ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងការងារ ជូនដំណឹង ពីវឌ្ឍនភាពនៃការដោះស្រាយ វិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍

45

 

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីជូនដំណឹង ស្តីពីវឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា ក្រសួងបាន បន្តសម្របសម្រួលវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ស្របតាមតួនាទីដែលមានចែងក្នុងច្បាប់ជាធរមាន ក៏ដូចជាស្របតាមស្មារតីចង់បានរបស់តំណាងភាគីកម្មករនិយោជិត ដែលចង់ជួបចរចាជាមួយក្រុមហ៊ុនផ្ទាល់។ នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ នេះ ក្រសួងបានបន្តអញ្ជើញគូភាគីវិវាទមកជួបប្រជុំដោះស្រាយជា លើកទី៧ ក្រោមអធិបតីភាពរបស់ឯកឧត្តម ទេស រុក្ខាផល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ក.ប. ដោយមានតំណាងភាគីកម្មករនិយោជិត រួមមាន លោកស្រី ឈឹម ស៊ីថរ, លោកស្រី ឈឹម សុខន, លោកសី រី សុវណ្ណឌី, លោកស្រី សុន ស្រីពេជ្រ, លោកស្រី ហៃ សុភាព និងតំណាងភាគីនិយោជក រួមមានលោក Hein Dames, លោកស្រី ឌី សីហា និងលោកស្រី រស់ ប៊ុនឡេង ដោយភាគីទាំងពីរបានលើកឡើងនូវមតិយោបល់ ដូចខាងក្រោម៖

មតិរបស់សហជីព និងតំណាងភាគីកម្មករនិយោជិត៖

១. សង្ឃឹមថានឹងមានពន្លឺនៃដំណោះស្រាយករណីវិវាទនេះ ហើយនៅតែរក្សាជំហរនៃការទាមទារសុំចូល ធ្វើការងារវិញ។

២. បុគ្គលិកដែលទាមទារចូលធ្វើការងារវិញបានថយចុះពី ៣០០នាក់ មកនៅត្រឹមជាង ២០០នាក់វិញ ហើយក្រុមហ៊ុន ណាហ្គាវើលដ៍ តែងតែផ្ដល់ការងារឱ្យប្រជាពលរដ្ឋខ្មែរឱ្យមានការងារធ្វើ។ ដូចនេះ ស្នើសុំឱ្យ ក្រុមហ៊ុនផ្តល់ការងារធ្វើជូនបុគ្គលិកដែលមានជំនាញស្រាប់ និងមានបទពិសោធន៍ការងារយូរឆ្នាំ មិនចាំបាច់បណ្តុះបណ្ដាលឡើងវិញ ស្របពេលដែលក្រុមហ៊ុនត្រៀមដំណើរការអគារថ្មីដែរ។ សហជីពយល់ឃើញថា ការស្នើសុំដោះដូរនេះ មិនធ្វើឱ្យក្រុមហ៊ុនមានការខាតបង់អ្វីដែរ។ សមាសភាពបុគ្គលិកដែលស្នើចូលធ្វើការងារនេះ គឺជា ថ្នាក់ដឹកនាំសហជីព ជាសមាជិក និងជាសកម្មជនសហជីពទាំងអស់។

៣. ស្នើសុំឱ្យអធិការការងារបកស្រាយនូវការបញ្ឈប់ពីការងាររួម ស្របតាមមាត្រា៩៥ នៃច្បាប់ស្តីពីការងារ។

៤. ស្នើសុំឱ្យខាងក្រសួងលើកយកច្បាប់ដែលពាក់ព័ន្ធនឹងវិវាទ មកថ្លឹងថ្លែងផ្តល់យុត្តិធម៌ជូនភាគីរវាងថៅកែ និងកម្មករ។ ក្រុមហ៊ុនបានយកហេតុផលវិបត្តិជំងឺកូវីដ-១៩ យកមកបញ្ឈប់ជនរងគ្រោះ ដោយសារជំងឺកូវីដ-១៩ ដែលពួកយើងជាជនរងគ្រោះនេះ យល់ឃើញវាជាហេតុផលដែលអមនុស្សធម៌បំផុត ពីព្រោះក្រុមហ៊ុននៅតែចំណេញ គ្រាន់តែចំណេញតិចជាងមុន វាធ្វើឱ្យពួកយើងដែលជាជនរងគ្រោះមានការឈឺចាប់ខ្លាំងបំផុត។ ក្នុងនាម ជាតំណាងកម្មករនិយោជិតស្នើសុំទៅក្រសួងពាក់ព័ន្ធទាំងអស់ សូមផ្តល់យុត្តិធម៌និងកុំធ្វើឱ្យពួកយើងឈឺចាប់ ម្តងហើយម្តងទៀត។

