ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យលែងល្បែងបាញ់ទឹក នាឱកាសបុណ្យចូលឆ្នាំឡើយ

39

 

ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់អភិបាលខណ្ឌទាំង១៤ យកចិត្តទុកដាក់ណែនាំបន្ត ហាមដាច់ខាតមិនអនុញ្ញាតិ ឱ្យប្រជាពលរដ្ឋលេងល្បែងជះទឹកឬបាញ់ទឹក ដាក់គ្នានៅតាមផ្លូវសាធារណៈ តំបន់រមណីយដ្ឋាន កន្លែងកំសាន្តសប្បាយ ទីវត្តអារាម និងកន្លែងរៀបចំសង្ក្រាន្តវត្តភ្នំ ឡើយនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខនេះ ដើម្បីបង្ការការពារការរីករាលដាល នៃជំងឺកូវីដ១៩ ខណៈដែលជំងឺនេះមិនទាន់មានស្ថានភាពថមថយនៅឡើយទេ។

ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងដូច្នេះក្នុងពេលឯកឧត្ដម ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៥ ខែមេសានេះ នៅរដ្ឋបាលរាជធានីភ្នំពេញ។ ឯកឧត្ដមបានណែនាំឱ្យកងកម្លំាងចម្រុះ ទប់ស្កាត់ឱ្យខាងតែបានករណីលេងល្បែងបាញ់ទឹក នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខាងពេលខាងមុខនេះ ព្រោះវា ជាបញ្ហាប្រឈមមួយនាំឱ្យឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

ឯកឧត្តមអភិបាលបានបញ្ជាក់ទៀតថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ នៅសល់តែ៩ថ្ងៃទៀតប៉ុណ្ណោះ នឹងត្រូវបានចាប់ផ្តើម បន្ទាប់ពីបានអាកខានប្រារព្ធពិធីនេះ ឱ្យបានធំដំ អស់រយៈ២ឆ្នាំកន្លងមកហើយដោយសារជំងឺជាសាកលកូវីដ១៩។ ប៉ុន្តែសម្រាប់ឆ្នាំនេះ ក្រោមការប្តេជ្ញាចិត្តយ៉ាងមោះមុត ពីសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសបើកឱ្យមានការរៀបចំពិធី បុណ្យចូលឆ្នាំថ្មី និងការរៀបចំកម្មវិធីសប្បាយៗនៅតាមទីវត្តអាររាម និងកន្លែងសាធារណៈឱ្យបានល្អប្រសើរដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋ។

តាមរយៈនេះ ឯកឧត្តមបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចរាល់ក្នុងការទទួល រៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី នៅទីតំាងតំបន់ប្រវត្តិសាស្រ្តវត្តភ្នំ ហើយនៅតាមវត្តទំាង១៥០ទូទំាងរាជធានីភ្នំពេញ ក៏ត្រូវរៀបចំកម្មវិធីទទួលទេវត្តាឆ្នាំថ្មី និងការរៀបចំកម្មវិធីកម្សាន្តសប្បាយមានរាំច្រៀង លេងល្បែងប្រជាប្រិយខ្មែរដើម្បីទទួលអំណរទេវត្តាឆ្នាំថ្មី។

ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញឱ្យ រដ្ឋបាលខណ្ឌ និងកងកម្លាំងចម្រុះត្រូវតែពង្រឹងវិធានការ ការពារសន្តិសុខសណ្តាប់ធ្នាប់ នូវគ្រប់ទីកន្លែង កម្សាន្តសប្បាយ ដើម្បីធ្វើយ៉ាងណាបង្កើនភាពកក់ក្តៅ សុវត្ថិភាព និងសន្តិសុខសណ្តាប់ធ្នាប់ជូនដល់ ប្រជាពលរដ្ឋដែលមកលេងកម្សាន្ត ប្រកបដោយភាពសប្បាយរីករាយនិងគ្មានឧបសគ្គណាមួយមករំខានឡើយ។ ហើយបន្ថែមពីនេះទៀត ត្រូវទប់ស្កាត់ឱ្យខាងតែបាន ការលែងល្បែងបាញ់ទឹក ដោយវាពុំមានជា ល្បែងប្រជាប្រិយខ្មែរឡើយ ហើយម្យ៉ាងទៀតអាចឆ្លងជំងឺកូវីដ១៩ ទៅតាមទឹកដែលបានបាញ់នោះ ។

ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានណែនាំ ឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ រៀបចំសោភ័ណភាព តុបតែងលម្អភ្លើងចម្រុះពណ៌នៅតាមដងផ្លូវ ទីវត្តអារាដម និងនៅតំបន់រម្មណីដ្ឋានវត្តភ្នំ ដើម្បីធ្វើយ៉ាងណាឱ្យទីតំាងទំាងអស់នោះកាន់តែ មានសម្រស់ស្រស់ស្អាតនាពេលរាត្រី ជាទីក្រុងស៊ីវិល័យ ដែលទទួលស្វាគមន៍ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលមកលេងកម្សាន្តនាឱកាសបុណ្យចូលឆ្នាំថ្មី។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា នៅថ្ងៃខាងមុខនេះព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ តាមរយៈនេះទាមទាឱ្យគណៈបញ្ជាការឯកភាព គ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់លើកការងារសន្តិសុខ ដើម្បីធានាសុវត្ថិភាពនិងសន្តិសុខសណ្តាប់ធ្នាប់ ឱកាសពេលបោះឆ្នោត។ ឯកឧត្តមបានបញ្ជាក់ថា ចាប់ ពីពេលនេះត្រូវគ្រប់ខណ្ឌ ទំាងត្រូវរឹតបណ្តឹងការងារសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ក៏ដូចជានៅតាមទីតំាងស្នាក់ការគណបក្សនានា ដែលត្រូវមានកាតព្វកិច្ចការពារសន្តិសុខជូនពួកគាត់ ដែលឆ្លើយតបទៅនឹងការអំពាវនាវ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីធ្វើយ៉ាងណាឱ្យ ដំណើរការបោះឆ្នោតបានប្រព្រឹត្តិ ទៅដោយរលូន និងមានសុវត្ថិភាព។

សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំខាល ចត្វាស័កពុទ្ធសករាជ២៥៦៦ នឹងត្រូវ ប្រព្រឹត្តឡើងចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ដែលនឹងធ្វើឱ្យប្រជាពលរដ្ឋ មានភាពសប្បាយរីករាយរាំច្រៀង និងការលេងល្បែងប្រជាប្រិយ បន្ទាប់ពីបានអាក់ខានរៀបចំចំនួន២ឆ្នាំមកហើយ៕

អត្ថបទដែលជាប់ទាក់ទង