ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចប្រឹងប្រែង និងវឌ្ឍនភាពរបស់កម្ពុជា ក្នុងវិស័យសិទ្ធិមនុស្ស ត្រូវបានបង្ហាញជូនសម័យប្រជុំលើកទី៤៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស

23

ហ្សឺណែវ៖ ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានបញ្ចប់សម័យប្រជុំលើកទី៤៩ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ បន្ទាប់ពីបានរៀបចំកិច្ចសន្ទនាអន្តរសកម្មជាមួយអ្នករាយការណ៍ពិសេសតាមប្រធានបទ និងប្រទេសជាក់លាក់ចំនួន៤១ កិច្ចពិភាក្សាទូទៅចំនួន០៩ និងកិច្ចពិភាក្សាជាក្រុមចំនួន០៨ ព្រមទាំងបានអនុម័តសេចក្តីសម្រេចចិត្តពាក់ព័ន្ធនឹងបញ្ហាតាមប្រធានបទនិងប្រទេសជាក់លាក់ សរុបចំនួន៣៥។

ក្នុងអំឡុងនៃកិច្ចប្រជុំរយៈពេល៥សប្តាហ៍មកនេះ (ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២) ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានចូលរួមទ្បើងថ្លែងបទអន្តរាគមន៍សរុប ៣៣លើក បង្ហាញពីកិច្ចប្រឹងប្រែងសមិទ្ធផល និងវឌ្ឍនភាពក្នុងទិដ្ឋភាពច្បាប់ គោលនយោបាយ និងការអនុវត្តជាក់ស្តែង របស់កម្ពុជាក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សគ្រប់ប្រភេទ មានដូចជា សិទ្ធិពលរដ្ឋ នយោបាយ សង្គម សេដ្ឋកិច្ច និងវប្បធម៌ រួមទាំងសិទ្ធិអភិវឌ្ឍន៍។ គណៈប្រតិភូកម្ពុជាក៏បានចូលរួមចំណែកក្នុងកិច្ចពិភាក្សានានាស្ដីពីការពង្រឹងរបៀបរបបការងាររបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស និងអ្នករាយការណ៍ពិសេស ព្រមទាំងប្រធានបទស្តីពីស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសមួយចំនួនផងដែរ។

ខាងក្រោមនេះគឺខ្លឹមសារសំខាន់ៗមួយចំនួន ដកស្រង់ចេញពីបទអន្តរាគមន៍របស់កម្ពុជា៖

* ការឆ្លើយតបរបស់កម្ពុជាចំពោះជំងឺរាតត្បាតកូវីដ១៩ បានប្រកាន់គោលការណ៍សិទ្ធិមនុស្សជាស្នូល ជាពិសេសសិទ្ធិមានជីវិត សុខភាព និងការរស់រាន។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ចំនួន៨ជុំ ស្មើនឹងប្រមាណជាង៦០០លានដុល្លារ បានផ្តល់ជូនដល់គ្រួសារក្រីក្រជិត ៧០០.០០០ គ្រួសារ ឬស្មើនឹងប្រហែល២,៨ លាននាក់។ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយឥតគិតថ្លៃរបស់កម្ពុជា បានសម្រេចនូវអត្រាជាង៩០% នៃចំនួនប្រជាជនកម្ពុជាសរុប ពោលគឺលើសគោលដៅដែលបានកំណត់ដោយអង្គការសុខភាពពិភពលោក។

* ដោយអនុវត្តតាមការលើកឡើងថា «គ្មាននរណាម្នាក់អាចមានសុវត្ថិភាពឡើយ ប្រសិនបើគ្រប់គ្នាពុំមានសុវត្ថិភាព» កម្ពុជាបានបរិច្ចាកម៉ាស់ការពាររាប់លាន រួមជាមួយវ៉ាក់សាំង និងសម្ភារៈបរិក្ខារវេជ្ជសាស្ត្រផ្សេងទៀត ដល់ប្រទេសមួយចំនួន ឈរលើស្មារតីសាមគ្គីភាពនិង កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីទប់ស្កាត់ការកើនឡើងនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩។

* ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាស្តីពីសិទ្ធិជនពិការ កម្ពុជាសម្រេចបានវឌ្ឍនភាពយ៉ាងច្រើន ក្នុងការផ្តល់លទ្ធភាពជូនជនពិការ ទទួលបានសេវាសុខុមាលភាពសង្គម ស្របតាមផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព (២០១៩-២០២៣)។ នៅឆ្នាំ២០២១ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ បានកោតសរសើរកម្ពុជាថា ជាប្រទេសមួយក្នុងចំណោមប្រទេសឈានមុខនានា ក្នុងការផ្តល់សិទ្ធិអំណាចដល់ជនពិការ។

* ពាក់ព័ន្ធសិទ្ធិទទួលបានរបបអាហារ កម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់ប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាព និងការសម្រេចបាននូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់ទាំងអស់គ្នា ដែលស្ដែងឡើងតាមរយៈវិស័យអាទិភាពចំនួនបួន ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យស្ដីពីប្រព័ន្ធស្បៀងឆ្នាំ២០៣០។ ផែនការមេវិស័យកសិកម្មឆ្នាំ២០៣០ ត្រូវបានចាប់ផ្ដើមអនុវត្ត ដើម្បីឱ្យកសិករមានលទ្ធភាពទទួលបានប្រព័ន្ធកសិកម្មប្រកបដោយបរិយាប័ន្ននិងចីរភាព ជាពិសេស សម្រាប់ការអភិវឌ្ឍន៍គ្រាប់ពូជ។ លើសពីនេះ “បរិយាកាសអំណោយផលសម្រាប់អាជីវកម្មបរិយាប័ន្ននៅកម្ពុជា (IBeeC)” ក៏ត្រូវបានបង្កើតឡើងជាគោលនយោបាយអន្តរវិស័យថ្មី ដើម្បីគាំទ្រដល់ភាពជាដៃគូយុទ្ធសាស្ត្រជាមួយកសិករខ្នាតតូច រួមទាំងជនជាតិដើមភាគតិច និងសមធម៌កសិករផងដែរ។

* ដើម្បីរួមចំណែកការលុបបំបាត់អំពើហិង្សាលើកុមារនៅទូទាំងពិភពលោក នៅឆ្នាំ២០៣០ កម្ពុជា ចាប់តាំងពីឆ្នាំ២០០៦មក បានដាក់ចេញនូវយន្តការ និងលិខិតូបករណ៍គោលនយោបាយជាច្រើន សំដៅការពារកុមារពីអំពើហិង្សា ក្នុងនោះរួមមានក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ ២០១៦-២០២៥ ច្បាប់ស្តីពីយុត្តិធម៌អនីតិជន ច្បាប់ស្តីពីស្មុំកូនអន្តរប្រទេស និងសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារ គោលនយោបាយជាតិស្តីពី ប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៩។ យុទ្ធនាការ “ទំនាក់ទំនងគ្រួសាររឹងមាំ” និងគម្រោង “ការបញ្ចប់អំពើហិង្សាលើកុមារទាំងក្នុងនិងនៅសាលារៀន នៅកម្ពុជា” ត្រូវបានចាប់ផ្តើមអនុវត្ត ដើម្បីលើកកម្ពស់សិទ្ធិ និងការពារកុមារ។

* ចំពោះសិទ្ធិវប្បធម៌វិញ បន្ថែមលើការផ្តល់សច្ចាប័នលើអនុសញ្ញាទាក់ទងនឹងវប្បធម៌ជាច្រើន កម្ពុជាក៏បានអនុម័តច្បាប់និងគោលនយោបាយជាតិនានា រួមទាំងច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ និងគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ ដើម្បីការពារ និងលើកតម្កើងតម្លៃវប្បធម៌ និងបើកចំហរជើងមេឃវប្បធម៌ឱ្យកាន់តែទូលំទូលាយ បង្កបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍទំនិញ និងសេវាកម្មវប្បធម៌ដែលមានគុណភាពខ្ពស់នៅក្នុងប្រទេស។

