ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាល់ទាត់ និងបាល់ទះ ស៊ីហ្គេមលើកទី៣១ កំណត់ថ្ងៃចាប់ពូល

110

ភ្នំពេញ៖គណៈកម្មការបែងចែងពូលសម្រាប់ស៊ីហ្គេមលើកទី៣១នៅទីក្រុងហាណូយប្រទេសវៀតណាមបានកំណត់ថ្ងៃដើម្បីចែកពូលហើយ ។
ចំនួនក្រុមដែលចូលរួមប្រកួតលើប្រភេទកីឡាបាល់ទាត់នៅអាស៊ីអាគ្នេយ៍ក្នុងខែឧសភា ត្រូវបានបិទជាផ្លូវការនៅថ្ងៃទី៤ ខែមេសាដោយគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣១។

វិញ្ញាសាបាល់ទាត់បុរស មាន១០ក្រុម រួមមាន ម្ចាស់ផ្ទះវៀតណាម, ថៃ, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, សិង្ហបុរី, ហ្វីលីពីន, ទីម័រខាងកើត, ឡាវ និងកម្ពុជា។ ចំពោះវិញ្ញាសាបាល់ទាត់នារី មាន ៨ក្រុមដូចជា វៀតណាម, មីយ៉ាន់ម៉ា, ថៃ, កម្ពុជា, ឡាវ, សិង្ហបុរី, ឥណ្ឌូនេស៊ី និងហ្វីលីពីន។
វិញ្ញាសាបាល់ទាត់ក្នុងសាលបុរស មាន ៥ក្រុមចូលរួម ដែលមាន វៀតណាម, ថៃ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី ស្របពេលដែលវិញ្ញាសាបាល់ទាត់ក្នុងសាលនារី ក៏មាន ៥ក្រុមចូលរួមដូចគ្នាផងដែរ ពោលគឺ វៀតណាម, ថៃ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី។

នៅថ្ងៃទី០៦ខែមេសានេះចាប់ពីវេលាម៉ោង១០:០០ព្រឹកនៅទីក្រុងហាណូយប្រទេសវៀតណាម ពិធីចាប់ឆ្នោតសម្រាប់វិញ្ញាសាបាល់ទាត់ (បុរស-នារី) និងវិញ្ញាសាបាល់ទាត់ក្នុងសាល (បុរស-នារី) នឹងធ្វើឡើង។
ចំពោះប្រភេទកីឡាបាល់ទះវិញនឹងមានក្រុមចំនួន៧ចូលរួមប្រកួត។សម្រាប់វិញ្ញសាបាល់ទះផ្នែកបុរស រួមមានម្ចាស់ផ្ទះវៀតណាម ឥណ្ឌូនេស៊ី (ក្រុមការពារជើងឯក) ហ្វីលីពីន (ជើងឯករង) ថៃ មីយ៉ាន់ម៉ា កម្ពុជា និងម៉ាឡេស៊ី។

ដោយមានក្រុមចំនួន ៧ចូលរួមប្រកួត អ្នករៀបចំនឹងបែងចែកការប្រកួតជា ២ពូល។ យោងតាមលទ្ធផលនៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ក្រុមដែលមានចំណាត់ថ្នាក់ល្អជាងគេចំនួន៤ នឹងត្រូវបែងចែកជាពីរពូល ក្នុងទម្រង់ជា Serpentine។

ឥណ្ឌូនេស៊ី (ក្រុមការពារតំណែងជើងឯក) និងមីយ៉ាន់ម៉ា (ចំណាត់ថ្នាក់លេខ៤) ស្ថិតក្នុងពូល A។ ហ្វីលីពីន (ចំណាត់ថ្នាក់លេខ២) និងថៃ (ចំណាត់ថ្នាក់លេខ៣) ស្ថិតក្នុងពូល Bខណៈនៅថ្ងៃទី១២ខែមេសាកម្ពុជានិងម៉ាឡេស៊ីនឹងត្រូវចាប់ឆ្នោតដើម្បីស្វែងរកពូលឲ្យក្រុមទាំងពីរនេះ។

ចំពោះក្រុមបាល់ទះបុរសវៀតណាមដែលជាម្ចាស់ផ្ទះមានសិទ្ធិជ្រើសរើសពូលរបស់ពួកគេសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ នាពេលខាងមុខ។
ជាមួយគ្នានេះផងដែរ សម្រាប់បាល់ទះនារី មាន ៥ក្រុមចូលរួម ដែលរួមមាន វៀតណាម,ថៃ,ឥណ្ឌូនេស៊ី,ហ្វីលីពីននិងម៉ាឡេស៊ី។ក្រុមទាំងអស់នឹងប្រកួតក្នុងទម្រង់វិលជុំសន្សំពិន្ទុ។ ក្រុមកំពូលទាំង ២ នឹងត្រូវប្រកួតគ្នានៅវគ្គផ្ដាច់ព្រ័ត្រ ហើយក្រុមដែលទទួល បានចំណាត់ថ្នាក់លេខ ៣ និង លេខ ៤ នឹង ប្រជែងយកមេដាយសំរឹទ្ធ។

ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ (SEA Games 31) ឆ្នាំ២០២២ នៅវៀតណាម គ្រោងនឹងធ្វើពិធីបើកនៅថ្ងៃទី១២ ខែឧសភា និងបិទនៅថ្ងៃទី២៣ ខែឧសភា ជាមួយនិងការប្រកួតលើ ៤០ប្រភេទកីឡា។ បាល់ទាត់នឹងចាប់ផ្ដើមមុនពិធីបើក ពោលគឺនៅថ្ងៃទី០៦ ខែឧសភា ខណៈបាល់ទះ នឹងចាប់ផ្ដើមនៅថ្ងៃទី១៣ ខែឧសភា៕

អត្ថបទដែលជាប់ទាក់ទង