លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តីក្រសួងកិច្ចការនារី អនុញ្ញាតឱ្យលោកស្រី Pauline Tamesis អ្នកតំណាង របស់អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងការឱកាស លោកស្រីបញ្ចប់បេសកកម្មការងារ នៅប្រទេសកម្ពុជា
ភ្នំពឹញ៖ នារសៀល ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២នេះ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី អនុញ្ញាតឱ្យលោកស្រី Pauline Tamesis អ្នកតំណាងរបស់អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងការឱកាសលោកស្រី បញ្ចប់បេសកកម្មការងារនៅប្រទេសកម្ពុជា ។
លោកជំទាវរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ដល់លោកស្រី Pauline ក្នុងបេសកកម្មរបស់ខ្លួន នៅកម្ពុជា ៣ឆ្នាំកន្លងមក។ នៅក្នុងជំនួបនោះ លោកជំទាវរដ្ឋមន្រ្តី និងលោកស្រីតំណាង អង្គការសហប្រជាជាតិ បានលើកឡើង អំពីកិច្ចសហការ និងភាពជាដៃគូល្អ រវាងក្រសួងកិច្ចការនារី ជាមួយនឹងទីភ្នាក់ងាររបស់ អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ដែលមានដូចជា UNDP, UN Women, UNFPA, UNICEF, UNIDO ជាដើម ក្នុងការចូលរួមលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីនៅកម្ពុជា។
លោកស្រី Pauline ក៏បានគូសបញ្ជាក់អំពី លទ្ធភាពការងារកន្លងមករបស់ក្រសួងកិច្ចការនារី ក្នុងការ ធ្វើឱ្យមានឥទ្ធិពល ក្នុងក្របខណ្ឌគោលនយោបាយ ការងារយន្តការ បញ្ជ្រាបយេនឌ័រនៅតាមវិស័យ និងនៅក្នុងកម្មវិធីកំណែទម្រង់នានា ។
កិច្ចពិភាក្សាក៏បានគូសបញ្ជាក់ អំពីកិច្ចការអាទិភាព រួមគ្នាបន្ថែមទៀត ក្នុងភាពជាដៃគូរវាងក្រសួង និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ជាពិសេសលើការពង្រីកវិសាលភាព និងអនុភាពរបស់ ក្រសួងកិច្ចការនារី នៅក្នុងក្របខណ្ឌនិងវិធានការគោលនយោបាយស្តារសេដ្ឋកិច្ច និងសង្គម ក្រោយវិបត្តិកូវីដ-១៩ ក៏ដូចជាក្នុងគន្លងនៃការរស់នៅតាមបែបគន្លងថ្មី ។