២ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានអចិន្ត្រៃយន៍នៃអនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការប្រើប្រាស់ប្រព័ន្ធបង់ប្រាក់ផាកពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការដកពិន្ទុ និងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ និងធ្វើការបែងចែកឧបករណ៍បច្ចេកទេសពិន័យបទល្មើសចរាចរណ៍ចំនួន ៣០០គ្រឿង ដែលជាអំណោយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ទៅស្នងការដ្ឋាននគរបាលទូទាំង ២៥រាជធានី ខេត្ត ដែលមានការចូលរួម និងធ្វើបទបង្ហាញពីក្រុមការងារបច្ចេកទេសគម្រោង នៃនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ស្នងការរងទទួលបន្ទុកហិរញ្ញវត្ថុ ស្នងការរងទទួលផែនសណ្តាប់ធ្នាប់ និងចរាចរណ៍ នៃស្នងការដ្ឋាននគរបាលទូទាំង ២៥រាជធានី ខេត្ត សរុប ១១៤រូប និងតំណាងក្រុមហ៊ុនទ្រូម៉ាន់នី (True Money)។

គោលបំណងនៃកិច្ចប្រជុំខាងគឺ ដើម្បីបែងចែកឧបករណ៍បច្ចេកទេសពិន័យបទល្មើសចរាចរណ៍ចំនួន ៣០០គ្រឿង សម្រាប់ប្រើប្រាស់ក្នុងកម្មវិធីដកពិន្ទុបណ្ណបើកបរ និងផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោក ដែលជាអំណោយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ទៅអគ្គស្នងការដ្ឋាននគរបាលជាតិ សម្រាប់មន្ត្រីនគរបាលចរាចរណ៍យកទៅបំពេញភារកិច្ចរបស់ខ្លួន និងការបណ្តុះបណ្តាលដល់មន្ត្រីនគរបាលចរាចរណ៍ ទៅលើការប្រើប្រាស់បច្ចេកវិទ្យាថ្មីទាក់ទងនឹងការគ្រប់គ្រងទិន្នន័យ ពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នីតិវិធីប្រតិបត្តិការប្រព័ន្ធ និងការប្រើប្រាស់ឧបករណ៍ពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងវិធីគ្រប់គ្រងព័ត៌មាន និងការរក្សាទុកទិន្នន័យនៃការពិន័យ។ កម្មវិធីនេះ ក៏អាចទាញយកជារបាយការណ៍នៃការផាកពិន័យ ប្រចាំថ្ងៃ ប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំ តាមរយៈឧបករណ៍ដកពិន្ទុ និងពិន័យ និងការត្រៀមលក្ខណៈក្នុងការអនុវត្តជាក់ស្តែងនៅពេលប្រកាសដាក់ឱ្យប្រេីប្រាស់កម្មវិធីដកពិន្ទុបណ្ណបើកបរ និងផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោក នាពេលខាងមុខនេះ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានលើកឡើងថា កិច្ចប្រជុំថ្ងៃនេះ នឹងធ្វើការងារជាក់ស្តែងលើប្រតិបត្តិការគ្រប់គ្រងការផាកពិន័យបទល្មើសចរាចរណ៍លើដងផ្លូវ ជាពិសេសគឺការងារនគរបាលចរាចរណ៍មានការកែទម្រង់ការងារថ្មីមួយ និងការទទួលភារកិច្ចសំខាន់មួយទៀតនៅលើផ្លូវល្បឿនលឿន ដែលជាការកែទម្រង់ពិន័យអន្តរការណ៍ ចំពោះបទល្មើសចរាចរណ៍ផ្លូវគោកតាមរយៈសេចក្តីណែនាំ។

ជាចុងក្រោយ ឯកឧត្តមនាយឧត្តមសេនីយ៍ បានមានប្រសាសន៍សង្កត់ធ្ងន់ថា បើចង់ទប់ស្កាត់អត្រាគ្រោះថ្នាក់ចរាចរណ៍បាន ត្រូវអនុវត្តវិធានការចំនួន៣៖ ទី១-រឹតបន្តឹង និងការដាក់ពិន័យចំពោះបទល្មើសចរាចរណ៍ ហើយត្រូវតែធ្វើឱ្យមានប្រសិទ្ធភាព, ទី២-ត្រូវចាប់មុខសញ្ញាដែលគេចខ្លួនឲ្យបាន ដោយការព្យាយាមតាមរកចាប់ឱ្យបាន, ទី៣-គឺវិធានការផ្សព្វផ្សាយអប់រំឱ្យបានទូលំទូលាយ ៕

អត្ថបទដែលជាប់ទាក់ទង