ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាកម្លាំងជំនាញ ត្រូវពង្រឹងយកចិត្តទុកដាក់ ក្រុមបំពុលព័ត៌មាន តាមបណ្ដាញសង្គម

49

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២នេះ បានដាក់បទបញ្ជាដល់កម្លាំងជំនាញទាំងអស់ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវតែពង្រឹងយកចិត្ដទុកដាក់ឲ្យបានខ្ពស់បំផុត ចំពោះក្រុមទុច្ចរិតដែលតែងធ្វើសកម្មភាពបំពុលព័ត៌មាន ឬចែកចាយព័ត៌មានមិនពិត នៅតាមបណ្ដាញសង្គម។

ការដាក់បទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ត្រូវបានធ្វើឡើងក្នុងឱកាសដឹកនាំកិច្ចប្រជុំ សរុបសភាពការណ៍ និងលទ្ធផលនៃកិច្ចប្រតិបត្តិការ ប្រចាំត្រីមាសទី១ ឆ្នាំ២០២២ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០២២ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងបញ្ជាក់ប្រាប់ដោយលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់យ៉ាងដូច្នេះថា «នាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ឲ្យពង្រឹងវិធានការបង្ការទប់ស្កាត់នូវការបំពុលបរិយាកាសសង្គម ជាពិសេសទប់ស្កាត់មិនឲ្យមានការបង្កចលាចលសង្គមកើតមានឡើង ឬក៏រីករាលដាលធំ ធ្វើឲ្យគ្រោះថ្នាក់ដល់សន្ដិសុខជាតិ»។

នាយឧត្តមសេនីយ៍ នេត សាវឿន បានណែនាំបន្ថែមទៀត សំដៅកាត់បន្ថយបទល្មើសជាទូទៅ ដើម្បីធានាបរិយាកាសសង្គម និងសណ្ដាប់ធ្នាប់សង្គមបានល្អប្រសើរ។ ជាពិសេសត្រូវយកច ិត្តទុកដាក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងឈានចូលមកដល់នៅពេលខាងមុខ ព្រមទាំងកិច្ចការងារប្រជុំអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ចំណុចនេះ នាយឧត្តមសេនីយ៍អគ្គស្នងការ បានដាក់បទបញ្ជាឲ្យស្នងការរាជធានី-ខេត្ត ត្រូវកសាងផែនការសកម្មភាពជាក់ស្ដែង ដើម្បីធានាការពារឲ្យបាននូវព្រឹត្តិការណ៍សំខាន់ៗខាងលើ។ ដោយឡែក សម្រាប់កិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ត្រូវយកចិត្តទុកដាក់ការពារ នៅតាមទីវត្តអារាម រម្មណីយដ្ឋានកម្សាន្ដសប្បាយ និងតាមលំនៅឋានរបស់ប្រជាពលរដ្ឋ។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានក្រើនរំលឹកដល់មន្ដ្រីនគរបាលជំនាញចរាចរណ៍ផ្លូវគោក ត្រូវជំរុញការអនុវត្តច្បាប់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ នាយឧត្តមសេនីយ៍ក៏បានស្នើឲ្យអប់រំកែប្រែរបស់កងកម្លាំង ជាពិសេសនគរបាលចរាចរណ៍ ពេលបំពេញកិច្ចការងារតាមដងផ្លូវ ត្រូវកាត់បន្ថយភាពអសកម្ម និងកែប្រែឥរិយាបថ ដើម្បីកុំឲ្យមានការប៉ះពាល់សតិអារម្មណ៍ដល់ប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ក៏បានឲ្យដឹងដែរថា ក្នុងកិច្ចប្រជុំខាងលើក៏បានវាយតម្លៃសភាពការណ៍ និងលទ្ធផលប្រតិបត្តិការសម្រាប់ត្រីមាសទី១ ដោយជារួមសភាពការណ៍មានលក្ខណៈល្អប្រសើរ បើទោះជាមានបញ្ហាខ្លះពាក់ព័ន្ធការបង្កចលាចលសង្គម ការបំពុលព័ត៌មានតាមប្រព័ន្ធទំនាក់ទំនងសង្គម ប៉ុន្ដែសភាពការណ៍ទាំងនោះត្រូវបានដោះស្រាយ និងបានចាត់វិធានការពង្រឹងបន្ថែមទៀតផងដែរ។

យ៉ាងណាក៏ដោយ ដើម្បីធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បម្រើឲ្យព្រឹត្តិការណ៍នយោបាយ និងវេទិកាតំបន់ឲ្យប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងជោគជ័យ អគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ចេញទិសដៅដូចខាងក្រោម៖

១) ជំរុញការអនុវត្តទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ

២) ជំរុញការអនុវត្តភារកិច្ចរួម និងភារកិច្ចតាមផែនជំនាញ ដែលបានដាក់ចេញសម្រាប់អនុវត្តការងារនៅក្នុងត្រីមាសទី២

៣) ត្រូវកសាងផែនការសកម្មភាព ក្នុងភាពម្ចាស់ការត្រៀមលក្ខណៈសម្បត្តិដោះស្រាយសភាពការណ៍នាពេលខាងមុខ ជាពិសេសត្រូវធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាពសម្រាប់បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក៏ដូចជាព្រឹត្តិការណ៍នយោបាយ វេទិការតំបន់ សម្រាប់ឆ្នាំ២០២២ ក្នុងនោះក៏ត្រូវត្រៀមលក្ខណៈសម្បត្តិដោះស្រាយបញ្ហាប្រឈមនានា ពាក់ព័ន្ធដល់កំណើននៃជនបរទេស

៤) ជំរុញសកម្មភាពអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព។ ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៧ និងផែនការយុទ្ធនាការនានា របស់រាជរដ្ឋាភិបាល ជាពិសេសការចាត់តាំងអនុវត្តផែនការអន្តរស្ថាប័ន (មហាផ្ទៃ-ការពារជាតិ-គ.ជ.ប) ស្តីពីកិច្ចការពារការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោត ចាប់ពីឆ្នាំ២០២២-២០២៤

៥) បន្តពង្រឹងយន្តការគ្រប់គ្រង ដឹកនាំកម្លាំង និងតាមដាន ត្រួតពិនិត្យការងារជំនាញក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន ដែលក្នុងនោះត្រូវអនុវត្តនូវគោលការណ៍លើកកម្ពស់សមត្ថភាព និងគុណភាពកងកម្លាំងអនុវត្តច្បាប់ ដោយត្រូវមានការលើកទឹកចិត្ត ឧបត្ថម្ភ គាំទ្រក៏ដូចជាការពង្រឹងវិន័យ សីលធម៌ អាកប្បកិរិយាធ្វើការងារក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ

៦) បន្តពង្រឹង និងពង្រីកកិច្ចសហការជាមួយក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងដៃគូសហប្រតិបត្តិការទាំងក្នុង និងក្រៅប្រទេស៕

អត្ថបទដែលជាប់ទាក់ទង