* ជាប្រទេសដែលបានទទួលបានការកោតសរសើរចំពោះការអត់ឱនអន្តរជំនឿ និងភាពសុខដុមរមនាផ្នែកសាសនា ដោយសាររាជរដ្ឋាភិបាលបានប្រកាន់យកអភិក្រមវិជ្ជមាននិងប្រកបដោយបរិយាប័ន្នចំពោះគ្រប់សាសនានិងពូជសាសន៍ កម្ពុជាមានការតាំងចិត្តខ្ពស់ក្នុងការរក្សាឯកភាពជាតិ និងភាពសុខដុមរមនាក្នុងចំណោមជាតិពន្ធទាំងអស់ ដែលជាមូលដ្ឋានគ្រឹះ ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ គោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច និងគម្រោងបែងចែកដីសម្រាប់ការការអភិវឌ្ឍសង្គមកិច្ច-សេដ្ឋកិច្ច ២០២០-២០២៦ ត្រូវបានអនុវត្ត ដើម្បីធានាសិទ្ធិកាន់កាប់ដីធ្លីរបស់ប្រជាជន និងទប់ស្កាត់ជម្លោះ ព្រមទាំងធានានូវបរិយាប័ន្នរបស់ជនជាតិភាគតិច។

* កម្ពុជាគាំពារសមភាពយេនឌ័រនិងការផ្តល់អំណាចដល់ស្ត្រី ដែលត្រូវតែជាអាទិភាពលើគ្រប់វិស័យ។ ស្រ្តីកម្ពុជាបាននិងកំពុងដើរតួនាទីដឹកនាំក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ និងការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ១៩។ ក្នុងវិស័យសន្តិភាពនិងសន្តិសុខ កម្ពុជាមានមោទនភាពដែលជាប់ចំណាត់ថ្នាក់ទី១៣ ក្នុងចំណោមប្រទេសចំនួន១២២ និងលេខ២ក្នុងចំណោមប្រទេសអាស៊ាន ដែលបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាស្ត្រី ក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

* ក្នុងឆ្នាំ២០២២នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំជាស្រ្តី លើកទី២ ក្រោមប្រធានបទ «កសាងចីរភាព បរិយាប័ន្ន និងភាពធន់៖ សហគ្រិនភាពរបស់ស្រ្តីនៅអាស៊ាន»

* ការដោះស្រាយចំពោះការកើនឡើងនៃការប្រើប្រាស់ភាសាស្អប់ខ្ពើម ការផ្សព្វផ្សាយព័ត៌មានមិនពិត និងការញុះញង់ដែលពួនជ្រកក្រោមស្លាកសេរីភាពនៃការបញ្ចេញមតិ គួរជាអាទិភាពរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស។

* កម្ពុជាគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងសំដៅកែលម្អការងាររបស់អ្នករាយការណ៍ពិសេស រួមទាំងការអំពាវនាវឱ្យបង្កើតយន្តការត្រួតពិនិត្យ ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវក្រមសីលធម៌របស់អ្នករាយការណ៍ពិសេស។ ឯករាជ្យភាពមិនអាចគេចចេញពីការទទួលខុសត្រូវបានទេ។

ចុងបញ្ចប់ កម្ពុជាក៏បានចូលឈ្មោះជាប្រទេសផ្ដួចផ្ដើម (co-sponsor) លើសេចក្តីថ្លែងការណ៍រួម មួយចំនួន លើប្រធានបទជាច្រើន រួមមាន ការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ សិទ្ធិកុមារ ជំនួយបច្ចេកទេសនិងការកសាងសមត្ថភាព សិទ្ធិអភិវឌ្ឍន៍ជាដើម៕

អត្ថបទដែលជាប់ទាក់ទង