៥. សំណូមពរឱ្យស្ថាប័នពាក់ព័ន្ធលើកលែងបទចោទចំពោះតំណាងកម្មករនិយោជិតទាំងអស់។

មតិរបស់តំណាងក្រុមហ៊ុន ណាហ្គាវើលដ៍៖

១. ថ្លែងអំណរគុណដល់ប្រធានអង្គប្រជុំ មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ត្រីរដ្ឋបាល រាជធានីភ្នំពេញ និងសមាជិកអង្គប្រជុំទាំងអស់។

២. សម្រាប់កិច្ចប្រជុំថ្ងៃនេះ ក្រុមហ៊ុនសូមធ្វើការឆ្លើយតបជាផ្លូវការទៅនឹងលិខិតរបស់សហជីពដែលដាក់ ជូនមកក្រុមហ៊ុន កាលពីថ្ងៃទី២៣ ខែមីនា កន្លងមក។ ក្រុមហ៊ុននៅរក្សាជំហរដដែលដូចដែលបានបញ្ជាក់នៅ ក្នុងកិច្ចប្រជុំកន្លងមក។ ក្រុមហ៊ុនសូមអានខ្លឹមសារ នៃលិខិតឆ្លើយតបជាផ្លូវការរបស់ក្រុមហ៊ុន ជូនចំពោះសហជីពដែលស្នើសុំឱ្យក្រុមហ៊ុនទទួលយកកម្មករនិយោជិតដែលនៅសល់ចំនួន ២០០នាក់ ចូលធ្វើការងារវិញ។

៣. ក្រុមហ៊ុនដាក់ជូនលិខិតឆ្លើយតបទៅភាគីសហជីព និងចម្លងជូនមក អគ្គលេខាធិការដ្ឋានគណៈកម្មការ សម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម នៅតាមគ្រប់មុខសញ្ញា។

៤. ក្រុមហ៊ុននៅតែរក្សាជំហរដោះស្រាយវិវាទដោយមេត្រីភាពជាមួយសហជីព ហើយក្រុមហ៊ុនស្នើសុំ ឱ្យសហជីពគួរលើកឡើង នូវដំណោះស្រាយមួយដែលអាចទៅរួចជាងសំណើបច្ចុប្បន្នរបស់ខ្លួននេះ ដើម្បីឱ្យ ក្រុមហ៊ុនយកទៅពិចារណា និងសិក្សាថាតើក្រុមហ៊ុនអាចទទួលយកបាន ឬយ៉ាងណា។

ក្រៅពីការឆ្លើយតបរបស់តំណាងភាគីនិយោជក អធិការការងារបានពន្យល់អំពីគោលការណ៍ និងខ្លឹមសារ មាត្រា៩៥ នៃច្បាប់ស្តីពីការងារ ជូនភាគីទាំងពីរជាថ្មីម្តងទៀតផងដែរ។

ក្រោយពីការពិភាក្សាគ្នាយ៉ាងផុសផុល ភាគីទាំងពីរបានឯកភាព ដូចខាងក្រោម៖

១. ភាគីទាំងពីរ នៅមិនទាន់ឈានដល់ចំណុចព្រមព្រៀងគ្នានៅឡើយទេ។

២. កំណត់កាលបរិច្ឆេទប្រជុំបន្ទាប់ នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១៤:៣០នាទី ដើម្បីឱ្យភាគីទាំងពីរមានឱកាសពិចារណាឡើងវិញ អំពីលទ្ធភាពនៃការសម្បទានគ្នាទៅវិញទៅមកដែលអាច ឈានទៅបញ្ចប់វិវាទនេះ។

ឆ្លៀតក្នុងឱកាសនេះ ក្រសួងសូមបញ្ជាក់ផងដែរថា បើទោះបីជាមិនទាន់មានការឯកភាពគ្នា ក៏ក្រសួងនឹង បន្តខិតខំធ្វើការសម្របសម្រួល និងកំណត់កាលបរិច្ឆេទប្រជុំបន្តបន្ទាប់ទៀត ស្របតាមតួនាទីដែលកំណត់ដោយច្បាប់ ក៏ដូចជាការទាមទាររបស់គូភាគី។

ជាថ្មីម្តងទៀត ក្រសួងស្នើឱ្យភាគីទាំងពីរមានការយោគយល់គ្នាខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទ ការងារនេះ, បន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធដោយសន្តិវិធី, និងថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ។ យោងតាមនីតិវិធីច្បាប់ ប្រសិនបើវិវាទការងារនេះមិនអាចស្វែងរកដំណោះស្រាយ បានដោយការផ្សះផ្សា នីតិវិធីបន្ទាប់គឺអាចបញ្ជូនទៅតុលាការ ដើម្បីរកដំណោះស្រាយចុងក្រោយ៕

អត្ថបទដែលជាប់ទាក់ទង