ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកខៀវ កាញារីទ្ធ ៖ក្រសួងព័ត៌មាន និងទូរទស្សន៍ខេត្តយូណាន នៃប្រទេសចិន នឹងបន្ដកិច្ចសហការ លើគម្រោងផ្សព្វផ្សាយ

26

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៏មាន បានបញ្ជាក់ថា៖ ក្រសួងព័ត៌មាន និងទូរទស្សន៍ខេត្តយូណាន នៃប្រទេសចិន នឹងបន្ដកិច្ចសហការ លើគម្រោង ផ្សព្វផ្សាយ ជាប្រភេទ HD 4K HK សម្រាប់កម្មវិធីកីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា ។

ក្នុងឱកាសអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក ខៀវ កាញារីទ្ធ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ លោក HUANG JIANG ប្រធានក្រុមហ៊ុន ខេមបូឌា ឌីជីថល ធីវី ខូអិលធីឌី និងតំណាងទូរទស្សន៍ ខេត្តយូណាននៃប្រទេសចិន បានលើកឡើងពីគម្រោងការងារសំខាន់ៗមួយចំនួន ដែលត្រូវបន្តធ្វើ កិច្ចសហការ ជាមួយក្រសួងព័ត៌មានកម្ពុជា ឱ្យបានកាន់តែល្អប្រសើរ នឹងមានការវិវត្តន៍ទៅមុខបន្ថែមទៀត ក្នុងនោះគឺគម្រោង ការប្រើប្រាស់ប្រពន្ធ័ទូរទស្សន៍ OTT ដែលអាចមើលបានតាមរយៈទូរសព្ទដៃ និងទូរទស្សន៍។ ជាមួយគ្នានេះដែរ លោកប្រធាន ក្រុមហ៊ុន បានជម្រាបជូនផងដែរ ពីវឌ្ឍនភាពការងារសំខាន់ៗមួយចំនួនដែលក្រុមហ៊ុន ខេមបូឌា ឌីជីថល ធីវី ខូអិលធីឌី សម្រេចអនុវត្តក្នុងពេលកន្លងមក ក៏ដូចជាចំណូល និងចំណាយ ពីដំណើរកិច្ចការងារច្បាស់លាស់ ជាមួយក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុកម្ពុជា និងទិសដៅដែលត្រូវពង្រីកសកម្មភាពការងារក្នុងផែនការដែលបានដាក់ចេញជាបន្តបន្ទាប់។

សូមបញ្ជាក់ដែរថា កាលពីពេលថ្មីៗកន្លងមកនេះ ទូរទស្សន៍ខេត្តយូណាន ចង់បន្តធ្វើកិច្ចសហការជាមួយក្រសួងព័ត៌មាន លើគម្រោងការថតផ្សាយ ទូរទស្សន៍ប្រភេទ HD 4K HK សម្រាប់កម្មវិធីកីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។

លោក HUANG JIANG បានគូសបញ្ជាក់ថា សម្រាប់គម្រោងកិច្ចសហការជាមួយក្រសួងព័ត៌មាននេះ ក៏មានគម្រោងប្រព័ន្ធ 5G ក្នុងវិស័យទូរទស្សន៍ និងទូរគមនាគមន៍ គម្រោងប្រព័ន្ធ OTT គម្រោងសាងសង់អគារមជ្ឈមណ្ឌលព័ត៌មានមេគង្គ-ឡានឆាង និងគម្រោងថ្នាលទូរទស្សន៍ជាតិ។ ទាក់ទងបញ្ហានេះ លោកប្រធានក្រុមហ៊ុនយូណានបានស្នើសុំឱ្យ លោក ខៀវ កាញារីទ្ធ ជួយជំរុញឱ្យមានកិច្ចសហការជាមួយផ្នែកពាក់ព័ន្ធរបស់កម្ពុជា ដើម្បីអាចឱ្យក្រុមហ៊ុនធ្វើបទបង្ហាញជូនពីអ្វី ដែលក្រុមហ៊ុនមាន ក្នុងកិច្ចការងារថតយករូបភាព នៃទិដ្ឋភាព កីឡាស៊ីហ្គេម ក៏ដូចជាកីឡាផ្សេងៗទៀត។

លោកប្រធានក្រុមហ៊ុនក៏បានថ្លែងអំណរ គុណចំពោះ ក្រសួងព័ត៌មានកម្ពុជា ពិសេស
លោករដ្ឋមន្រ្តី និង ថ្នាក់ដឹកនាំទូរទស្សន៍ជាតិកម្ពុជា ដែលបានធ្វើកិច្ចសហការយ៉ាងល្អ ដើម្បីធ្វើឱ្យក្រុមហ៊ុន យូណាន បានដំណើរការដោយរលូន ចាប់តាំងពីដើម រហូតមកដល់ពេលបច្ចុប្បន្ន ។
លោក ខៀវ កាញារីទ្ធ បានលើកឡើងកាលពីជំនួបនោះថា បញ្ហានេះ នឹងជម្រាបអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដើម្បីអាចឱ្យក្រុមហ៊ុនយូណាន បានទៅជួបនិងពិភាក្សាគ្នាលើជំនាញថត ផ្សព្វផ្សាយបាន។
លោក រដ្ឋមន្រ្តី បានបញ្ជាក់ពីជំហរក្នុងការបន្តកិច្ចសហការជាមួយ ក្រុមហ៊ុនខេមបូឌា ឌីជីថល ដើម្បីសម្រចបានលើសកម្មភាព និងផែនការការងាររបស់ក្រុមហ៊ុននាពេលខាងមុខ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង