ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានី កំពុងតុបតែងលម្អរសោភណ្ឌភាព ទីសាធារណៈ, ដាក់របង្គន់អនាម័យចល័ត ប្រមាណ៣០បង្គន់ នឹងដាក់ពង្រាយ នៅកន្លែងកំសាន្តនានា នៅក្នុងរាជធានីភ្នំពេញ សម្រាប់បុណ្យចូលឆ្នាំថ្មីឆ្នាំនេះ

39

 

ភ្នំពេញ៖ សម្រាប់បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ.ស.២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញកំពុង មមាញឹកតុបតែងលម្អរទីសាធារណៈ រមណីដ្ឋាននិងសួនច្បារនានានឹងពង្រាយដាក់បង្គន់អនាម័យចល័ត ចំនួន៣០បង្គន់ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់អ្នកមកដើរលេងកំសាន្ត នៅកន្លែងកំសាន្តនានា នៅក្នុងរាជធានីភ្នំពេញ។

លោក ស៊ូ សាវ៉ន ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹង នៅរសៀលថ្ងៃទី៤មេសា២០២២នេះថា៖ យោងតាមការណែនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ.ស.២០២២ នេះ ជាគ្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ យើងនឹងដាក់ពង្រាយ បង្គន់អនាម័យចល័ត ចំនួន៣០បង្គន់ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់អ្នកមកដើរលេងកំសាន្ត នៅកន្លែងកំសាន្តនានា នៅក្នុងរាជធានីភ្នំពេញ ក្នុងនោះសម្រាប់នៅ ទីតាំងរមណីដ្ឋានវត្តភ្នំ យើងត្រូវដាក់ចំនួន៨បង្គន់ តែបើត្រូវកែប្រែយ៉ាងណានោះ លោកអភិបាលរាជធានីភ្នំពេញ នឹងធ្វើការណែនាំអោយ អនុវត្តនៅក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅថ្ងៃ០៦មេសា២០២២ស្អែកនេះ។

លោកបញ្ជាក់ទៀតថា ក្រៅពីការងារខាងលើអង្គភាព សួនច្បារនិងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏នៅមានការងារ មួយចំនួនទៀតដែលត្រូវអនុវត្តផងដែរ ដូចជាការងារកាត់ លះមែកឈើនៅតាមដងផ្លូវ ការកាត់ស្មៅនៅតាមសួនច្បារនានា ។

ចំណែកលោកម៉ែន សុខខេនប្រធានអង្គភាពលូទឹកបូមទឹក រាជធានីភ្នំពេញឱ្យដឹងដែរថា៖ អង្គភាពមានគម្រោងបាញ់ទឹកលាងថ្នល់ លាបកំបោរសតាមគល់ឈើ ជាដើមបាញ់ស្នេតត្រូតាមបូឌៀរចិញ្ចើមផ្លូវសួនច្បារ រមណីយ៌ដ្ឋាននានាធ្វើយ៉ាងណា លើកសោភណ្ឌភាព រាជធានីភ្នំពេញអោយកាន់តែស្រស់ស្អាត។

មន្ត្រីរដ្ឋបាលរាជរាជធានីភ្នំពេញ បានបញ្ញាក់ផងដែរថា សម្រាប់បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាលនេះដែរ ខាងអង្គភាពអគ្គីសនី និងបំភ្លឺសាធារណៈនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជរាជធានីភ្នំពេញ ជាអ្នកទទួលចាត់ចែង លើការតុបតែងភ្លើងបំភ្លឺសាធារណៈនៅតាមតាមឈើ និងសួនច្បារ នៅទូទាំងរាជធានីភ្នំពេញ។ ចំណែកមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ជាអ្នកទទួលខុសត្រូវលើការ
រៀបចំកម្មវិធីសម្តែងសិល្បៈបុរាណ និងសម័យ ជូនប្រជាពលរដ្ឋទស្សនាកម្សាន្ត នៅតាម ទីសាធារណៈនានា ក្នុងរាជធានីភ្នំពេញ ជាពិសេស នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ។ បំផុសចលនាប្រជាពលរដ្ឋ ចូលរួមឱ្យបានផុលផុស ក្នុងការលេងល្បែងប្រជាប្រិយ របស់ជាតិ ដូចជា ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ ទាត់សី លាក់កន្សែង ឡើងសសរខ្លាញ់ លោតបាវ វាយឆ្នាំងជាដើម ប៉ុន្តែត្រូវអនុវត្តវិធានការសុខាភិបាល និងវិធានការ “៣ការពារ និង៣កុំ” របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការចម្លងនៃជំងឺកូវីដ-១៩ ជាពិសេស មេរោគបំប្លែងខ្លួនថ្មី ប្រភេទ “អូមីក្រុង ។

ត្រៀមរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងពិធីទទួលទេវតាឆ្នាំថ្មី នៅរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ៕

អត្ថបទដែលជាប់ទាក់ទង