រដ្ឋបាលរាជធានី ត្រៀមផែនការរួចរាល់ ហើយសម្រាប់ធានា សន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ
ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមផែនការរួចរាល់សម្រាប់ ធានាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាថ្ងៃទី១៤ ១៥ និង១៦ ខែមេសាឆ្នាំ២០២២ ដើម្បីធានាភាពកកក្តៅដែលបង្កលក្ខណៈ សប្បាយរីករាយ របៀបរៀបរយជូនដល់ប្រជាពលរដ្ឋដែលមកលេង កម្សាន្ត។
ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនោះឯកឧត្តមឧត្តមសេនិយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កម្លាំងនគរបាលចម្រុះបានត្រៀមប្រចាំការនៅតាមគោលដៅសំខាន់ៗជាច្រើន នៅក្នុងរាជធានីភ្នំពេញ ពិសេសនៅតំបន់ទីវត្តអារាម និងតំបន់រម្មណីយដ្ឋានវត្តភ្នំដែលជាកន្លែងរៀបចំកម្មវិធីសង្ក្រាន្តកម្សាន្តសប្បាយ សំដៅធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម អំឡុងពេលដែលប្រជាពលរដ្ឋនៅរាជធានីភ្នំពេញប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានការសប្បាយរីករាយ។
ការត្រៀមវិធានការការពារទុកជាមុននេះ គឺដើម្បីបង្កើនប្រសិទ្ធភាពទប់ស្កាត់សកម្មភាពបង្កការរំខាននានា ដែលអាចបង្កការគំរាមកំហែងនៅតាមទីវត្តអារាម កន្លែងសប្បាយភាពនៅតាមរម្មណីយដ្ឋាន កន្លែងប្រមូលផ្តុំ តាមដងផ្លូវសំខាន់ៗក្នុងរាជធានីភ្នំពេញ។
ឯកឧត្តមបានបញ្ជាក់ថា ៖កងកម្លាំងគ្រប់ផ្នែកត្រូវបានប្រមូលផ្តុំកម្លាំងឱ្យបានគ្រប់ចំនួន នៅតាមវេនប្រចាំការដែលបានកំណត់ មានការបែងចែកកម្លាំងទៅតាមគោលដៅ តាមវេន ពិសេសពេលយប់ មានការត្រួតពិនិត្យឱ្យបានហ្មត់ចត់ មានការផ្គត់ផ្គង់របបហូបចុកឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវកិច្ចប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ។
ឯកឧត្តមឧត្តមសេនិយ៍ឯក បានបញ្ជាក់បន្ថែមថា កម្លាំងចម្រុះសរុបចំនួន៥៦៤នាក់ ដែលត្រូវបែងចែកទៅគោលដៅវត្តអារាមចំនួន១៥០វត្តនិងសាលាឆទានចំនួន៤សាលា ជាពិសេសកម្លាំងបានត្រៀមប្រចាំការទាំងយប់ទាំងថ្ងៃ នៅតំបន់រមណីយដ្ឋានវត្តភ្នំដែលជាទីតាំងរៀបចំកម្មវិធីសង្ក្រាន្ត ដោយសារទីតាំងនោះមានប្រជាពលរដ្ឋទៅលេងកម្សាន្តច្រើន ។ជាងនេះទៅទៀត កម្លាំងទាំងអស់នឹងត្រូវចូលរួមទប់ស្កាត់ឱ្យខាងតែបានការលេងបាញ់ទឹកនៅតាមទីតាំងកម្សាន្តនានាតាមអនុសាសន៍របស់ឯកឧត្តមឃួង ស្រេងអភិបាលរាំជធានីភ្នំពេញ ដោយសារការលេងបែបនេះគឺបានបង្កហានិភ័យខ្ពស់នៃការចម្លងជំងឺកូវីដ១៩ បង្កគ្រោះថ្នាក់នានា ជាពិសេសប៉ះពាល់ដល់ប្រពៃណីខ្មែរថែមទៀតផង។
ឯកឧត្តមបានបញ្ជាក់ថា ឆ្លើយតបតាម ការប្តេជ្ញាចិត្តយ៉ាងមោះ មុត ពីសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលប្រកាសបើកឱ្យមានការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី និងការរៀបចំកម្មវិធីសប្បាយៗនៅតាមទីវត្តអារាមនិងកន្លែងសាធារណៈឱ្យបានល្អប្រសើរនោះ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំផែនការការពារ សន្តិសុខសណ្តាប់ធ្នាប់ និងការរៀបចំកម្មវិធីកម្សាន្តសប្បាយជាច្រើន
ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពល រដ្ឋ។
សូមបញ្ជាក់ថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ ខាល ចត្វាស័កពុទ្ធសករាជ ២៥៦៦ នឹងត្រូវប្រព្រឹត្តឡើងចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ ក្រៅពីការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ និងកម្មវិធីកម្សាន្តសប្បាយហើយនោះ គឺបានរៀបចំ សោភ័ណ ភាពទីក្រុង និងការតុបតែងលម្អភ្លើងចម្រុះពណ៌នៅតាមដងផ្លូវ និងតំបន់រម្មណីយដ្ឋានវត្តភ្នំ ដើម្បីទទួល ស្វាគមន៍ភ្ញៀវទេសចរមកលេងកម្សាន្តនិងទទួលអំណរទេវត្តាឆ្នាំថ្មី៕